Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 9 April 2014

Try Pheap_Ouk Kim Sat_Meng Sreang/ Chruy_Heng Kung_Tob Vyrada_Chhoeun Sam Nang in Preah Vihear


ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព Preah Vihear
Wednesday, 09 April 2014

20140409_01
ឈើទាំង​នេះ ត្រូវ​បានគេ​​ឃើញ​ដឹក​ជា​ហូរហែ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​កាល​ពីថ្ងៃ​ចុង​សប្ដាហ៍​​មុន​។ រូបថត ម៉ៃ ទិត្យ​ថារ៉ា​
ព្រះវិហារៈ ប្រភេទ​ឈើ​ធ្នង់ ដែល​មាន​មុខ​កាត់​បី​តឹក​បួន​ជ្រុង​បណ្តោយ​ប្រវែង ២ ម៉ែត្រ​បាន​តម្រៀប​គ្នា​ជា​គំនរ​នៅ​តាម​ផ្ទះ​នីមួយៗ​របស់​ប្រជាជន​នៅ​ក្នុង​ ស្រុក​ចំនួន​បី​នៃ ខេត្ត​ព្រះវិហារ ដោយ​ដាក់​រង់ចាំ​ឈ្មួញ​មក​ប្រមូល​យក​នៅ​ពេល​ល្ងាច ខណៈ​ពេល​សំឡេង​សន្ធឹក​របស់​គោយន្ត​ដែល​ផ្ទុក​ទៅ​ដោយ​រណារ​រ៉ៃ​ថ្មីៗ បាន​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​នៅ​ពេល​ព្រឹក​ព្រលឹម​ដើម្បី​ទៅ​កាប់​និង​ ប្រមូល​ឈើ​ដែល​បាន​ផ្តួល​រួច​ហើយ​នៅ​កណ្តាល​ព្រៃ​ដឹក​យក​មក​ដាក់​នៅ​ក្នុង​ ភូមិ​ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឲ្យ​អស់​នៅ​ក្នុង ខេត្ត​ព្រះវិហារ។
នៅ​ក្នុង​គោយន្ត​ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៅ​ក្នុង ឃុំ​ធ្មា ស្រុក​ជ័យសែន លោក ថោង កុសល ជា​ឈ្មោះ​ដែល​អ្នក​សារព័ត៌មាន​ដាក់​ឲ្យ​ដែល​ជា​ពលរដ្ឋ​ម្នាក់​តែង​ចេញ​មុខ​ ប្រឆាំង​ជាមួយ​នឹង​ឈ្មួញ​ឈើ​នៅ​ក្នុង​ឃុំ​របស់​លោក​បាន​ថ្លែង​ថា មាន​ថៅកែ​រង​របស់​ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព បាន​មក​ក្នុង​ភូមិ​ប្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​ដើរ​ទៅ​កាប់​ព្រៃ​ហើយ​គេ​មក​ទិញ ​នៅ​ទី​នេះ​តាម​ផ្ទះ​នៅ​ពេល​ល្ងាច។ លោក​បាន​ថ្លែង​ថា៖ «ថៅកែ​គេ​ដើរ​រក​ទិញ​តាម​ផ្ទះ​ហើយ​គេ​បាញ់​ថ្នាំ​សម្គាល់ ខ្ញុំ​មិន​ដឹង​ថា មាន​ន័យ​ថា ម៉េច​ទេ វា​ជា​អក្សរ​បារាំង។ នៅ​ពេល​យប់​បន្ទាប់​ពី​ប្រមូល​ឈើ​អស់​ទើប​គេ​ដឹក​ចេញ​ពី​ភូមិ»។
លោក​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​គ្រប​ទុក​ឈើ​នៅ​តាម​ផ្ទះ​របស់​ពួក​គេ ហើយ​នៅ​ពេល​ល្ងាច​ឈ្មួញ​មក​ដល់​ទើប​គេ​ប្រមូល​ថ្លឹង ពុំ​មាន​អាជ្ញាធរ​ធ្វើ​ការ​ទប់​ស្កាត់​នោះ​ទេ ដោយ​សារ​តំណាង​របស់​ក្រុមហ៊ុន ទ្រី ភាព បាន​រត់​ការ​បង់​លុយ​ឲ្យ​ពួក​គេ​រួច​ទៅ​ហើយ តាំង​ពី​មន្ត្រី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​តែ​បង់​ឲ្យ​ប៉ូលិស​រដ្ឋបាល ២ ម៉ឺន​រៀល​ក្នុង​ឈើ​មួយ​គោយន្ត។ លោក​បាន​ថ្លែង​ថា៖ «ចាប់​តាំង​ពី​មុន​បោះឆ្នោត​និង​ក្រោយ​លទ្ធផល​បោះឆ្នោត ខាង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​ឲ្យ​តំណាង​របស់​គេ​ម្នាក់​ឈ្មោះ ស្រ៊ាង ម៉េង ចុះ​មក​ឃុំ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចូល​ទៅ​កាប់​ព្រៃ​ដើម្បី​ លក់​ឲ្យ​ពួក​គេ»។
លោក​ថ្លែង​ថា សព្វ​ថ្ងៃ​នេះ​គឺ​ដោយ​សារ​តែ​ចាញ់​នូវ​ឥទ្ធិពល​ប្រាក់​ដុល្លារ ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​តែ​ការពារ​ព្រៃ​បាន​ក្លាយ​ទៅ​ជា​អ្នក​បំផ្លាញ​ ព្រៃ​អស់​ទៅ​ហើយ លោក​ស្តាយ​ឈើ​មែន​ទែន ប៉ុន្តែ​មិន​ដឹង​រក​វិធីសាស្ត្រ​ណា​ទប់​ស្កាត់​បាន​បើ​ពឹង​ទៅ​អាជ្ញាធរ​គេ​ អត់​អើពើ។ ឯ​ឈើ​ដែល​ដាក់​គរ​នៅ​តាម​ភូមិ​គេ​ទិញ​មួយ​ម៉ែត្រគុប​មួយ​លាន​ជា​ប្រភេទ​ឈើ​ ធ្នង់។ លោក​ថា៖ «បច្ចុប្បន្ន​នេះ ពលរដ្ឋ​រក​ស៊ី​ឈើ​ស្រួល​ជាង​មុន»។
នៅ​ខណៈ​ដែល​ឈើ​ត្រូវ​បាន​ពង្រាយ​នៅ​តាម​ព្រៃ​ដោយ​មាន​សរសេរ​ជា​អក្សរ​ពណ៌ ​ក្រហ​មថា KM និង AF នោះ លោក ឈាង វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​នៅ​តែ​ប្រកាន់​ជំហរ​ប្រឆាំង​ជាមួយ​ឈ្មួញ​ បំផ្លាញ​ព្រៃឈើ​បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ​ឈើ​ស្ទើរ​តែ​អស់​ទៅ​ហើយ​ដូច្នេះ បើ​គេ​ទៅ​ព្រៃ​ជួប​គល់​យក​គល់ ជួប​ឈើ​យក​ឈើ​នេះ​ជា​យុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ បំផ្លាញ​ឈើ​ឲ្យ​អស់​នៅ ខេត្ត​ព្រះវិហារ»។ លោក​បន្ត​ថា៖ «គេ​បើក​ដៃ​ឲ្យ​រក​តាម​ចិត្ត​គេ​មិន​បាន​ចាប់​ចង​ទេ ព្រោះ​ក្រុមហ៊ុន​គេ​បង់​ឲ្យ​សមត្ថកិច្ច គេ​រក​ស៊ី​ដូច​រក​ស៊ី​ដំឡូង​អ៊ីចឹង»។
លោក​ថា ឈើ​ចាប់​ផ្តើម​ស្បើយ​ពី​ចុង ឆ្នាំ​២០១៣ មក ហើយ​ខ្លាំង​មែនទែន​គឺ​នៅ​អំឡុង​ពេល​បោះឆ្នោត។ លោក​ថា៖ «នៅ​ក្នុង​ភូមិ​នីមួយៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​រណារ​រ៉ៃ ១០០ ទៅ ២០០ គ្រឿង​ដែរ។ នៅ​ទី​នេះ​លុះត្រា​តែ​គ្មាន ទ្រី ភាព និង ស្រ៊ាង ម៉េង ទើប​ព្រៃ​នៅ​គង់វង្ស»។
ជាមួយ​នឹង​គំនរ​ឈើ​ធ្នង់​រាប់​រយ​គុប​នៅ​ខាង​មុខ​ផ្ទះ​ដែល​មាន​បាញ់​ ថ្នាំ​ក្រហម​សម្គាល់​របស់​ក្រុមហ៊ុន​ហើយ​នោះ លោក ផា ដូន ដែល​បាន​ប្រកប​របរ​ជា​អ្នក​កាប់​ឈើ​នៅ​ក្នុង​តំបន់ ស្រែវាល អស់​រយៈ​ពេល ៤​ឆ្នាំ មក​ហើយ បាន​ថ្លែង​ថា ពី​មុន​គេ​កាប់​គរ​រាប់​ពាន់​កំណាត់​រាប់​ពាន់​ដើម បច្ចុប្បន្ន​នេះ​លោក​បាន​ចាប់​ផ្តើម​បង្វែរ​ទៅ​កាប់​ឈើ​នៅ​កន្លែង​ថ្មី​នៅ ខេត្ត​ស្ទឹងត្រែង តាម​ក្រុមហ៊ុន បន្ទាប់​ពី​ទីតាំង​ឈើ​នៅ​ក្នុង​តំបន់​ជិត​អស់។ លោក​បាន​ថ្លែង​ថា៖ «ឈើ​នៅ​ទី​នេះ​អស់​ហើយ​ស្ទើរ​តែ​ជីក​គល់​ទៀត​ទៅ​ហើយ វា​អស់​ទៅ​ហើយ រដ្ឋាភិបាល​មិន​ដឹង​ប្រកែក​ថា គ្មាន​ការ​កាប់​ឈើ​ម៉េច​ទេ គេ​កាប់​អស់​ហើយ​ហ្នឹង»។
