Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Hydro Power Dam

ទំនប់វារីអគ្គិសនី ដនសាហុង របស់ឡាវ គំរាមកំហែង ដល់ជីវិតសត្វផ្សោត ទន្លេមេគង្គកម្ពុជា

(ថ្ងៃទី 19 កុម្ភៈ 2014, ម៉ោង 08:49:AM) | ដោយ: កូឡាប
ក- ក+ | Print
 5 Google +0  0  0  0
ភ្នំពេញ: របាយការណ៍​សង្ខេប​ថ្មី​មួយ របស់​អង្គការ WWF បាន​ព្រមាន​ថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ឡាវ​ ថានឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែលមាន​ទីតាំងនៅ​ភាគខាងត្បូង ប្រទេស​ឡាវ អាច​នឹង​ជំរុញ​ឲ្យ​សត្វ​ផ្សោត ដែលជា​ប្រភេទ​សត្វ រងគ្រោះ ថ្នាក់ ជិត​ផុត​ពូជ​ដំបូង​នោះ កាន់តែ​ឈានទៅ​បាត់បង់ពី​ទន្លេមេគង្គ​។ ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែមួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ នៅ​ខាងលើ​ទីជម្រក​ស្នូល​របស់​សត្វ​ផ្សោត​។​

​របាយការណ៍ WWF នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ បាន​លើកឡើងថា បើ​យោង តាម​របាយការណ៍​ស​ង្ខេ​ប​ថ្មី​មួយ​នេះ ក្រុម​អ្នក​សាងសង់​ទំនប់​វា​រី​អគ្គិសនី គ្រោង​នឹង​បំបែក​ថ្មី​ក្នុង​ទន្លេ ក្នុង​បរិមាណ​រាប់លាន​តោន ដោយ​ប្រើប្រាស់​រំសេវ​ផ្ទុះ ដែល​គ្រោង​បង្កើត​ឲ្យ​មាន​រលក​សំឡេង​ខ្លាំង ជា​កត្តា​អាច​នឹងធ្វើ​ឲ្យ​សត្វ​ផ្សោត​ងាប់​បាន ព្រោះ​ប្រព័ន្ធ​ទទួល​រលក​សំឡេង​របស់​សត្វ​ផ្សោត មាន​លក្ខណៈ​ងាយ​ប្រឈម​នឹង​ការរំខាន​ណាស់​។ ការកើតឡើង​នៃ​ចរាចរ​ទូក បំរែបំរួល​នៃ​គុណភាព​ទឹក និង​ការ​ខូ​ត​ខាត​ទីជម្រក សុទ្ធសឹង​ជា​ហានិភ័យ​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​ផ្ទាល់​ដល់​សត្វ​ផ្សោត ស្រប​ពេលដែល​ហេតុ​ប៉ះពាល់ ដោយ​ប្រយោល រួមមាន​ការរំខាន់ ពី​សំណាក់​សកម្មភាព​មនុស្ស និង​ភាព​តប់ប្រមល់​របស់​ស​ត្វ​នេះ មក​បូក​ផ្សំគ្នា​បន្ថែមទៀត​។​

​លោក​ឈិ​ត សំអាត នាយក​អង្គការ WWF  បាន​មានប្រសាសន៍ថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង នៅត្រង់​ច្រក​មួយ ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងលើ ចំ​ពីលើ​តំបន់​សត្វ​ផ្សោត​រស់នៅ អាច​នឹង​ព​ន្លឿ​ន​ការបាត់បង់ របស់​សត្វ​ផ្សោត ប្រភេទ​នេះ​ពី​ទន្លេ មេគង្គ​។ ហេតុ​ប៉ះពាល់ នៃ​ទំនប់​វា​រី​អគ្គិសនី​នេះ ទៅលើ​សត្វ​ផ្សោត ប្រហែល​មិនអាច​កាត់បន្ថយ​បានទេ ជាពិសេស​បើ​ផ្អែកលើ​ផែនការ គ្មាន​ច្បាស់លាស់ និង​ប្រកបដោយ​កង្វះ​ខាង​ព័ត៌មាន ដែល​ក្រុម​អ្នក​សាង់សង់ បាន​សរសេរ​ឡើង ជា​ផ្នែក​មួយ​នៃ​ការវាយ តម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន​របស់​គ​ម្រោ​ង​នេះ​។ យើង​សូម​សំណូមពរ​យ៉ាង​ទទួល​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្នើសុំ​ឲ្យ​មានការ​ផ្អាក​ការសាងសង់​ទំនប់​ដន​សា​ហុង​នេះ នៅក្នុង​ឱកាស​ជំនួប​កំពូល រវាង​ប្រមុខរដ្ឋ ក្នុង​ក្របខ័ណ្ឌ​នៃគណៈ កម្មការ ​ទន្លេមេគង្គ នា​ខែមេសា​ខាងមុខនេះ​។​

