Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 17 August 2014

Rosewodd business in Udarmeanchey province

គ្រួសារ​មួយ​កំពុង​លីម៉ា​ស៊ីន​អារ​ឈើ និង​ស្បៀង​ឡើង​លើ​ភ្នំ​ដង​រែក​ក្នុង​ខេត្ត​ឧត្ត​មាន​ជ័យ​ដើម្បី​រក​ឈើ​ប្រណីត​កាល​ពី​សប្តាហ៍​មុន​។​ រូបថត ហេង ជីវ័ន
គ្រួសារ ​មួយ​កំពុង​លីម៉ា​ស៊ីន​អារ​ឈើ និង​ស្បៀង​ឡើង​លើ​ភ្នំ​ដង​រែក​ក្នុង​ខេត្ត​ឧត្ត​មាន​ជ័យ​ដើម្បី​រក​ឈើ​ ប្រណីត​កាល​ពី​សប្តាហ៍​មុន​។​ ហេង ជីវ័ន

ក្រអត់​អី​ហូប ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តែ​យក​ជីវិត​ទៅ​ប្តូរ​ឈើ​គ្រញូង

អ្នកស្រី សួន សុគន្ធ (ជា ឈ្មោះ​ដែល​ដាក់​ឲ្យ) បាន​ចាប់​ផ្តើម​វេច​បង្វេច​បាយ​និង​ឧបករណ៍​របស់​ខ្លួន ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រឹក​ព្រលឹម ដើម្បី​ទៅ​កាប់​ឈើឬ​ក៏​ជីក​គាស់​គល់​ឈើ ដោយ​ពុំ​បាន​កំណត់​គោល​ដៅ​ច្បាស់​លាស់​ ឬ​ថា​តើ​អ្នកស្រី​ និង​ក្រុម​គ្រួសារ​នឹង​ត្រូវ​ដើរ​រក​ឈើ​នៅ​លើ​ទឹក​ដី​ខ្មែរ ឬ​ក៏​ត្រូវ​ឆ្លង​ដែន​ទៅ​ថៃ​ និង​ពុំ​បាន​កំណត់​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​ឡើយ ដោយ​អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​អំណោយ​ផល។
គ្រួសារ​អ្នក​ស្រី​សុគន្ធ ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ ព្រៃវែង ហើយ​សព្វថ្ងៃ​រស់​នៅ​ក្នុង​ឃុំ​មួយ​នៃ​ស្រុក​អន្លង់​វែង​ខេត្ត​ ឧត្តរមានជ័យ ​បាន​ចាប់​យក​មុខ​របរ​គាស់​គល់​ឈើ ឬក៏​កាប់​ឈើ​គ្រញូង​តាំង​ពី​ឆ្នាំ ២០០១ មក​ហើយ​ក៏​បាន​ជួប​ប្រទះ​នូវ​ការ​គំរាម​កំហែង ​និង​ការ​បាញ់​ប្រហារ​ស្ទើរតែ​រាប់​មិន​អស់ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ​និង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​ពេល​ដែល​គ្រួសារ​អ្នក​ស្រី ចូល​ទៅ​ក្នុងព្រៃ​ ដើម្បី​រក​គល់​ឈើ​ប្រណីត​ឬក៏​ឈើ​គ្រញូង​នៅ​ប្រទេស​ថៃ។
