Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 8 May 2014

Oknha Sin Sam Ol_ Bin Heak cut tree in Mondulkiri

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   07-05-2014, 8:34 pm)

មណ្ឌលគិរី៖ប្រភេទឈើប្រណិតៗជាច្រើន ត្រូវបាន​កាប់បំផ្លាញ និង​តំរៀប​ជា​គំនរ​ក្នុងព្រៃ សហគមន៍​ភូមិ​ពូ​គង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។ វា​មិន​ត្រឹមតែ​កំពុង​បំផ្លាញ​ធម្មជាតិ​តែ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សកម្មភាព​នេះ ក៏​កំពុង​បំផ្លាញ​ឆ្នាំងបាយ​របស់​ជនជាតិ​ព្នង​ជាង៦០គ្រួសារ ក្នុងភូមិ​ពូ​គង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ផងដែរ។

ពូ​គង់​គឺជា​ឈ្មោះ​ភូមិ​មួយ ដែល​ស្ថិតក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។ ភូមិ​ពូ​គង់ មាន​ប្រជាពលរដ្ឋ​ចំនួន៦៧គ្រួសារ ដែល​សុទ្ធសឹង​ជា​ជនជាតិភាគតិច​ព្នង និង​ស្ទៀង។ ប្រជា ពលរដ្ឋ​ក្នុងភូមិ​ពូ​គង់​ពឹង​អាស្រ័យ​ផល លើ​របរ​ដួស​ជ័រទឹក បោចវ៍ល្លិ បាញ់​សត្វ ជីកឫស​ឈើ ក្នុងព្រៃ​ជាដើម។ សព្វថ្ងៃ ទីតាំង​នេះ កំពុង​រង​ការកាប់​ព្រៃឈើ​យ៉ាង​គក្រឹក​គ​ក្រែង​ពី​សំណាក់​ឈ្មួញ និង ក្រុមហ៊ុន ដែល​វិនិយោគ​លើដី​សម្បទាន​ក្បែរ​ព្រៃ​សហគមន៍​ជនជាតិ។

អ្នកភូមិ​ពូ​គង់​និយាយថា ជនអនាមិក ប្រដាប់​ដោយ​អាវុធ និង​មាន​អាជ្ញាធរ ជា​អ្នក​បើកដៃ ទើប​ធ្វើ​ឲ្យ​ឈើ​ច្បោះ​ជ័រ​ពួកគេ ត្រូវបាន​បំផ្លាញ។ ជនជាតិ​ព្នង សំដែង​ការខកចិត្ត​ចំពោះ​អាជ្ញាធរ ខណៈដែល​ពួកគេ​នាំគ្នា​ការពារ តែ​អាជ្ញាធរ​បែរជា​ឃុបឃិត​នឹង​ក្រុមហ៊ុន កាប់​ព្រៃឈើ ដែលជា​ឆ្នាំងបាយ​ដ៏​សំខាន់​របស់​អ្នកភូមិ​យ៉ាង​ដូច្នេះ។

ឈើប្រណិត ដែលមាន​មុខកាត់​តូច ធំ មាន​វាយ​លេខ​សំគាល់ និង​ខ្លះ​ដួល​រៀប​ដល់​ដី ត្រូវគេ ចូល​កាប់​អនាធិបតេយ្យ ក្នុងព្រៃ​សហគមន៍​ភូមិ​ពូ​គង់។ យោងតាម​ការឃ្លាំមើលរ​បស់​ប្រជា​ពល រដ្ឋ ឈើ​ទាំងនេះ បាន​ដឹក​ចេញពី​ព្រៃ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​ញញើត​ពី​ប្រជាពលរដ្ឋ​ជា ម្ចាស់​នោះទេ។ 
អង្គុយ​លើ​កំណាត់ឈើ​ចាស់ ដែល​គេ​ដាក់​ជា​កន្លែង​សម្រាប់​អង្គុយលេង​មុខផ្ទះ លោក វណ្ណា ខ្វើក តំណាង​សហគមន៍​ដីធ្លី​ភូមិ​ពូ​គង់ និយាយថា មួយថ្ងៃ​ទៅមួយថ្ងៃ អ្នកភូមិ​ចាប់ បាន​អ្នក​កាប់​ឈើ​ជាច្រើន​នាក់ ប៉ុន្តែ​ពួកគេ​ត្រូវបាន​លោះ​ចេញ​វិញ​បន្ទាប់ពី​បង់លុយ​ឲ្យ​អាជ្ញាធរ ។ បុរស​ជន ជាតិ​ព្នង​រូបនេះ មិន​ខ្លា​ចនឹង​លាតត្រដាង​បញ្ហា​សហគមន៍​ប្រាប់​ដល់​អ្នកកាសែត​ឲ្យ​បានដឹង នោះទេ។ លោក​ថា ការ​ល្បាត​ព្រៃរបស់​អ្នកភូមិ ហាក់​មិនមាន​ប្រសិទ្ធិភាព​ទេ ខណៈដែល​អាជ្ញាធរ បើកដៃ​និង​ឃុបឃិត​គ្នា​នឹង​ឈ្មួញ ទាំងថ្ងៃទាំងយប់ ចូល​ទ​ន្ទ្រា​ញ​ព្រៃ​សហគមន៍។