​សត្វ​ផ្សោត​ទឹកសាប​ ទន្លេមេគង្គ ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ ហើយ​ចំនួន​របស់​វា បាន​ធ្លាក់​មក​នៅ​ប្រមាណ ៨៥ ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅក្នុង​ទីជម្រក តាម​បណ្តោយ​ទន្លេមេគង្គ មាន​ចំងាយ ១៩០ គីឡូម៉ែត្រ នៅ​ចន្លោះ​ភាគ​ខាង​ប្រទេស​ឡាវ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ស្រប​ពេលដែល​សត្វ​ផ្សោត​ទាំងនេះ បាននិង កំពុង​តែ​រង​ការគំរាមកំហែង ពី​ការជាប់​មង​ដោយ​ចៃដន្យ ព្រមទាំង​អត្រា​រស់រាន​របស់​កូន​ផ្សោត មានកំ​រិត​ទាប រួចទៅហើយ សម្ពាធ​បន្ថែ​មណា​ផ្សេងទៀត​នោះ មកលើ​ជីវិត​របស់​សត្វ​នេះ នឹង​នាំមក​នូវ​ការបាត់បង់​ចំនួន​របស់​វា​ទាំងស្រុង​។​

​លោក​សំអាត បាន​និយាយទៀតថា សត្វ​ផ្សោត កំពុង​ទទួលរង​សម្ពាធ​ដ៏​ធំធេង​ណាស់ ប៉ុន្តែ​យើង​នៅតែមាន​សង្ឃឹម ដរាបណា ពួកវា​នៅមាន​ជីវិត​រស់នៅ​។ ក៏ប៉ុន្តែ​ក្រុម​អ្នក​សាងសង់​ទំនប់ បានបង្ហាញ​គោលជំហរ​មិន​ច្បាស់លាស់ តាមរយៈ​ការវាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន ដែល​ខ្លួន​បានធ្វើ​ពាក់ព័ន្ធ​នឹង​ការ​ដែលថា ចំនួន​សត្វ​ផ្សោត កំពុងតែ​ប្រឈម​នឹង ភាព​ងាយ​រងគ្រោះថ្នាក់​ស្រាប់​ទៅហើយ ដូច្នេះហើយ​គេ​មិនគួរ​ដាក់​សម្ពាធ​បន្ថែម តាមរយៈ​ការសាងសង់​ទំនប់​នេះ​ទៀត និង​មិន​ធ្វើ​អ្វី​ផ្សេង ក្រៅតែពី​បញ្ចប់​ជោគវាសនា របស់​សត្វ​ផ្សោត​ទាំង​នោះទេ​។​

​លោក Gerry Ryan ជា​ទីប្រឹក្សាបច្ចេកទេស​នៃ​អង្គការ WWF និង​ជា​អ្នកនិពន្ធ​របាយ ការណ៍​សង្ខេប បាន​និយាយថា វា​នៅ​មិនទាន់​យឺត​ពេល​ទេ សម្រាប់​ការផ្អាក​គម្រោង​សាងសង់​ទំនប់ ដន​សា​ហុង​នេះ ហើយ​ងាក​មក​ពិចារណា លើ​ជម្រើស​ដទៃ​ផ្សេងទៀត ជំនួស​វិញ​។ ការបញ្ឈប់​ការសាងសង់ ទំនប់​វា​រី​អគ្គិសនី​នេះ នឹងមិន​ធ្វើ​ឲ្យ​មានការ​ខូ​ច ខាត ដល់​ការអភិវឌ្ឍន៍ ឬ​លទ្ធផល​ក្នុង​ការផលិត​អគ្គិសនី របស់​ប្រទេស​ឡាវ​ឡើយ ក៏ប៉ុន្តែ​ការសាងសង់​ទំនប់​នេះ ប្រាកដជា​នឹងធ្វើ​ឲ្យ​សត្វ​ផ្សោត​របស់​ប្រទេស​នេះ ផុត​ពូជ​ទាំងស្រុង និង​គំរាមកំហែង​ធ្ងន់ធ្ងរ ដល់​ធនធាន​ជលផល​ដ៏​ចាំបាច់ សម្រាប់​ប្រជាជន និង​ជាតិ​ខ្លួន​។​