អ្នកស្រី សុគន្ធ បាន​និយាយ​រៀប​រាប់ ខណៈ​កំពុង​វេច​សម្ពាយ​ដែល​មាន​បាយ អង្ករ​ឆ្នាំង​ត្រី​ងៀត​និង​សម្ភារ​ផ្សេងៗ ដើម្បី​ឡើង​ទៅលើ​ភ្នំ​ ដងរែក ថា៖ «ប្រសិន​បើ​យើង​ប្រទះ​ឃើញ​គល់​ឈើ នៅ​លើ​ទឹក​ដី​យើង គឺ​យើង​នឹង​មិន​ប្រថុយ​គ្រោះ​ថ្នាក់​ទៅ​រក​គ្រញូង​នៅ​ទឹកដី​ថៃ​ទេ។ ប៉ុន្តែ​យើង​បន់​ឲ្យ​រក​ឃើញ​គល់ឈើ​ប្រណីត​នៅ​ក្នុង​ទឹក​ដី​យើង​ច្រើន​ជាង ពីព្រោះ​ យើង​មិន​ចង់​ប្រថុយ​គ្រោះ​ថ្នាក់​​ចូល​ទៅ​ទឹក​ដី​ថៃ​ទេ»។
អ្នកស្រី សុគន្ធ បាន​ប្រកប​របរ​នេះ ដោយ​ពឹង​លើ​សំណាង ​ដោយ​ពុំ​មាន​ការ​សហការ ជា​មួយ​មន្ត្រី​នៅ​តាម​ព្រំដែន ដូច​ក្រុម​ដែល​ស្វែង​រក​ឈើ​ប្រណីត​ផ្សេង​ទៀត​នោះ​ឡើយ។
«ក្រុម​របស់​យើង ដែល​មាន​គ្នា​បីនាក់​ គឺ​មិន​ចង់​ឆ្លង​ដែន​ទៅ​ថៃ​ទេ ពីព្រោះ​វា​ជា​ការ​យក​ជីវិត​ទៅ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់។ ប៉ុន្តែ​យើង​មិន​ចង់​វិល​ត្រឡប់​មក​ផ្ទះវិញ​ ដោយ​ដៃ​ទទេ​នោះ​ទេ ពីព្រោះ​កូន​ៗ​របស់​យើង​ ដែល​រង់​ចាំ​នៅ​ផ្ទះ​ត្រូវ​ការ​អាហារ»។
កម្ពុជា​ចុង​សប្តាហ៍​បាន​រួម​​ដំណើរ​ជា​មួយ​ក្រុម​របស់​អ្នក​ស្រី​សុគន្ធ​ ឡើង​ទៅ​លើ​ភ្នំ​ដងរែក​កាល​ពី​សប្តាហ៍​មុន។
ពួក​គេ​កំពុង​លើក​តម្រៀប​បន្ទះ​ឈើ​ប្រណីត​​ដែល​ទើប​អារ​ច្រៀក​រួច​។​ រូប​ថត ហេង ជីវ័ន
ពួក​គេ​កំពុង​លើក​តម្រៀប​បន្ទះ​ឈើ​ប្រណីត​​ដែល​ទើប​អារ​ច្រៀក​រួច​។​ ហេង ជីវ័ន
នៅខណៈដែល​ឡើង​ដល់​កំពូល​ភ្នំដង​រែក ពេល​ខ្លះ ក្រុម​អ្នក​ស្រី​សុគន្ធ មិន​អាច​កំណត់​បាន​ថា តើ​កន្លែង​ណា​ជា​ទឹក​ដី​ខ្មែរ ឬ​ក៏​ជា​ទឹក​ដី​ថៃ​នោះ​ទេ ដោយ​សារ​តែ​ពុំ​មាន​អ្វី​សម្គាល់។ ទោះ​យ៉ាង​ណា ​ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការត់​គេច​ខ្លួន​ បើ​ទោះ​បី​ជា​ត្រូវ​គ្រ​វាត់​ចោល​អ្វី​គ្រប់​យ៉ាង​ក៏​ដោយ​ គឺ​ធ្វើ​យ៉ាង​ណា​រត់​ឲ្យ​​រួច​មក​ដល់​ទឹក​ដី​ខ្មែរ​វិញនៅ​ពេល​ជួប​ទាហាន​ថៃ។
អ្នក​ស្រី​សុគន្ធ ធ្លាប់​បាន​​ប្រទះ​ឃើញ​សាក​សព​ពលរដ្ឋខ្មែរ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ នៅ​រាយ​ប៉ាយ​ក្នុង​​ព្រៃ។ អ្នក​ដែល​ស្លាប់​នោះ​ភាគច្រើន គឺជា​អ្នក​ដែល​ទើប​តែ​មក​ប្រកប​របរ​នេះ​ដោយ​ពុំ​ទាន់​ដឹង​ពី​ភូមិ​សាស្ត្រ​ ច្បាស់​លាស់​ឬ​ក៏​វិធី​សា្រស្ត​ក្នុង​ការ​រត់​គេច។