សកម្មភាព​ការ​ដឹក​ជញ្ជូន​ឈើ​បាន​ចាប់​ផ្តើម​ស្ទូច​ឈើ​ដែល​លាក់​ទុក​នៅ​ ក្នុង​ព្រៃ​នៅ​ពេល​ល្ងាច​ដែល​មាន​រថយន្ត​យីឌុប​ធំៗ​និង​រថយន្ត​ស្ទូច​របស់​ ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ស្ថិត​នៅ​ក្នុង ស្រុក​សង្គម​ថ្មី ចំណែក​ឯ​នៅ​ក្នុង ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប បាន​ចាប់​ផ្តើម​នា​ពេល​ព្រឹក​ព្រលឹម និង​ដើរ​ប្រមូល​ទិញ​ពី​ផ្ទះ​នៅ​ពេល​ល្ងាច។ នៅ​ខណៈ​ដែល​រថយន្ត​ផ្ទុក​ទៅ​ដោយ​ឈើ ហើយ​ជាប់​ផុង​មិន​អាច​ទៅ​រួច​ដែល​មាន​មនុស្ស​មួយ​ក្រុម​កំពុង​ព្យាយាម​ សណ្តោង​និង​រុញ​ឲ្យ​ទៅ​មុខ បុរស​ម្នាក់​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ទាំង​សភាព​រញី​រញ័រ ដោយ​លើក​ទូរស័ព្ទ​តេ​ទៅ​លោក ម៉េង ទាំង​ញើស​ជោក​ខ្លួន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឈើ​នោះ​គឺ​ជា​របស់​លោក ជ្រុយ ដែល​មាន​ឈ្មោះ​ពេញ​ថា លី គឹមឈួង ជា​អតីត​បម្រើការ​ឲ្យ​ផ្នែក​ចារកម្ម។ លោក​ថ្លែង​ថា៖ «ឈើ​នេះ របស់​បង ជ្រុយ ហើយ​យើង​ដឹក​យក​ទៅ​ដាក់​ឲ្យ​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ខ្ញុំ​គ្រាន់​តែ​ដឹក​ឲ្យ​គេ​ប៉ុណ្ណោះ ខ្ញុំ​មិន​ដឹង​ថា​គេ​ឲ្យ​ខ្ញុំ​ប៉ុន្មាន​នោះ​ទេ»។
លោក ឈឹម សាវុធ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បំផ្លាញ​ឈើ​ដែល​នៅ​ចុង​ក្រោយ​ក្នុង ខេត្ត​ព្រះវិហារ នេះ​តែ​ម្តង​ដោយ​បាន​ឲ្យ​មេ​ការ​ដើរ​បំផុស​បំផុល​ពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​កាប់​ ឈើ​លក់​ឲ្យ​ខ្លួន​មុន​និង​ខ្លួន​រើ​ទៅ​កាន់​ទី​តាំង​ថ្មី​ស្ថិត​ក្នុង ខេត្ត​ស្ទឹងត្រែង»។ នៅ​ក្នុង ស្រុក​ឆែប ដែល​ស្ថិត​នៅ​ក្នុង ភូមិ​ឆែប​២ ត្រង់​ចំណុច​បំបែក​ទៅ ដងផ្លិត មាន​ឈ្មោះ ឈឿន សំណាង ជា​មេឃ្លាំង​ធំ ហើយ​អ្នក​ដើរ​ប្រមូល​ទិញ​នៅ​ក្នុង ស្រុក​សង្គម​ថ្មី និង ជ័យ​សែន មាន​ឈ្មោះ ហេង គង់ និង តុប វីរ៉ាដា លី គឹមឈួង ហៅ ជ្រុយ ដែល​មាន​ស្លាក​លេខ​ឈើ KM ប៉ុន្តែ​ពួក​គេ​ប្រមូល​យក​មក​ដាក់​នៅ​ក្នុង​ឃ្លាំង​នៅ ឆែប ទាំង​អស់​ចំណែក​លោក ស្រ៊ាង ម៉េង ជា​អ្នក​រត់​ការ​ទូទៅ ហើយ​អ្នក​ដែល​មើល​ការ​ខុស​ត្រូវ​ទូទៅ​របស់​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព នៅ ខេត្ត​ព្រះវិហារ គឺ​លោក អ៊ុក គឹមសាន្ត អតីត​ប្រធាន​រដ្ឋបាល​ព្រៃឈើ ខេត្ត​ពោធិ៍សាត់។
