Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 17 October 2013

Tea Banh_Tea Sokha_Hun Family_rosewood in Koh Kong

ផ្កាយ​ពីរ ទៀ សុខា ពាក់ព័ន្ធ​ជំនួញ​ឈើ​ក្រញូង​តាមផ្លូវ​សមុទ្រ​  
 ដោយ​៖ ឈ.រ
17 តុលា 13 @ 12:27:43  
ផ្ទុះ ​រឿងអាស្រូវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈ​ដែល​ព័ត៌មាន​មួយ​បាន​ឲ្យ​ ដឹង​ថា មេបញ្ជាការ​មូលដ្ឋាន​ក​ង​ជើង​ទឹក ទទួលខុសត្រូវ​ដែនសមុទ្រ​ជាប់​ព័ន្ធ​ ទៅ​នឹង​ជំនួញ​ឈើ​ក្រញូង ហើយ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ចំណុច​កោះ​យ៉ ភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ក្លាយ​ជា​ទីតាំង​ស្ដុក​ឈើ​ក្រញូង​ដែល​គេ​ត្រៀម​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ វៀតណាម ។
តាម​ ប្រភព​ព័ត៌មាន​ខាងលើ​បាន​ បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ផ្លូវ​ដាច់​សំខាន់ៗ​ នៅ​តាម​បណ្ដាល​ខេត្ត​ត្រូវ​លិចលង់​ដោយ​ទឹកជំនន់ មុខរបរ​រកស៊ី​ឈើ​ក្រញូង​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ទុច្ចរិត​បង្វែរ​ទិសដៅ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​វិញ សំខាន់​តាម​ផ្លូវ​សមុទ្រ ដើម្បី​នាំចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ប្រភព​ដដែល​បន្ថែម​ថា មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​កោះ​យ៉ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ផ្កាយ​ពីរ ទៀ សុខា បាន​ក្លាយ​ជា​មូលដ្ឋាន​ស្តុក​ឈើ​ក្រញូង​យ៉ាង​រឹង​មាំ​បំផុត​ហើយ​រាល់​ការ​ ដឹក​ជញ្ជូន​ឈើ​ក្រញូង​តាម​ផ្លូវ​សមុទ្រ គឺ​ចាំបាច់​ត្រូវ​ យក​ទៅ​ស្ដុក​ទៅ​មូលដ្ឋាន​កងទ័ពជើងទឹក​កោះ​យ៉​នោះ ។
យោង​តាម​អ្វី​ដែល​បាន​អះអាង​នោះ ប្រសិនបើ​ពុំ​មាន​ការ​អនុញ្ញាតិ ឬ​ការពារ​ រួម​ទាំង​មាន​ភាគហ៊ុន​ពី​លោក ទៀ សុខា ទេ​នោះ មូលដ្ឋាន​កងទ័ពជើងទឹក​កោះ​យ៉ មិន​អាច​ក្លាយជា​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ដោយ​ស្រួល​នោះ​ដែរ ។
មន្ត្រី​ជំនាញ​បាន​ និយាយ​ថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ជំនួញ​ឈើ​ក្រញូង​នៅ​កោះកុង​ នោះ​ទេ ព្រោះ​ពួក​ក្រុម​ជន​ទុច្ចរិត​មាន​កងកម្លាំង​ការពារ​រឹងមាំ ហើយ​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រញូង ត្រូវ​បាន​គេ​បញ្ជូន​ យក​ទៅ​ទុក​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កោះ​យ៉ ស្រុក​មណ្ឌលសីមា ។ ដូច្នេះ​មន្ត្រី​ជំនាញ​ទាំងអស់​មិន​ហ៊ាន​ក្អក​នោះ​ឡើយ ។