លោក វណ្ណា ខ្វើក រៀបរាប់​បន្ថែមថា៖« រាល់ថ្ងៃ​ចាប់​ហើយ​កាន់តែមក។ យើង​ចាប់​មនុស្ស មនុស្ស​នៅតែ​ចេញ ចាប់​ម៉ាស៊ីន ម៉ាស៊ីន​នៅតែ ចេញ ចឹ​ង​បាន​ថា ច្បាប់​អត់​មាន​ប្រសិទ្ធិភាព​ទេ។ ខ្ញុំ​ថា​មានតែ​រដ្ឋាភិបាល​ទេ ដែល​អាច​ទប់ស្កាត់បាន បើ​ពលរដ្ឋ​ទៅធ្វើ មានតែ​គេ​គុំ​ប្រជាពលរដ្ឋ​ទេ»។

បញ្ហា​នេះ​មិនមែនជា​រឿង​ថ្មី​ទេ ជារួម​វា​បានចាប់ផ្តើម​តាំងពី​ឆ្នាំ២០១២ ក្រោយពី​មានការ​កាប់ ឈើ​ច្បោះ​ជ័រ​របស់​ជនជាតិ។ ចំណែក​អាជ្ញាធរ​វិញ ជារឿយៗតែង​ដើរតួ​សម្របសម្រួល រវាង អ្នកភូមិ និង​ក្រុម​ឈ្មួញ ឫ​ជាមួយ​ក្រុមហ៊ុន​ជាដើម។ បើតាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ មិនបាន​តវ៉ា​ការពារ​ដីព្រៃ​ពួកគេ​ទេ តែ​គេ​តវ៉ា​ឲ្យ​អ្នកភូមិ​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ទៅវិញ។ កត្តា នេះហើយ ដែល​ធ្វើ​ឲ្យ​អ្នកខ្លះ លែង​ទុកចិត្ត​អាជ្ញាធរ និង​ស្អប់ខ្ពើម​ពួកគេ​កាន់តែខ្លាំងឡើងៗ ។

លោក វណ្ណា ខ្វើក ដែលមាន​សម្បុរ​ស្រអែម រាង​ល្អិត​បន្តិច បាន​សម្តែង​ទឹក​រៀង​ខឹង នៅពេល​និទាន​ដល់​អ្នក​កាប់​ព្រៃរបស់​អ្នកភូមិ។ លោក​ថា ភាគច្រើន​អ្នក​ដែល​ចូល​កាប់​ឈើ ហើយ​ត្រូវ​អ្នកភូមិ​ចាប់បាន​សុទ្ធ​ជា​អ្នក​មកពី​ស្រុក​ក្រៅ មិនមែន​អ្នកមូលដ្ឋាន​នោះទេ។ មាន​ខ្លះ​មកពី​ខេត្តកំពង់ស្ពឺ ព្រៃវែង កំពង់ចាម​ជាដើម ពួកគេ​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន។
ក្រុមហ៊ុន ប៊ិ​ញ ហឿ​ក ក្រចេះ​រ៉ា​ប៊ី១ របស់​វៀតណាម បានទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា លើដី សម្បទាន​សេដ្ឋកិច្ច​រយៈពេល៧០ឆ្នាំ ចំនួន៨,៩២៥ ហិកតា ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី សម្រាប់ អភិវឌ្ឍន៍​លើ​ដំណាំ​កៅស៊ូ។ សកម្មភាព​កាប់​ព្រៃរបស់​អ្នកភូមិ​ពូ​គង់ មាន​សកម្មភាព​ខ្លាំងក្លា​តាំងពី​ឆ្នាំ២០១២មក បន្ទាប់ពី​ក្រុមហ៊ុន បាន​ផ្តើម​ការសម្អាត​ព្រៃ ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​មមាញឹក​ក្នុងការ​ការពារ​ព្រៃ​ពួកគេ។
អ្នកភូមិ ​ពូ​គង់ ដែលជា​ជនជាតិ​ព្នង អះអាងថា ព្រៃ​សហគមន៍​ប្រមាណ១០គីឡូម៉ែត្រ៤ជ្រុង ត្រូវ ក្រុមហ៊ុន ប៊ិ​ញ ហឿ​ក រំលោភ និង​ចូល​កាប់​ព្រៃ ដែលជា​ព្រៃ​អភិរក្ស ព្រៃ​កប់ខ្មោច និង​ព្រៃ​ច្បោះ​ជ័រ​ពួកគេ ធ្វើ​ឲ្យ​ចំណូល​ជាច្រើន ត្រូវ​ខាតបង់។ យោងតាម​របាយការណ៍​របស់​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ហៅ​កាត់​ថា NGO Furom ការកាប់បំផ្លាញ​ព្រៃ​ច្បោះ​ជ័រ​របស់​អ្នក ភូមិ ធ្វើ​ឲ្យ​ពួកគេ​បាត់​ចំណូល​ចន្លោះ​ពី៧៥០ដុល្លារ ទៅ៩០០០ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយឆ្នាំ។