នៅខណៈ​កំពុង​ដើរ​រុក​រក​ឈើ​ក្រុម​អ្នកស្រី​សុគន្ធ បាន​ប្រទះ​ឃើញ​គល់​ឈើ​បេង​និង​ធ្នង់​ពីរ​ដើម។ «យើងត្រូវ​ចំណាយ​ពេល​ ២ ថ្ងៃ​ជីក​ដី​ក្រឡឹងគល់​ឈើ​នេះ​ដើ​ម្បី​​អាច​អារ​វា​បាន ហើយ​នៅពេល​ដែល​យើង​ស្ពាយ​ឈើ​នេះ​ចុះ​ពីលើ​ភ្នំ ទៅ​ដល់​ចង្កេះ​ភ្នំ ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នោះ​ យើង​ត្រូវ​ចំណាយ​លុយ​ស្ទើរ​ ៧០​ ភាគ​រយ​ទៅ​ឲ្យ​​ទាហាន ​ដែល​រង់​ចាំ​នៅ​ខាង​ក្រោម​ ចំនួន ៦ កន្លែង ក្នុង​មួយ​កន្លែង​គេ​យក​១ ម៉ឺន​រៀល។ ដូច្នេះ យើង​សល់​លុយ​តិច​តួច។ ពេល​ខ្លះ​យើង​លក់​ឲ្យ​ពួក​គេ ដើម្បី​គេច​ពីការ​រឹបអូស​យក​របស់​យើង»។
ក្រោយ​ពី​យក​ម៉ូតូ​ ទៅ​លាក់​ទុក​នៅ​កណ្តាល​ព្រៃ​តាម​ចង្កេះ​ភ្នំ ដើម្បី​បន្ត​ដំណើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំដង​រែក​ ដើរ​រក​គល់​ឈើឬក៏​ឈើ​ដែល​ត្រូវ​កាប់​នោះ​ លោក សួន សុង(ឈ្មោះ​ដាក់​​ឲ្យ) រស់​នៅ​ក្នុង​សង្កាត់​មួយ ​នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ​ថ្លែង​ថា ជីវិត​អ្នក​រក​ស៊ីឈើ គឺ​ប្រ​ថុយ​នឹងគ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដោយសារ​តែ​របរ​នេះ គឺ​ជា​របរ​ខុស​ច្បាប់។ ពួក​លោក​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​ ជា​ពិសេស​នៅ​ពេល​ដឹង​ថា​ ​បាន​​ឆ្លង​ដែន​ចូ​ល​​ទឹក​ដី​ថៃ​។
«នៅ​ពេល​ថ្ងៃ​ យើង​ដើរ​គន់​គូរ​​រក​ឈើ ហើយ​នៅពេល​យប់​ យើង​ចាប់​ផ្តើម​រំលំ​ឈើ​ ដែល​​យើង​រក​ឃើញ​ពីថ្ងៃ។ គ្នា​យើង​បីនាក់ ​គឺ​ចែក​គ្នា​រំពៃ​មើល​គ្រប់​ច្រក នៅ​ពេល​កំពុង​សម្រុក​អារឈើ។ ឲ្យ​តែ​ឃើញ​អ្វី​ប្លែក​គឺ​យើង​ទម្លាក់​អ្វីៗ ​ចោល​ទាំង​អស់​គឺ​នាំ​គ្នា​រត់​រក​តែ​ព្រះ​អាយុ​ប៉ុណ្ណោះ ហើយ​ជួន​កាល ​យើង​រត់​ត្រ​បាញ់​ជើង​គ្នា​ដោយសារ​តែ​ស្រមោល​គ្នា​ឯងក៏មាន»។​
បុរសមាន​បទពិសោធ រុក​រក​ឈើ​ប្រណីត​ជាង ១០ ឆ្នាំរូប​នេះ បាន​ថ្លែង​ខណៈ​កំពុង​ស្ថិត​នៅ​កណ្តាល​ព្រៃ​ក្នុង​ទឹក​ដី​ថៃ​ថា អ្នក​រក​ស៊ី​ឈើ គឺ​បន់​ឲ្យ​តែ​មាន​ភ្លៀង​ខ្លាំង ពីព្រោះ​ពេល​ណា​មាន​ភ្លៀង​គឺ​មាន​សុវត្ថិភាព​បំផុត ក្នុង​ការ​កាប់​ឈើ។