មន្ត្រី​ជំនាញ​បាន​បញ្ជាក់​បន្ថែម​ថា ជាក់​ស្តែង​ប៉ុន្មាន​ជា​កន្លះ​ខែ​មុននេះ មន្ត្រី​ជំនាញ​បាន​បង្ក្រាប​ឈើ​ក្រញូង​ដឹក​តាម​ទូក​មួយ​ចំនួន​ធំ ប៉ុន្តែ​ក្រោយ​ការ​ឃាត់​ទុក​មិនបាន​មួយ​ម៉ោង​ផង ក៏​ស្រាប់តែ​មានការ​អន្តរាគមន៍​ពី​អ្នក​មាន​អំណាច​ឲ្យ​ដោះលែង​វិញ​ភ្លាម ។ ដោយឡែក​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១០ តុលា សមត្ថកិច្ច​៣​ស្ថាប័ន​ ក្នុង​នោះ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការចូលរួម​ពី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ (វ៉ា​យ​អេ​ដ​)​សរុប​ចំនួន​២២​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ចុះ​ប្រតិបត្តិ​ ការ​បង្ក្រាប​ទូក​ដឹក​ឈើ​គ្រញូង​១​គ្រឿង ដែល​កំពុង​ដឹក​ឈើ​ចូល​តាម​ដៃសមុទ្រ​សំដៅ​បន្ទាយ​ទាហាន​មួយ កន្លែង​ដែល​គេ​ល្បី​ថា​« ទីនោះ​ជា​រូង​ខ្លា​ស្ដុក​ឈើ​គ្រញូង»​ស្ថិត​ត្រង់​ ចំណុច​កោះ​យ៉ ក្នុង​ភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ។ បន្ទាប់ពី​សមត្ថកិច្ច​ទាំង​៣​ស្ថាប័ន​ខាងលើ​បាន​ប្រើ អូប័រ​បញ្ជូន​កម្លាំង​ជាច្រើន​ដង​ យក​ទៅ​បង្កប់ខ្លួន​ក្នុងព្រៃ កោង​កាង អម​សងខាង​ដៃសមុទ្រ​ក្បែរ​បន្ទាយ​កោះ​យ៉ អស់​ជាច្រើន​ម៉ោង​រួចមក នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ទើប​ឃើញ​ទូក​ដឹក ឈើ​គ្រញូង​បើក​ចូល​មកដល់ ដែល​សមត្ថកិច្ច​បាន​ត្រៀ​ម​មុន​ជាស្រេច ហើយក៏​ធ្វើការ​ឡោមព័ទ្ធ​និង​ក្របួច​ជាប់​តែម្ដង ។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​ព័ទ្ធ​ជាប់​នោះ កម្មករ​ទូក​បាន​នាំគ្នា​លោត​ចុះ​ទឹក​ហែល​គេចខ្លួន​ចូល​ព្រៃ កោង​កាង​អស់​ទៅ ។ ព្រម​ជាមួយ​គ្នា​នោះ​ដែរ​កម្លាំង​ទាហាន​យាម​ឈើ​គ្រញូង​ដែល ប្រចាំ​ នៅ​លើ​កោះ​យ៉ បាន​បាញ់​ប្រហារ​មកលើ​សមត្ថ​កិច្ច​ប្រមាណ​៧​គ្រាប់​ដោយ​អាវុធ​អាកា ធ្វើឱ្យ​មាន​ការរំជើបរំជួល​ដល់​ទាហាន​ទាំង​ខ្មែរ​និង​ថៃ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​«កោះ​យ៉»​មាន ទីតាំង​ នៅ​ក្បែរ​ព្រំដែន​ចាំ​យាម ដែល​សមត្ថកិច្ច​ទាំង​២​ប្រទេស​ប្រចាំការ​ជា​អចិន្ត្រៃយ៍ ។
ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ទោះបី​មានការ​បាញ់​មក​លើ​សមត្ថកិច្ច​យ៉ាងណាក្ដី ក៏​ មិន​មាន​ការ​បាញ់​តបត​ទៅលើ​ក្រុម​ពាក់​ស្បែក​ខ្លា​យាម​ឈើ គ្រញូង​ទាំងនោះ​វិញ​ទេ ហើយ​បាន​រិះរក​មធ្យោបាយ​អូស​ទូក​ឈើ​គ្រញូង​នាំមក​ស្នាក់​ការ របស់​ខ្លួន​គឺ ស្នាក់ការ​របស់​អង្គការ​វ៉ា​យ​អេ​ដ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​កោះ​យ៉ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ដោយ​ប្រើប្រាស់​ថិរវេលា អស់​រយៈពេល​៩​ម៉ោង​ទើប​មកដល់ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​អូស​ទូក​ឈើ​ល្មើស​មក​ដាក់​ស្នាក់​ការ​មាន​ចម្ងាយ​ផ្លូវ​ប្រហែល ១០​គីឡូម៉ែត្រ ប៉ុណ្ណោះ តែ​ប្រើ​ពេល​អស់​ចំនួន​៩​ម៉ោង​ព្រោះ​សមត្ថកិច្ច​ត្រូវការ​លាក់ ខ្លួន​ពី​ការ​ស្ទាក់​ចាំ​បាញ់​ប៉ុនប៉ង​រំដោះ​យក​ទូក​ឈើ​នោះ​ទៅ វិញ ពី​ក្រុម​ទាហាន​ប្រចាំការ​ នៅ​លើ​កោះ​យ៉​នោះ ។ នៅ​ព្រឹក​ថ្ងៃទី​១១ តុលា សមត្ថ​កច្ច​ចម្រុះ​ទាំង​៣​ស្ថាប័ន​បាន​រើ​ឈើ​គ្រញូង​ចេញពី​ទូក ឃើញ​មាន​ចំនួន​១.៩៦៥​ដុំ ស្មើនឹង​១២.១៥៩​គីឡូក្រាម​ស្មើនឹង​ជាង​១០​ម៉ែត្រ​គូប ហើយ​ពេលនេះ​វត្ថុតាង​កំពុង​រក្សាទុក​នៅ​ក្នុង​ស្នាក់​ការ អង្គការ​វ៉ា​យ​អេ​ដ​កោះ​ប៉ោ ។ ប្រភព​ពី​មន្ត្រី​ក្នុង​ខេត្ត​ជាច្រើនរូប​បាន​សម្ដែង​ការ​សាទរ ចំពោះ​យុទ្ធនាការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទាំង​៣​ស្ថាប័ន​ខាង លើ​នេះ​ខ្លាំងណាស់​ព្រោះ​ទីតាំង​ស្ដុក​ឈើ​គ្រញូង​មួយ​នេះ​ប្រៀប​ដូច ជា​រូង​ខ្លា ហើយ​រយៈពេល​កន្លងមក​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​ទេ ទោះបី​បាន​ដឹង​និង​បាន​ឃើញ​យ៉ាងណាក៏ដោយ ។
ប្រភព​ដដែល​និយាយ​ទៀត​ថា ផែនការ​ចាប់​ទូក​ដឹកឈើ​គ្រញូង​មួយ​នេះ​បានការ​អនុញ្ញាត​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ផង​ដែរ ហើយ​ផែនការ​ច្បាស់លាស់​របស់​សមត្ថកិច្ច​ទាំង​៣​ស្ថាប័ន​ខាងលើ​បាន រៀបចំ​បង្ក្រាប​ជនល្មើស​២​នាក់​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក ប្រើ ។ សមត្ថកិច្ច​អះ​អាង​ថា ក្នុង​ពេលៗ​ឆាប់​ខាងមុខ សមត្ថកិច្ច​ទាំង​៣​ស្ថាប័ន​នឹង​ដាក់​ ពាក្យ​បណ្ដឹង​ទៅ​ប្រមុខ​រាជ រដ្ឋាភិបាល​ចំពោះ​ការ​បាញ់​ប្រហារ​មក​លើ​សមត្ថកិច្ច​ពី​កង កម្លាំង​ទាហាន​នៅ​ប្រចាំការ​លើ​កោះ​យ៉​នោះ ហើយ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​មួយ​នោះ​ជាថ្មី​កុំ​ឱ្យ ស្អុយឈ្មោះ​តទៅទៀត ។
យ៉ាងណាក៏ដោយ មនុស្ស​២​នាក់ ថែមទៀត​ ត្រូវ​គេ​ ដឹង​ថា ជា​អ្នក​ចេញមុខ​កាង​ជំនួញ​ឈើ​ក្រញូង​នៅ​កោះកុង​យ៉ាងសកម្ម​ដោយ​គេ​ហ៊ាន​ទាំង​ យក​ត្រកូល «ហ៊ុន» មក​ប្រើប្រាស់ ដើម្បី​គំរាម​សមត្ថកិច្ច​ថែមទៀត ។
សមត្ថកិច្ច​អះ​អាង​ថា ជំនួញ​ឈើ​ក្រញូង​បាន​កើត​មាន​ពេញ​ចរន្ត​នៅ​ខេត្ត​កោះកុង ខណៈ​ដែល​ជំនួញ​នោះ​ ត្រូវ​បាន​កាង​ដោយ​មនុស្ស​២​នាក់​យក​ស្លាក​ត្រកូល «ហ៊ុន» មក​ប្រើ​ក្រោម​កិច្ចសហការ និង​ការពារ​ដោយ​មេបញ្ជាការ​មូលដ្ឋាន​កង​ទ័ព​សមុទ្រ​ប្រចាំ​នៅ​ទីនោះ​តែម្ដង ហើយ​កន្លែង​ស្ដុក​ឈើ​ដ៏​សំខាន់​របស់​ពួកគេ គឺ​មូលដ្ឋាន​កងទ័ពជើងទឹក​ប្រចាំ​នៅ​កោះ​យ៉​នោះ​តែម្ដង ៕

Saturday 12 October 2013

Ashley Young អគ្គ​នាយិកា​ក្រុមហ៊ុន Young Commercial

យ៉ាំង ខមមឺសល កំពុង​អភិវឌ្ឍ​ខុនដូ​នៅ​ក្រោយ​ផ្សារ​ទំនើប

130912_02
អគារ​ខុនដូថ្មី​មួយ​ទៀត​នឹង​លេច​រូប​រាង​នៅ​ក្រោយ​មជ្ឈមណ្ឌលយ៉ាំង ខមមឺសល ។ ហុង មិនា
ភ្នំពេញៈ ខុនដូ​ចំនួន ១០០០ យូនីត​មួយ​កំពុង​សាង​សង់​នៅ​តំបន់ ជ្រោយចង្វារ ដែល​នេះ​ជា ការ​វិនិយោគ​របស់​ម្ចាស់​មជ្ឈមណ្ឌល យ៉ាំង ខមមឺសល ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប៉ែក​ខាង​កើត​កាន់​តែ​មាន​ សោភណភាព​ថែម​ទៀត។
លោក​ស្រី Ashley Young អគ្គ​នាយិកា​ក្រុមហ៊ុន Young Commercial បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ​យើង​កំពុង​សាងសង់​ខុនដូ និង​ផ្ទះ​ហាង​ចំនួន ១០០០ យូនីត​ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​ផ្សារ​ទំនើប Young Commercial and Resort។ ខុនដូ និង​ផ្ទះ​ហាង (Shophouse) ទាំង​នោះ​មាន​ចំនួន ១២ អគារ និង​មាន​កម្ពស់​ពី ៣ ដល់ ៩ ជាន់។ គម្រោង​នេះ​បែង​ចែក​ជា​បី​គម្រោង គឺ​គម្រោង A, B និង C។
លោក​ស្រី​ប្រាប់​ទៀត​ថា គម្រោង A គឺ​ផ្សារ​ទំនើប Young Commercial គម្រោង B មាន​ផ្ទះ​ហាង និង​អគារ​ចំនួន ៦ និង​គម្រោង C មាន​អគារ​ចំនួន ៦ និង​ផ្ទះ​ហាង​ផង​ដែរ។