«ពីមុន​ក្នុង​មួយ​សប្តាហ៍ យើង​អាច​រក​ជ័រ​បាន​ពី២ទៅ១០កាន ហើយ​ចំណូល​បាន១០ទៅ៨០ម៉ឺន តាមច្រើន តាមតិច។ តែ​ឥឡូវ​ឈើ​ច្បោះ គេ​កាប់រំលំ​ស្ទើរ​គ្មាន​សល់»។ នេះ​បើតាម​លោក ខ្វែ យ៉ូ​ប ។

លោក ខ្វែ យ៉ូ​ប ប្រធាន​សហគមន៍​ស្រែ​ព្រះ បន្ថែមថា មិនមែន​មានតែ​ភូមិ​ពូ​គង់​ទេ ដែល​កើតមាន​បទល្មើស​ព្រៃឈើ ជារួម​ឃុំ​ទាំង៤របស់​ស្រុក​កែវ សីមា បាន​រង​ការកាប់​ព្រៃ​ស្ទើរតែ​ទាំងស្រុង ក្នុងនោះ​មាន ឃុំ​ស្រែ​ព្រះ ឃុំ​ស្រែ​ខ្ទង់ ឃុំ​ស្រែ​ឈូក និង​ឃុំ​មេ​ម៉​ង់។ទោះជា​យ៉ាងណាក៏ដោយ​លោក ខ្វែ យ៉ូ​ប ដែលមាន​វ័យ​ប្រមាណ៥០ឆ្នាំ​រូបនេះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​ព្រៃឈើ​និង​បរិស្ថាន ព្រោះ​បើតាម​ការអះអាង​របស់​លោក ច្បាប់​នេះ​គ្មាន​ប្រសិទ្ធិភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ។ ផ្ទុយទៅវិញ ច្បាប់​នេះ ធ្វើ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់លោក កើតឡើង​យ៉ាង​អនាធិបតេយ្យ។

និយាយ​ដោយ​ទឹកមុខ​ស្រពោន​លោក ខ្វែ យ៉ូ​ប បន្តថា​តាំងពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចូលមក​ភូមិ​ពេលណា ព្រៃ​យើង​ចាប់ផ្តើម​បាត់បង់​បន្តិចម្តង។ ចំណែក​ម៉ាស៊ីន​កាត់ឈើ​ដែល​ចាប់បាន មាន​បិទ​ស្លាក​សញ្ញា​រដ្ឋបាល​ព្រៃឈើ​ថែមទៀត។ លោក​សំដែង​ការហួសចិត្ត ចំពោះ​ការមិន ទទួលស្គាល់​របស់​អាជ្ញា​ធរ ដែល​ខ្វះ​សមត្ថភាព និង​រួមគ្នា​បំផ្លាញ​ធនធានធម្មជាតិ​ទៅវិញ។