«ពេល​មាន​ភ្លៀង​ ទាហាន​ថៃ​គេ​មិន​ចេញ​មក​ល្បាត​ព្រៃ​ទេ។ សម្រាប់​យើង យើង​មិន​គិត​ភ្លៀង​រងា​អី​ទេ​ គឺ​យើង​គិត​តែ​ម្យ៉ាង​ ធ្វើ​យ៉ាងណា​កាប់​ឈើ​ឲ្យ​លឿន​បំផុត​ដើម្បី​ជញ្ជូន​ឈើ​ចេញ​ដល់​ទឹក​ដី​យើង នោះ​គឺ​យើង​មាន​ជីវិត​រស់​មួយ​ថ្ងៃ​ទៀត​ហើយ»។
ការយកជីវិត​ទៅ​ប្តូរ​ជាមួយ​នឹង​ឈើ​ប្រណិត ដែល​អាច​ស្ពាយ​តាម​ខ្លួន​បាន យ៉ាងច្រើន​បំផុត​ពី ៦០ ទៅ ៧០ គីឡូ​ក្រាម​នោះ គឺ​ពួក​គេ​អាច​រក​ប្រាក់​បាន​ក្នុង​មួយ​ជើង មិន​លើស​ពី​ ៧០ ​ទៅ​ ៨០ ដុល្លារ​នោះ​ទេ​ ដោយ​សារ​តែ​ទាហាន​ខ្មែរ ​គេ​ចាំ​ទិញ​ឈើ​នៅ​ចង្កេះ​ភ្នំ ក្នុង​តម្លៃ​ថោក​ហើយ​ជួន​កាល ទាហាន​ទាំង​នោះ ​​រឹប​អូស​យក​ឈើ​ទាំងអស់​ក៏​មាន បើ​អ្នក​កាប់​ឈើ​ចង់​ស្ពាយ​ឈើ​ទៅ​ផ្លូវ​ផ្សេង។
លោក សុង ត្អូញត្អែរ​ថា៖​«យើង​លំបាក​គ្រប់​សព្វ​បែប​យ៉ាង​រហូត​មាន​ពេល​ខ្លះ ​អត់បាយ ២ ថ្ងៃ​ក៏​មាន តែ​អ្នក​ដែល​ចំណេញ​ច្រើន​គឺ​ជា​ឈ្មួញ​ឬ​ក៏ម្ចាស់​សិប្បកម្ម»។
អ្នកកាប់ឈើ ភាគ​ច្រើន​មិន​មាន​ឱកាស​បាន​ដេក​ទេ ប៉ុន្តែ​បើ​មាន​ឱកាស​បាន​ដេក គឺ​ត្រូវ​ដេក​ឆ្លាស់​វេន​គ្នា ដោយ​មាន​អ្នក​នៅ​ចាំ​យាម​ព្រោះ​ខ្លាច​ទាហាន​ថៃ​មក​បាញ់​សម្លាប់។​ បើទោះបី​ជា​ពេលខ្លះ ពួក​គេ ត្រូវ​ទាហាន​ថៃ​ដេញ​បាញ់ ឬ​​ឃើញ​ទាហាន​ថៃ​បាញ់​អ្នក​ផ្សេង ​នៅ​នឹង​ភ្នែក​​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ប្រកប​រប​រដែល​មាន​គ្រោះ​ថ្នាក់​នេះ​ដដែ​​ល ដោយ​ពួក​គេ​និយាយ​ថា គ្មាន​ជម្រើស​​។
លោក​សុង ​បញ្ជាក់​ថា៖«បើយើង​មិន​រក​បាន​អី​ហូប។ គ្មាន​អ្នកណា​ម្នាក់​ចង់​យក​ជីវិត​ទៅ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​បែប​នេះ​ទេ​​ យើង​វេទនា ប៉ុណ្ណឹង​ហើយ នៅ​តែ​គ្មាន​អ្នក​ណា​គេ​យល់​យោគ​យើង​ទៀត»។
ក្រៅពី​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ពី​សំណាក់​ទាហាន​ថៃ អ្នក​ផ្សង​ព្រេង​កាប់​ឈើ ក៏​​ប្រឈម​​យ៉ាង​ខ្លាំង​ ទៅ​នឹង​ជំងឺ​គ្រុន​ចាញ់​ផង​ដែរ ដោយ​សារ​​មូសខាំ នៅ​កណ្តាល​ព្រៃនិង​ការ​ផឹក​ទឹក​ដែល​ដង​ចេញ​ពី​កូន​ថ្លុក​តូចៗ​ក្នុង​ព្រៃ ដោយ​ពុំ​បាន​ចម្អិន។