លោក​បាន​ថ្លែង​ថា ការ​នាំ​ឈើ​ចេញ​ទៅ វៀតណាម ពី សង្គមថ្មី ឆែប ជ័យសែន ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា ៦ ទៅ ៧ រថយន្ត​យ៉ីឌុប ហើយ​ក្នុង​មួយ​រថយន្ត​អាច​ផ្ទុក​ឈើ​បាន​ប្រមាណ​ជា ៣០ ម៉ែត្រ​គុប​ដូច្នេះ​នៅ​ក្នុង​មួយ​ថ្ងៃ​គេ​ដឹក​ឈើ​ចេញ​ពី​ស្រុក​ទាំង​បី​នោះ​ ប្រមាណ ជា ១៨០ ម៉ែត្រ​គុប​ទៅ ២០០ ម៉ែត្រ​គុប​ហើយ​ចរាចរណ៍​នេះ​គេ​ធ្វើ​ចាប់​ពី​ដើម ខែ​ឧសភា រហូត​មក​ដល់​សព្វ​ថ្ងៃ។ លោក​ថា៖ «ក្រុមហ៊ុន ទ្រី ភាព ទទួល​ដឹក​ឈើ​ប្រណីត​ចេញ​ឲ្យ​ឈ្មួញ​ទាំង​អស់​ទៅ វៀតណាម តាម​ច្រក ដូង​៧ ដើម​ស្ថិត​ក្នុង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដោយ​គេ​យក​តម្លៃ ១៨០០ ដុល្លារ​ក្នុង​ម៉ែត្រ​គុប សរុប​នៅ​ស្រុក​ទាំង​បី​នៃ ខេត្ត​ព្រះវិហារ នេះ ក្រុមហ៊ុន​អាច​រក​លុយ​បាន​ចាប់​ពី ២៨,៥ លាន​ដុល្លារ​ក្នុង​មួយ​ខែ នេះ​យើង​មិន​គិត​ខេត្ត​ផ្សេង»។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ព្រៃ​ឈើ​កំពុង​តែ​ធ្ងន់ធ្ងរ​ទៅៗ​តាម​រយៈ​ការ​ ញុះញង់​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​កាប់​ឈើ​ដូច​ហែ​កឋិន ហើយ វា​អាច​នឹង​បាត់បង់​ព្រៃឈើ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល ២​ខែ ខាង​មុខ​ទៀត នេះ​ប្រសិន​បើ​ពុំ​មាន​ការ​ទប់​ស្កាត់​ដូច​សព្វ​ថ្ងៃ។ លោក​ថា៖ «បើ​អ្នក​ណា​បដិសេធ​ថា គ្មាន​បទល្មើស​ព្រៃ​ឈើ​មក​ជួប​ខ្ញុំ ខ្ញុំ​នាំ​ទៅ​កន្លែង​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នេះ។ បច្ចុប្បន្ន​គេ​កំពុង​តែ​សម្រុក​កាប់​នៅ​ក្នុង​ភ្នំ ត្បែង និង ព្រៃ​ព្រះរកា ហើយ​គេ​ក៏​បាន​បន្ត​ទៅ ខេត្ត​ស្ទឹងត្រែង ដើម្បី​បង្ហើយ​ព្រៃឈើ​នៅ​ក្នុង​ស្រុក​ខ្មែរ​តែ​ម្តង»។
កាល​ពី ថ្ងៃ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា ០២ បប ស្តី​ពី​វិធានការ​បង្ការ ទប់​ស្កាត់ និង​បង្រ្កាប​ការ​កាប់​ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការ​ស្តុក​ទុក និង​ការ​នាំ​ឈើ​គ្រញូង​ចេញ ដោយ​សម្រេច​លើ ៩ ចំណុច​ដែល​នៅ​ក្នុង​ចំណុច ទី​១ ក្នុង​កថាខណ្ឌ ទី​២ បាន​លើក​ឡើង​ថា ករណី​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​ ណា​មួយ មេ​បញ្ជាការ​អង្គភាព​នោះ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រាជ​ រដ្ឋាភិបាល។