ការ​គំរាម​ទាំង​ប្រើ​ពាក្យសំដី និង​អាវុធ ធ្វើ​ឲ្យ​អ្នកភូមិ​លែង​ហ៊ាន​ចូលទៅ​ល្បាត​ព្រៃ។ ការ​ដោះ លែង​ជនល្មើស​ដោយ​មិនបាន​ផ្តន្ទាទោស សុទ្ធសឹង​ជាហេតុ​ធ្វើ​ឲ្យ​អ្នកភូមិ សុខចិត្ត​នៅ​ស្ងៀម ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

ឧកញ៉ា ស៊ីន សំអុល ហៅ​អុល បើតាម​ប្រជាពលរដ្ឋ បុគ្គល​រូបនេះ​ជា​ឈ្មួញ​រកស៊ី​កាប់​ឈើ​ធំជាងគេ នៅ​ស្រុក​កែវ​ស៊ី​មា ហើយក៏​ជា​អ្នកប្រមូល​ឈើ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ប៊ិ​ញ ហឿ​ក ផងដែរ។ អ្នកភូមិ​រំលឹកថា កាលពី​ខែឧសភា ឆ្នាំ២០១៣ ខណៈដែល​ពួកគេ​ចុះ​ល្បាត​ព្រៃ ក៏​ប្រទះ​កម្មករ​ជាច្រើន​នាក់ កំពុង​ផ្តួលរំលំ​ឈើ​ច្បោះ​ពួកគេ។ នៅពេលនោះ ម៉ាស៊ីន​អា​ឈើ​ចំនួន៥គ្រឿង មាន​ផ្លាកសញ្ញា​រដ្ឋបាល​ព្រៃឈើ ត្រូវ​រឹបអូស។ នៅពេលនោះ ឧកញ៉ា អុល​រួម​និង​គ្នីគ្នា ប្រដាប់​ដោយ​កាំភ្លើង បាន​សុំ​ចរចា និង​យក​ម៉ាស៊ីន​ត្រឡប់​ទៅវិញ។ ដោយ​បារម្ភ​ពី​សុវត្ថិភាព អ្នកភូមិ​ក៏​សម្រេច​ប្រគល់​ម៉ាស៊ីន​ទាំងនោះ ទាំង​ទើស​ទល់ ជាមួយនឹង​លុយ​ចំនួន២០ម៉ឺន​រៀល។

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ នៅពេល​អ្នកកាសែត​សាកសួរ​ពីបទ​ល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន លោក ព្យើ​ប ប៉េ មេឃុំ​ស្រុក ស្រែ​ព្រះ​មិនបាន​ឆ្លើយតប​នោះទេ ផ្ទុយទៅវិញ មេឃុំ​រូបនេះ បាន​បណ្តេញ​ក្រុមអ្នកកាសែត និង​សង្គម​ស៊ីវិល ដែល​ចុះទៅ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ឃុំ​លោក ចេញ​ទាំងយប់។ យោងតាម​គ្មាន​លិខិត អនុញ្ញាត​ពី​ថ្នាក់លើ លោក ព្យើ​ប ប៉េ ថា វត្តមាន​ក្រុម​សង្គម​ស៊ីវិល និង​អ្នកកាសែត អាច​ឲ្យ​មូលដ្ឋាន​របស់លោក ជួប​ភាព​អសុ​ន្តិ​សុខ​ជាយថាហេតុ។ លោក ព្យើ​ប ប៉េ៖« ខ្ញុំ​មិនដឹង​ច្បាប់​ធម្មនុញ្ញ​អី​នោះទេ ខ្ញុំ​ដឹង​ត្រឹមតែ​អនុវត្ត​ច្បាប់​មូលដ្ឋាន​របស់ខ្ញុំ​តែប៉ុណ្ណោះ។ អត់​មាន​បញ្ជា​ពី​ថ្នាក់លើ ចូលទៅ​មិនបាន​ជាដាច់ខាត»។

បើទោះជា​មានការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​យ៉ាងណាក្តី ក៏​ក្រុម​សង្គម​ស៊ីវិល និង​
អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី២៧ ខែមេសា បាន​ព្យាយាម​ចូលទៅ​កន្លែង​ទន្ទ្រានព្រៃ​សហគមន៍​ជាថ្មី ដើម្បី​ចង់ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ដែល​ពលរដ្ឋ​អះអាងថា ត្រូវ​រង​ការបំផ្លាញ​ជា​ទម្ងន់។ ចូល​ទៅដល់​សហគមន៍​មិន​ដល់​កន្លះ​ម៉ោង​ផង អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ​ចំនួន៤នាក់ បាន​ចូល​ឃាត់ និង​រារាំង​ជាថ្មី ដោយយោង​លើ​ហេតុផល «គ្មាន​បញ្ជា​ពី​ថ្នាក់លើ»។