គម្រោង B សង់​រួច​ចំនួន ២ អគារ​ហើយ ខណៈ ២ អគារ​ទៀត​កំពុង​សាង​សង់​បាន ៥០ ភាគរយ និង​អគារ ២ ផ្សេង​ទៀត​មិន​ទាន់​ដំណើរការ​សាង​សង់​នៅ​ឡើយ​ទេ។ ចំណែក​គម្រោង C មិន​ទាន់​សាង​សង់​តែ​ម្តង ប៉ុន្តែ​តាម​ផែនការ​គម្រោង​ទាំង​មូល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។
លោក​ស្រី បាន​ថ្លែង​ថា៖ «ការ​លក់​ខុនដូ​របស់​យើង​នៅ​ពេល​នេះ​កំពុង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ព្រោះ​ការ​សាង​សង់​របស់​យើង​បាន​ផ្តោត​ទៅ​លើ​គុណភាព​ជា​ចម្បង​ហើយ​ម៉្យាង​ ទៀត​ក្រុមហ៊ុន​របស់​យើង​ក៏​មាន​វិស្វករ​មក​ពី​បរទេស​សម្រាប់​ដំណើរការ​សាង​ សង់ និង​តម្លៃ​សមរម្យ​ទៀត​ផង»។
លោក​ស្រី​បាន​បន្ត​ថា៖ «ខុនដូ ២ បន្ទប់ របស់​យើង​លក់​ក្នុង​តម្លៃ​ត្រឹម​តែ ៦៨.០០០ ដុល្លារ ចំណែក ៤ បន្ទប់​យើង​លក់​តម្លៃ ១២៥.០០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​អតិថិជន​ដែល​ទិញ​ហើយ​អាច​លក់​យក​ចំណេញ​បាន​តែ​ម្តង»។
បច្ចុប្បន្ន ខុនដូ ក្នុង​គម្រោង B ដែល​មាន ២ អគារ​មាន​ផ្ទះ​ហាង​ចំនួន ១១ និង​ខុនដូ​ចំនួន ៩៩ យូនីត​បាន​លក់​ដាច់​អស់​ហើយ ចំណែក​ខុនដូ ២ អគារ​ទៀត​ដែល​សាង​សង់​បាន ៥០ ភាគរយ​មាន​ផ្ទះ​ហាង​ចំនួន ១១ និង​ខុនដូ​ចំនួន ៦៦ យូនីត​យើង​លក់​បាន​ជាង ៨០ ភាគរយ​ផង​ដែរ។
លោក ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា មាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ខាង​លើ​មាន​ភាព​ជោគជ័យ ដោយ​សារ​តំបន់​នោះ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​ច្រើន ហើយ​ផ្ទះ​របស់​ក្រុមហ៊ុន​នេះ​ធ្វើ​លក់​ក៏​មាន​អតិថិជន ទិញ​និង​ចាប់​អារម្មណ៍​ច្រើន​ដែរ។
លោក​ថ្លែង​ថា៖ «នៅ​ពេល​អនាគត តំបន់​នោះ​នឹង​ទាក់​ទាញ​មនុស្ស​ឲ្យ​ទៅ​រស់​នៅ​កាន់​តែ​ច្រើន បន្ទាប់​ពី​ស្ពាន ជ្រោយចង្វារ ទី២​សង់​រួច និង​ដាក់​ឲ្យ​ប្រើ​ប្រាស់»។
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី បាន​ប្រាប់​ថា តំបន់ ជ្រោយចង្វារ កាន់​តែ​មាន​សក្តានុពល ព្រោះ​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​នៅ​តំបន់​នោះ ពិសេស​ពេល​ស្ពាន ជ្រោយចង្វារ សង់​រួច​តំបន់​នោះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ ហើយ​តម្លៃ​អចលន​ទ្រព្យ​នឹង​ហក់​ឡើង​ថែម​មួយ​កម្រិត​ទៀត៕

Thursday 3 October 2013

ទូស សាភឿន ​បុរីគុជអាស៊ី

បុរី គជ់អាស៊ី ដំណើរការ​បាន ៣០ ភាគរយ

131003_02
ផ្ទះ​ល្វែង​ក្នុង​បុរី​គជ់អាស៊ី ដំណាក់​កាល​ទី​១ដែល​បញ្ចប់​ការ​សាងសង់​១០០ភាគ​រយ ។ សហការី
ភ្នំពេញៈ គម្រោង​សាង​សង់​បុរី គជ់អាស៊ី ដែល​គ្រោង​ចំណាយ​ថវិកា​ជាច្រើន​រយ​លាន​ដុល្លារ នោះ នៅ​ពេល​នេះ​ការ​សាង​សង់​សម្រច​បាន​ប្រហែល ៣០ ភាគរយ​ហើយ។
លោក ទូស សាភឿន ប្រធាន​គ្រប់​គ្រង​នៃ​គម្រោង​បុរី គជ់អាស៊ី បាន​និយាយ​ថា គម្រោង​អភិវឌ្ឍន៍​បុរី គជ់​អាស៊ី គឺជា​គម្រោង​ដ៏​ល្អ និង​ធំ​មួយ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ប្រទេស​កម្ពុជា។
លោក​ប្រាប់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​ការ​សាង​សង់​ក្នុង​ដំណាក់​កាល ទី១ (មាន​ទាំង​អស់ ៦ ដំណាក់កាល) ដែល​មាន​ផ្សារ​ទំនើប ផ្ទះ​ល្វែង វីឡា ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​សួនច្បារ បាន​បញ្ចប់ ១០០ ភាគរយ​ហើយ ខណៈ​ការ​សាង​សង់​ដំណាក់កាល ទី២ ដែល​មាន​ផ្ទះ​ល្វែង វីឡា និង​សណ្ឋាគារ កម្ពស់ ១៧ ជាន់ បាន​បញ្ចប់​ប្រហែល ៨០ ភាគរយ។
លោក​បាន​អះអាង​ថា៖ «បុរី​នេះ​ជា​គម្រោង​ល្អ​បំផុត​នៅ​កម្ពុជា ដែល​អាច​យក​ទៅ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទ្វីប​អាស៊ី​នៅ​ពេល​អនាគត​បាន​ ពីព្រោះ​ការ​សាង​សង់​នេះ​យើង​ផ្តោត​ជា​សំខាន់​ទៅ​លើ​គុណភាព និង​សោភណភាព»។ លោក​បន្ត​ថា៖ «គម្រោង​នេះ​មាន​លក្ខណៈ​ល្អ​មួយ​ចំនួន​ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ និង​គុណភាព​សំណង់ បរិស្ថាន​ល្អ​បរិសុទ្ធ មាន​សុវត្ថិភាព និង​មាន​ទីតាំង​នៅ​ជាប់​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង ព្រះ​សីហនុ ទៀត​ផង»។
គម្រោង​បុរី គជ់អាស៊ី សាង​សង់​លើ​ផ្ទៃ​ដី ៦២ ហិកតា និង​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់ មិត្តភាព ក្រុង ព្រះសីហនុ ដែល​ជា​ចំណុច​កណ្តាល​នៃ​ឆ្នេរ​ចំនួន​បី​គឺ ឆ្នេរ សុខា ឆ្នេរ ឯករាជ្យ និង​ឆ្នេរ អូឈើទាល។ លក្ខណ​ពិសេស​របស់​គម្រោង​អភិវឌ្ឍន៍​បុរី គជ់​អាស៊ី គឺ​មាន​ផ្សារ​ទំនើប​ដ៏​ប្រណីត​មួយ​ដែល​មាន​ទំហំ ១២០ ម៉ែត្រ x ៨០ មែត្រ មាន​ដំបូល​ខាង​លើ​អាច​បញ្ជា​បើក​បិទ​បាន។ ផ្សារ​ទំនើប​នេះ​មាន​ចំនួន ២ ជាន់ ក្នុង​មួយ​ជាន់​មាន​តូប​ប្រហែល ៥០០ និង​នៅ​តំបន់​ជុំវិញ​ផ្សារ​មាន​ចំណត​រថយន្ត​ដ៏​ធំ​ដែល​អាច​ចត​រថយន្ត​បាន ចំនួន ២០០០ គ្រឿង។