​លោក Ryan បាន​និយាយ​បន្តទៀតថា វិស័យ​ទេសចរណ៍ មើល​សត្វ​ផ្សោត គឺជា​កត្តា​ដ៏​ចម្បង​មួយ ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ ជីវភាព​របស់​ប្រជាជន មានការ​រីកចម្រើន តាម រយៈ​ការផ្តល់​ឱកាស​ការងារ​ច្រើន​ប្រភេទ ដែល​ផ្តល់​ជា​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​។ វា​ជាការ​ជាក់ស្តែង​ណាស់​ដែលថា ការជួយ​សង្គ្រោះ​សត្វ​ផ្សោត គឺ​មានន័យថា ជាការ​អភិវឌ្ឍន៍​ដ៏​ឈ្លាសវៃ​។​

​ សូមបញ្ជាក់ថា គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង ដែល​បានគ្រោង​ធ្វើឡើង គឺ​ស្ថិតនៅ លើ​តួ​ទន្លេមេគង្គ នៅក្នុង​តំបន់​ស៊ីផា​ន់​ដន ភាគខាងត្បូង​ប្រទេស​ឡាវ នៅ​ជិត ២ គីឡូម៉ែត្រ ខាងលើ​ខ្សែទឹក​នៃ​ព្រំដែន​ឡាវ​-​កម្ពុជា​។ ទំ​បន់​នេះ មាន​កំពស់ ពី ៣០ ទៅ ៣២ ម៉ែត្រ និង​ផលិត​អគ្គិសនី ពី ២៤០ ដល់ ៣៦០ មេ​ហ្គា​វ៉ា​ត់ ដែល​ភាគច្រើន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​កម្ពុជា​។ វា​រី​អគ្គិសនី​នេះ គឺ​សាងសង់ឡើង ដោយ​ក្រុមហ៊ុន Mega First Corporation Berhad (MFCB) គឺជា​ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ម៉ាឡេស៊ី​។ ទំនប់​នេះ មុខជា​គំរាមកំហែង​ដល់​ជលផល​នេសាទ ពាណិជ្ជកម្ម និង​ការ​ចិញ្ចឹមជីវិត​ដ៏​សំខាន់​ក្រៃលែង ក៏ដូចជា ភោគទ្រព្យ​ជីវសាស្ត្រ និង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​តំបន់​នេះ​ផងដែរ​។ លើសពីនេះ​ទៀត ដោយ​ធ្វើ​ឲ្យ​ខូចខាត ដល់​ហ្វូង​សត្វ​ផ្សោត អ៊ី​រ៉ា​វ៉ាត​ឌី (Irrawaddy) និង​ត្រី​របស់​កម្ពុជា មាន​ប្រមាណ​ជាង ២០០ ប្រភេទ ដែល​បាន​បំលាស់​ទី ឡើងទៅ​ខាងលើ ចុងក្រោយ​នៅក្នុង​ប្រទេស​ឡាវ ក៏ដូចជា ការ​បង្វែរ​ទឹក​ពី​ល្បាក់ទឹក ផា​ផេង ទំនប់​ដន​សា​ហុង អាចធ្វើ​ឲ្យ​ខូ​ត​ខាត​ដល់​កំណើន​ប្រជាប្រិយភាព​តំបន់​នេះ ដែលជា​តំបន់​គោលដៅ​ទេសចរណ៍​មួយ​។ ការសង់​សង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង គឺ​វា​ជាការ​គំរាមកំហែង​មួយ ដល់​ដង​ទន្លេមេគង្គ និង​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ជាង ៦ លាន​នាក់ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​៕V​/s

គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង ដែល​បានគ្រោង​ធ្វើឡើង គឺ​ស្ថិតនៅ លើ​តួ​ទន្លេមេគង្គ នៅក្នុង​តំបន់​ស៊ីផា​ន់​ដន ភាគខាងត្បូង​ប្រទេស​ឡាវ នៅ​ជិត ២ គីឡូម៉ែត្រ ខាងលើ​ខ្សែទឹក​នៃ​ព្រំដែន​ឡាវ​-​កម្ពុជា
លោក​ឈិ​ត សំអាត នាយក​អង្គការ WWF  (រូបកណ្តាល, រូបថត៖ឯកសារ)
- See more at: http://www.cen.com.kh/localnews/show_detail/143?token=ZjM0NmQ4Ym#sthash.9HF2Hlmk.dpuf

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567