មន្ត្រី​អង្គការសិទ្ធិមនុស្ស បាន​ហៅ​ការហាមឃាត់​របស់​អាជ្ញា​ធរ​ខាងលើ​ថា ជាការ​បំបិទ​សិទ្ធិ សេរីភាព​អ្នកសារព័ត៌មាន​ដ៏​ធ្ងន់ធ្ងរ។ លោក វង្ស កុសល មន្ត្រី​ផ្នែក​ច្បាប់​អង្គការ​NGO Furomបាន​ថ្លែងថា ទង្វើ​របស់​អាជ្ញាធរ គឺមាន បំណង​បិទបាំង បទល្មើស​ព្រៃឈើ និង​ស្រប​ពេលដែល​ពលរដ្ឋ​កំ​ពុង ចង្អុល​ចំ​មុខ​របស់លោក។

អភិបាលរង​ខេត្តមណ្ឌលគិរី លោក យី​ម លុច បដិសេធ​មិន​ឆ្លើយបំភ្លឺ​ចំពោះ​ករណី ដែល​អាជ្ញា ធរ រារាំង​ចំពោះ​ក្រុមអ្នកកាសែត និង​សង្គម​ស៊ីវិល​នេះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់ថា នឹង​យក​បញ្ហា​នេះ ទៅ​ជម្រាប​អភិបាលខេត្ត​មណ្ឌលគិរី ឲ្យ​បានដឹង ថា​ពិតជា​បញ្ជា ឲ្យ​បិទផ្លូវ​អ្នកកាសែត​ពិត ប្រាកដ​ឫ​យ៉ាងណា​នោះ។ លោក យី​ម លុច៖« ខ្ញុំ​គិតថា លោក​អភិបាល និង​ខ្ញុំ​រាល់ថ្ងៃនេះ មិន ខុសគ្នា​ប៉ុន្មាន​ទេ ព្រោះ​រាល់ថ្ងៃនេះ​យើង​ធ្វើការ​ដើម្បី​បម្រើ ក្រោម​ការចង្អុល​របស់​រដ្ឋាភិបាល។ ហើយ​បញ្ហា​នេះ (រារាំង​អ្នកកាសែត និង​សង្គម​ស៊ីវិល) ខ្ញុំ​នឹង​ពាំ​នាំនូវ​សំណួរ​នេះ រាយការណ៍​ទៅ​គាត់ ហើយ​ខ្ញុំ​នឹង​ផ្តល់​ចម្លើយ​តាម​ក្រោយ​វិញ»។

ដោយសារ​បទល្មើស​ព្រៃឈើ​អូសបន្លាយ​ពេល​យូរ និង​ទប់ស្កាត់​មិនបាន ទើប​បង្ខំ​ឲ្យ​គ្រួសារ​ខ្លះ សម្រេច​ចូល​ព្រៃ ដើម្បី​កាប់​ឈើ​លក់​ឲ្យ​ឈ្មួញ។ លោក ឯម សុភ័ក្ត្រ មន្ត្រី​សម្របសម្រួល​ខេត្ត នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់ CLEC បន្ថែមថា អាជ្ញាធរ​បាន​ចុះ​ហាម ពលរដ្ឋ​ទាំងអស់ មិន​ឲ្យ​សហការ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចុះ​ល្បាត​ព្រៃ​នោះទេ ប្រសិន​មិន ដូច្នោះ​ទេ ពួកគេ​នឹងមាន​បញ្ហា​ជាក់​ជាមិនខាន។ លោក សុភ័ក្ត្រ៖« អាជ្ញាធរ​ចុះទៅ​ប្រាប់​ពលរដ្ឋ តាមផ្ទះមួយៗ មិន​ឲ្យ​ធ្វើការ​នឹង​សង្គម​ស៊ីវិល​ទេ បើ​មិន​ចឹ​ង គេ​នឹងមាន​វិធានការ។ ទង្វើ​នេះ ហើយ​ដែល​អ្នកភូមិ សន្និដ្ឋាន និង​ជឿជាក់ថា អាជ្ញាធរ និង​ក្រុម​ឈ្មួញ​កាប់​ឈើ គឺ​គ្នា​តែមួយ»៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567