លោក សុង ​បន្ត​ថា៖«បើ​គេ​មិន​មក​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ គេ​នឹង​មិន​ជឿ​ទេ​ ថា​យើង​ធ្វើ​បាន​ជាមួយ​នឹង​ការ​ស្ពាយ​ឈើ​ធ្ងន់​ឡើង​ចុះ​កាត់​ភ្នំបាន​យ៉ាង​ ដូចម្តេច»។
កំពុង​តែ​ជីក​កកាយ​ដី​ ដើម្បី​អាច​កាត់​យក​គល់​ឈើ​​ឲ្យ​បាន​វែង ហើយត្រូវធ្វើ​យ៉ាងណា ដើម្បី​ជីក​គល់​ឈើ​នេះ​ឲ្យ​បាន ក្នុង​រយៈពេល​១ ថ្ងៃ​ អ្នកស្រី សួង សុធា (ឈ្មោះដាក់​ឲ្យ) ថ្លែង​ថា ក្រៅ​ពី​ខ្លាច​ទាហាន​ថៃ​បាញ់ នៅ​ពេល​ជីកគល់​ឈើ​បាន ស្ពាយ​ចុះ​ពី​ភ្នំ​ក៏​ត្រូវ​ជួប​ការ​លំបាក​ថែម​ទៀត ណា​មួយ​ត្រូវ​ទាហាន ប៉ូលិស​ខ្មែរ យាម​បណ្តាក់​គ្នា ចាំ​គំរាមទារ​ប្រាក់ បើ​គេ​សប្បាយ​ចិត្ត​ គេ​ឲ្យ​យើង​ទៅ​ស្រួល​ទៅ​ពេល​ខ្លះ​គេ​រក​រឿង​ចាប់​យក​ឈើ​ទាំង​អស់​ក៏មាន។
«ខ្ញុំរកស៊ី​ច្រើន​ឆ្នាំ​ហើយ​ គ្មាន​សល់​អី​ទេ​ក្រៅពី​ស្នាម​របួស​ដែល​ថៃ​បាញ់​ត្រូវ​ម្តង ប៉ុន្តែ​សំណាង​មិន​ស្លាប់»។
អ្នកស្រីថ្លែងថា ៖«នៅ​ទឹក​ដី​ថៃ យើង​មិន​អាច​អារ​ដោយ​ម៉ាស៊ីន​បាន​ទេ ដូច្នេះ​យើង​ត្រូវ​អារ​ដោយ​ដៃ​​ បើ​យើង​ប្រើ​ម៉ាស៊ីន​ខ្លាចគេ​ឮ​ពីព្រោះ​អី​បើ​គេ​ឃើញ​គឺ​គេ​ដឹង​តែ​ពី​បាញ់​ រត់​រួច​រស់​រត់​មិន​រួច​ងាប់។ ពលរដ្ឋ​នៅ​ស្រុក​​នេះ​បើ​មិន​រក​ឈើ​មិន​មាន​មុខ​របរ​អី​ធ្វើ​ទេ ​ដូច្នេះ​ទោះ​បីជា​ត្រូវ​ប្រថុយ​ជីវិត​និង​បាន​ប្រាក់​តិចគឺ​ត្រូវ​តែ​ ធ្វើ»។
ស្ត្រី​រូប​នេះ​ឲ្យ​ដឹង​ថា មាន​ច្រក​ជាច្រើន​ សម្រាប់​ឆ្លងដែន​ទៅរក​គ្រញូង​នៅ​ថៃ​ ដូច​ជា​ច្រក​បន្ទាយ​ព្រៃកុយ វាលខ្សាច់ អូរស្វាយ ​គាម​រមាស​ប្រាសាទ​តាក្របី​ និង​ថ្មបី​ដុំ​ ហើយ​ច្រក​ទាំង​នោះ​គឺ​ទាហាន​ សហការ​ជាមួយ​​ឈ្មួញ​ ចាំ​ទិញ​ឈើ​។
អ្នកស្រី​ឲ្យ​ដឹង​ថា ៖ «មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០០ នាក់ បាន​ឆ្លង​ដែន​ទៅ​កាប់​គ្រញូង​នៅ​ថៃ»។
យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ របស់​ក្រសួង​មហាផ្ទៃ មាន​ពលរដ្ឋ​កម្ពុជា ៦៩ នាក់ ត្រូវ​ថៃ​​បាញ់​សម្លាប់​នៅ​ពេល​ឆ្លង​ដែន​ខុស​ច្បាប់ ​ចូល​ទៅ​កាប់​​ឈើ​គ្រញូង ក្នុង​ទឹក​ដី​ថៃ​ កាល​ពី​ឆ្នាំ​មុន និង​ថា កង​កម្លាំង​​សមត្ថ​កិច្ច​ ដែល​ឈរ​ជើងនៅ​​ក្នុង​តំបន់​​តាម​ព្រំ​ដែន​មួយ​ចំនួន​អាច​ជាប់​ពាក់​ព័ន្ធ​ នឹង​បទ​ល្មើស​កាប់​ឈើ​ឆ្លង​ដែននេះ​។
លោក ទូច រ៉ា អនុ​ប្រធាន​ច្រក​ត្រួត​ពិនិត្យ​ព្រំដែន​អន្តរ​ជាតិជាំ សាងាំ ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ ​ថ្លែង​ថា លោក​តែង​តែហាម​​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​នោះ​ ​ទេ​ តែ​នៅ​តែទប់​មិន​ឈ្នះ ដោយ​សារ​តែ​ទាហាន​កម្ពុជា​ខ្លះ​ ជំរុញ​ឲ្យ​ឈ្មួញ​ខុស​ច្បាប់​ ចូល​ទៅ​កាប់​ឈើ​។
លោក​ថ្លែង​​ថា៖«វា​ពិត​ជា​មាន​ខ្លះ​ ពាក់​ព័ន្ធ​នឹង​បទលើ្មស​នោះ​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ថា​ ជា​អ្នកណា​នោះ​ទេ»។​
លោក អ៊ូច ឡេង ​នាយក​អង្គការ​ក្រុម​កិច្ចការ​ពិសេស​​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា​ មូល​ហេតុ​ដែល​ប្រជា​ពលរដ្ឋ​ ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ចូល​កាប់​ឈើ​ នៅ​ក្នុង​ទឹក​ដី​ថៃ គឺ​ដោយ​សារ​តែ​​មាន​ការបើក​ដៃ ​ពីប៉ូលិស ​ទាហាន ​នៅ​តាម​ច្រក​ទាំង​នោះ។
លោក​ថ្លែង​ថា៖«ទាហាន​នៅ​តាម​ព្រំ​ដែន​នោះ​គឺ​ជា​អ្នក​ទទួល​ផល​ ពី​ពលរដ្ឋ​ទាំង​នោះ។ ពលរដ្ឋ​បាន​យក​ជីវិត​ទៅ​ប្តូរ​ ដោយ​សារ​តែ​បញ្ហា​ជីវភាព»។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា ០២.បប ចុះ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ស្តី​ពី​វិធាន​ការ​បង្ការ ទប់​ស្កាត់​ និង​បង្រ្កាប​ការ​កាប់​ ការ​ដឹក​ជញ្ជូន​ការ​ប្រមូល ការ​ស្តុក​ទុក និង​ការ​នាំ​ឈើ​គ្រញូង​ចេញ។ ក្នុង​នោះ​ក៏បាន​បញ្ញត្តិ​ថា​«ករណី​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ក្នុង​ភូមិសាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​ណា​ មេ​បញ្ជាការ​អង្គភាព​នោះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​រាជ​រដ្ឋាភិបាល»។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បទ​ល្មើស​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​នៅ ​ទឹក​ដី​ថៃ​នៅ​តែ​បន្ត​កើត​ឡើង​៕ (ឈ្មោះ​អ្នក​កាប់​ឈើ​​ត្រូវ​បាន​ដូរ​ដើម្បី​សុវត្ថិ​ភាព​ពួក​គេ​)

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567