Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 22 April 2014

Illegal logging by tycoon Mong Heng and Rattanak

ឈើ​ប្រណិត ៣​កុងតឺន័រ ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺចាប់បាន ជាកម្មសិទ្ធិ​របស់​ឈ្មោះ រតនៈ និង ឧកញ៉ា ម៉ុងហេង

កំពង់ស្ពