បុរី គជ់អាស៊ី ដំណើរការបាន ៣០ ភាគរយ
- Thursday, 03 October 2013
- ស៊ីវ ម៉េង និង ហ៊ឹន ពិសី
លោក ទូស សាភឿន ប្រធានគ្រប់គ្រងនៃគម្រោងបុរី គជ់អាស៊ី បាននិយាយថា គម្រោងអភិវឌ្ឍន៍បុរី គជ់អាស៊ី គឺជាគម្រោងដ៏ល្អ និងធំមួយនៅខេត្តជាប់មាត់សមុទ្រប្រទេសកម្ពុជា។
លោកប្រាប់ទៀតថា រហូតមកដល់ពេលនេះការសាងសង់ក្នុងដំណាក់កាល ទី១ (មានទាំងអស់ ៦ ដំណាក់កាល) ដែលមានផ្សារទំនើប ផ្ទះល្វែង វីឡា ប្រព័ន្ធផ្លូវថ្នល់ និងសួនច្បារ បានបញ្ចប់ ១០០ ភាគរយហើយ ខណៈការសាងសង់ដំណាក់កាល ទី២ ដែលមានផ្ទះល្វែង វីឡា និងសណ្ឋាគារ កម្ពស់ ១៧ ជាន់ បានបញ្ចប់ប្រហែល ៨០ ភាគរយ។
លោកបានអះអាងថា៖ «បុរីនេះជាគម្រោងល្អបំផុតនៅកម្ពុជា ដែលអាចយកទៅប្រកួតប្រជែងនៅក្នុងទ្វីបអាស៊ីនៅពេលអនាគតបាន ពីព្រោះការសាងសង់នេះយើងផ្តោតជាសំខាន់ទៅលើគុណភាព និងសោភណភាព»។ លោកបន្តថា៖ «គម្រោងនេះមានលក្ខណៈល្អមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសំណង់ បរិស្ថានល្អបរិសុទ្ធ មានសុវត្ថិភាព និងមានទីតាំងនៅជាប់តំបន់ពាណិជ្ជកម្មកណ្តាលក្រុង ព្រះសីហនុ ទៀតផង»។
គម្រោងបុរី គជ់អាស៊ី សាងសង់លើផ្ទៃដី ៦២ ហិកតា និងមានទីតាំងស្ថិតក្នុងសង្កាត់ មិត្តភាព ក្រុង ព្រះសីហនុ ដែលជាចំណុចកណ្តាលនៃឆ្នេរចំនួនបីគឺ ឆ្នេរ សុខា ឆ្នេរ ឯករាជ្យ និងឆ្នេរ អូឈើទាល។ លក្ខណពិសេសរបស់គម្រោងអភិវឌ្ឍន៍បុរី គជ់អាស៊ី គឺមានផ្សារទំនើបដ៏ប្រណីតមួយដែលមានទំហំ ១២០ ម៉ែត្រ x ៨០ មែត្រ មានដំបូលខាងលើអាចបញ្ជាបើកបិទបាន។ ផ្សារទំនើបនេះមានចំនួន ២ ជាន់ ក្នុងមួយជាន់មានតូបប្រហែល ៥០០ និងនៅតំបន់ជុំវិញផ្សារមានចំណតរថយន្តដ៏ធំដែលអាចចតរថយន្តបាន ចំនួន ២០០០ គ្រឿង។
លោក សាភឿន បានប្រាប់ទៀតថា រហូតមកដល់ពេលនេះវីឡាដែលសង់ក្នុងដំណាក់កាល ទី១ លក់អស់ ១០០ ភាគរយ ហើយ រីឯផ្ទះល្វែងអស់ ៤០ ភាគរយ ខណៈផ្ទះល្វែង ដំណាក់កាល ទី២ លក់អស់ ១៥ ភាគរយ និងវីឡាលក់បានអស់ជាង ៣០ ភាគរយ។ ដោយឡែកសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមានចំនួន ១៧ ជាន់ ពេលនេះការសាងសង់បានចំនួន ៣ ជាន់ហើយ។
ប្រធានគ្រប់គ្រងគម្រោងខាងលើបញ្ជាក់ថា៖ «ការអភិវឌ្ឍបុរីនេះយើងធ្វើតាមជំហានៗស្របនឹង ការរីកចម្រើននៃសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដោយសណ្ឋាគារលំដាប់ផ្កាយ ៥ នឹងបញ្ចប់នៅចុងឆ្នាំ ២០១៥ ខាងមុខ»។
ផ្ទះ ល្វែងកម្ពស់ ៣ ជាន់ ក្នុងបុរីនេះមានតម្លៃចាប់ពីជាង ១៣-១៥ ម៉ឺនដុល្លារ និងវីឡាមានតម្លៃចាប់ពី ២០-៣០ ម៉ឺនដុល្លារអាមេរិក។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ VTrust Group មានប្រសាសន៍ថា ទាល់តែស្ថានភាពអចលនទ្រព្យនៅរាជធានីភ្នំពេញល្អខ្លាំង ទើបនៅតាមបណ្តាខេត្តនានាក៏ដូចជាខេត្ត ព្រះសីហនុ មានសន្ទុះកើនឡើង តែរហូតមកដល់ពេលនេះស្ថានភាពអចលនទ្រព្យនៅតាមបណ្តាខេត្តនានា មិនទាន់មានសញ្ញាកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។
លោក នួន រិទ្ធី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាននិយាយថា ការអភិវឌ្ឍលំនៅឋាននៅខេត្ត ព្រះសីហនុ មិនសូវទទួលបានជោគជ័យនោះទេ ព្រោះការផ្គត់ផ្គង់លើសតម្រូវការ តែសម្រាប់អគារពាណិជ្ជកម្មនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទេ។ លោកបន្តថា មានអ្នកវិនិយោគទិញដីធ្លីនៅទីនោះច្រើនប៉ុន្តែអ្នកចាប់អារម្មណ៍ ចង់ទៅរស់នៅទីនោះហាក់មានកម្រិត ព្រោះខេត្ត ព្រះសីហនុ ជាតំបន់ទេសចរណ៍ ដូច្នេះការវិនិយោគលើលំនៅឋានហាក់មិនសូវជោគជ័យ តែបើធ្វើជាបឹង ហ្កាឡូ ឬវីឡាលម្ហែដូចជា បុរី BS គឺទទួលបានការចាប់អារម្មណ៍ និងទទួលជោគជ័យច្រើន៕
No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567