លោក សាភឿន បាន​ប្រាប់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​វីឡា​ដែល​សង់​ក្នុង​ដំណាក់កាល ទី១ លក់​អស់ ១០០ ភាគរយ ហើយ រីឯ​ផ្ទះ​ល្វែង​អស់ ៤០ ភាគរយ ខណៈ​ផ្ទះ​ល្វែង ដំណាក់កាល ទី២ លក់​អស់ ១៥ ភាគរយ និង​វីឡា​លក់​បាន​អស់​ជាង ៣០ ភាគរយ។ ដោយ​ឡែក​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ដែល​មាន​ចំនួន ១៧ ជាន់ ពេល​នេះ​ការ​សាង​សង់​បាន​ចំនួន ៣ ជាន់​ហើយ។
ប្រធាន​គ្រប់​គ្រង​គម្រោង​ខាង​លើ​បញ្ជាក់​ថា៖ «ការ​អភិវឌ្ឍ​បុរី​នេះ​យើង​ធ្វើ​តាម​ជំហានៗ​ស្រប​នឹង ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ដោយ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៥ ខាង​មុខ»។
ផ្ទះ ល្វែង​កម្ពស់ ៣ ជាន់ ក្នុង​បុរី​នេះ​មាន​តម្លៃ​ចាប់​ពី​ជាង ១៣-១៥ ម៉ឺន​ដុល្លារ និង​វីឡា​មាន​តម្លៃ​ចាប់​ពី ២០-៣០ ម៉ឺន​ដុល្លារ​អាមេរិក។
លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ VTrust Group មាន​ប្រសាសន៍​ថា ទាល់​តែ​ស្ថានភាព​អចលន​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ល្អ​ខ្លាំង ទើប​នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​ដូច​ជា​ខេត្ត ព្រះ​សីហនុ មាន​សន្ទុះ​កើន​ឡើង តែ​រហូត​មក​ដល់​ពេល​នេះ​ស្ថានភាព​អចលន​ទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​នានា មិន​ទាន់​មាន​សញ្ញា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។
លោក នួន រិទ្ធី ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​និយាយ​ថា ការ​អភិវឌ្ឍ​លំនៅឋាន​នៅ​ខេត្ត ព្រះសីហនុ មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ព្រោះ​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ តែ​សម្រាប់​អគារ​ពាណិជ្ជកម្ម​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទេ។ លោក​បន្ត​ថា មាន​អ្នក​វិនិយោគ​ទិញ​ដីធ្លី​នៅ​ទី​នោះ​ច្រើន​ប៉ុន្តែ​អ្នក​ចាប់​អារម្មណ៍​ ចង់​ទៅ​រស់​នៅ​ទី​នោះ​ហាក់​មាន​កម្រិត ព្រោះ​ខេត្ត ព្រះសីហនុ ជា​តំបន់​ទេសចរណ៍ ដូច្នេះ​ការ​វិនិយោគ​លើ​លំនៅឋាន​ហាក់​មិន​សូវ​ជោគជ័យ តែ​បើ​ធ្វើ​ជា​បឹង ហ្កាឡូ ឬ​វីឡា​លម្ហែ​ដូចជា បុរី BS គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ទទួល​ជោគជ័យ​ច្រើន៕