ទាក់ទិន​នឹង​បទ​បញ្ជា​នេះ លោក ឈឹម សាវុធ បាន​ថ្លែង​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ ប្រសិន​បើ​គេ​មាន​ឆន្ទៈ​បង្ក្រាប​វា​គ្មាន​ការ​លំបាក​នោះ​ទេ​ដោយ​គ្រាន់​តែ​ អនុវត្ត​ច្បាប់​ព្រៃឈើ មិន​ចាំបាច់​ចេញ​បទ​បញ្ជា​នោះ​ទេ។ លោក​ថា៖ «ដោយ​សារ​តែ ការ​អស់​សង្ឃឹម​នៅ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស ទើប​ពលរដ្ឋ​នាំ​គ្នា​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ដោយ​គាត់​យល់​ថា ប្រសិន​បើ​ពួកគាត់​មិន​កាប់​ក៏​ពួក​ឈ្មួញ​ទាំង​អស់​នោះ​កាប់​អស់​ដែរ»។
យោង​តាម​របាយ​ការណ៍​រូបភាព​ផ្កាយ​រណប ដែល​ចេញ​កាល​ពី ខែ​ធ្នូ ឆ្នាំ​២០១៣ ផែនទី​ដែល​មាន​លក្ខណៈ​ចលនា​គេហទំព័រ Open Development Cambodia (ODC) បាន​បង្កើត​ពី​រូបភាព​ផ្កាយ​រណប ណាស្សា (NASA) បាន​បង្ហាញ​លម្អិត​អំពី​ការ​បំផ្លាញ​ខ្លាំង​ក្លា​ទៅ​លើ​ព្រៃឈើ​របស់ ប្រទេស​កម្ពុជា ជា​ការ​បំផ្លាញ​ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​កាល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។ គេហទំព័រ ODC បាន​ឲ្យ​ដឹង​ថា ការ​វិភាគ​រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា នៅ​ក្នុង ឆ្នាំ​១៩៧៣ ប្រហែល ៧២,១១ ភាគរយ​នៃ ប្រទេស​កម្ពុជា ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ។ រូបភាព​ថ្មីៗ​បាន​បង្ហាញ​ថា គម្រប​ព្រៃឈើ​បច្ចុប្បន្ន​មាន​តិច​ទៅៗ​គឺ​ចំនួន ៤៦,៣៣ ភាគរយ ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូ​ផង។
លោក សាវុធ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា បើ​ងាក​ទៅ​មើល​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ឯណេះ​វិញ​គឺ​គ្មាន​វិធានការ​អ្វី​ទប់​ស្កាត់​ទាំង​អស់ ក្រៅ​ពី​ជួយ​លាក់​បាំង​បទ​ល្មើស​ហើយ​សូម្បី​តែ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ ស្រុក​ជ័យសែន ក៏​ជា​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ដែរ។ លោក​ថា៖ «ខ្ញុំ​សូម​ឲ្យ​អស់​លោក​ឧកញ៉ា ឈប់​ទៅ​ល្មម​ឈប់​បំផ្លាញ​ប្រទេស​ខ្លួន​ឯង​ទៀត​ហើយ ទុក​ទៅ​ព្រៃ​ដែល​នៅ​សេស​សល់​ប៉ុន្មាន​នោះ​ទៅ អស់​លោក​ក៏​មាន​ទ្រព្យ​សម្បតិ្ត​ល្មម​ស្កប់​ស្កល់​ហើយ»។
លោក ឈឹម សុខស៊ីវត្ថា ប្រធាន​រដ្ឋបាល​ព្រៃឈើ ស្រុក​ជ័យសែន បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ចំពោះ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ពី​ប្រជាជន​នោះ គឺ​ពុំ​មាន​អាជ្ញាប័ណ្ណ​នោះ​ទេ។ លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ។
លោក សាត់ យ៉ន អធិការ​ប៉ូលិស ស្រុក​ជ័យសែន បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ពុំ​ដែល​ដឹង​ថា​មាន​មន្ត្រី​សមត្ថកិច្ច​របស់​លោក​ស្ទាក់​យក​លុយ​ពី​ ប្រជា​ពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ឈើ​នោះ​ទេ ហើយ​ក៏​ពុំ​ដែល​មាន​ខាង​ក្រុមហ៊ុន​ណា​គេ​មក​ទំនាក់​ទំនង​ដើម្បី​សហការ​ជាមួយ ​ពួក​លោក​ដែរ។ លោក​បាន​បន្ត​ទៀត​ថា៖ «យើង​បាន​ធ្វើ​ការ​ហាម​ឃាត់​ពួក​គាត់​កុំ​ឲ្យ​ទៅ​កាប់​ឈើ​ដែរ​តែ​យើង​ហាម​ មិន​ឈ្នះ»។
លោក ឧកញ៉ា ទ្រី ភាព និង​លោក អ៊ុក គឹមសាន្ត តំណាង​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព នៅ ខេត្ត​ព្រះវិហារ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។
រីឯ​លោក ឆេង គឹមស៊ុន ប្រតិភូ​រដ្ឋាភិបាល ទទួល​បន្ទុក​រដ្ឋបាល​ព្រៃឈើ​ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។
យោង​តាម​របាយ​ការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស Ouch Leng ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង ឆ្នាំ​២០១៣ បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ចំនួន ១៤ កន្លែង និង​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧ នៅ​តាម​ខេត្ត​ចំនួន ១២ ព្រម​ទាំង​មាន​ក្រុមហ៊ុន​សាខា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៥ នៅ​តាម​ខេត្ត​ចំនួន ១០ ដែល​មាន​ផ្ទៃ​ដី​សរុប​ជិត ៧ ម៉ឺន​ហិកតា។
ផែនការ​កាប់​ឈើ​ក្រោម​ស្លាក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព បាន​ប៉ះ​ទង្គិច​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ចំនួន​ជិត ១ ៥០០ គ្រួសារ និង​ប៉ះពាល់​ដល់​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ចំនួន ២០ កន្លែង។ ចំណែក​ឯ អង្គការ Global Witness កាល​ពី ឆ្នាំ​២០០៨ ថា លោក​ឧកញ៉ា ទ្រី ភាព ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​របស់ វៀតណាម មួយ​ឈ្មោះ (Hongfu) ដែល​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាប់​ម៉ឺន​ហិកតា។ របាយ​ការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​មនុស្ស​ដែល​មាន​អំណាច និង​ជា​មនុស្ស​ពូកែ​រក​លុយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567