Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 30 July 2013

Ya Yoeun_PM Rattanakiri_logging

ខេត្តស្ទឹងត្រែង ៖ ដោយមាន​ ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គេ​សង្កេតឃើញ​ក្រុមអធិការកិច្ច ក្រោម​ការដឹកនាំ​របស់​លោក នាង សុ​ជីវី  បាន​ចុះ​ស៊ើបអង្កេត ​សំណុំរឿង​លោក​អនុ​សេនី​យ៏​ឯក យ៉ា យឿន អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន ដែល​ជាប់​ពាក់ព័ន្ធ ករណី​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង ។

មន្ត្រី​ដែល​ស្និទ្ធ​នឹង​ប្រតិបត្តិការ​នេះ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ ក្រុមអធិការកិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៏ នាង សុ​ជីវី បាន​ចុះ​សួរនាំ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ករណី​លោក យ៉ា យឿន មន្ត្រី​កងរាជអាវុធហត្ថ និង​អតីត​ជា​មេបញ្ជាការ​ស្រុក​សេសា​ន ដែល​ជាប់​ពាក់ព័ន្ធ​រកស៊ី​ឈើ​គ្រញូង និង​ស្តុក​ឈើ​គ្រញូង​រាប់សិប​តោន​ដោយ​ខុសច្បាប់​ក្នុង​លំនៅដ្ឋាន របស់ខ្លួន ក្រោមលេស​ជួល​ឲ្យ​ឈ្មួញ​ដទៃ​។​

កម្លាំងចម្រុះ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា បាន​ចុះទៅ​ឡោមព័ទ្ធ​និង​ឆែកឆេរ ទីតាំង​ស្តុក​ឈើ​គ្រញូង​ដែល​គេ​ស្គាល់​ថា​ជា​ផ្ទះ របស់លោក យ៉ា យឿន ច្រើនលើកច្រើនសារ​រួចមកហើយ ដោយសារតែ​ផ្ទះសំណាក់​របស់លោក យ៉ា យឿន ធ្លាប់​ត្រូវបាន​ជួល​ឲ្យ​ក្រុម​ឈ្មួញ​ប្រើប្រាស់​ជាទី​តាំង​ស្តុក​ឈើ​គ្រញូង ​ខុសច្បាប់ ហើយ​បើ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​គឺ​លោក យ៉ា យឿន មិនអាច​គេចវេះ​ពី​ការទទួលខុសត្រូវ ពាក់ព័ន្ធ​ការ​សមគំនិត​ឲ្យ​មានការ​ស្តុក​ឈើ និង​ជួញដូរ​ឈើ​ខុសច្បាប់​នោះទេ​។​

ការឆែកឆេរ​ផ្ទះ​ចំនួន​២​កន្លែង ដែលមាន​ទីតាំងនៅ​ចំណុច​ភូមិ​លើ សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹងត្រែង ដោយ​រកឃើញ​ឈើ​គ្រញូង​ចំនួន​៤៧៤​ដុំ ស្មើនឹង​៨៩២៦​គីឡូក្រាម គឺ​ជិត​៩​តោន ដែល​ឈើ​គ្រញូង​ទាំងនេះ ត្រូវបាន​ប្រភព​បង្ហើប​ឲ្យ​ដឹងថា​ជា​របស់លោក យ៉ា យឿន ហើយ​ខណៈដែល​កម្លាំងចម្រុះ​ទៅ​ឆែកឆេរ​នោះ លោក យ៉ា យឿន មិនមាន​វត្ត​មាននៅ​ទីនោះ​ទេ ដែល​គេ​សង្ស័យថា​បាន​រត់គេចខ្លួន​។ ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក យ៉ា យឿន គឺជា​ជើង​ខ្លាំង​ក្នុង​ការរកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ទៅហើយ ក្នុង​ខេត្តស្ទឹងត្រែង ចាប់តាំងពី​លោក យ៉ា យឿន កាន់តំណែង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​សេ​សាន​មកម្ល៉េះ ។​

ជាធម្មតា​លោក យ៉ា យឿន បាន​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រំដែន​ឡាវ ក្នុងស្រុក​សៀម​ប៉ាង ឬ​ដឹក​ចេញពី​ស្រុក​សេ​សាន និង​តាម​ផ្លូវទឹក​ឬ​តាម​ផ្លូវគោក ចុះមក​ទី​រួម​ខេត្តស្ទឹងត្រែង ដើម្បី​បញ្ជូនមក​ស្តុក​ទុក​នៅ​ក្នុងផ្ទះ​របស់គាត់ ហើយ​បាន​បន្ត​ដឹក​ទៅ​លក់ នៅ​វៀតណាម តាម​រថយន្ត​ទំនើបៗ​មានដូចជា​បា​ឡែ​ន ឡង់​គ្រី​ស័​រ និង​កាមរី គូថ​ហើម ហើយ​ជំនួញ​រកស៊ី​ឈើ​ខុសច្បាប់​របស់លោក យ៉ា យឿន ពោរពេញ​ដោយ​បទពិសោធន៍​និង​បច្ចេកទេស​ខ្ពស់ ដែល​សមត្ថកិច្ច​ល្មមៗ​មិន​ហ៊ាន​ប៉ះពាល់​ទេ​។

សកម្មភាព​របស់លោក យ៉ា យឿន កំពុង​បង្ហាញ​ឲ្យ​ឃើញថា ការប្រើ​ស្បែក​ជា​កងរាជអាវុធហត្ថ ទៅរក​ស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ ឬ​ឃុបឃិត​ឲ្យ​មានការ​ស្តុក​ឈើ​ខុសច្បាប់ គឺជា​កំហុសឆ្គង​ដ៏​ធំ​មួយ​ដែល​ថ្នាក់លើ មិនគួរ​មើលរំលង​នោះទេ ព្រោះ​ច្រើន​ឆ្នាំ​មកហើយ ដែល​លោក យ៉ា យឿន បាន​ពាក់ព័ន្ធ​ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់ ។ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ លោក យ៉ា យឿន អាច​ត្រូវ​ទទួលពិន័យ ឬ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ​ឬក៏​យ៉ាងណា បន្ទាប់ពី​ប្រតិបត្តិការ​នេះ ៕
251 Hong-0358-396x300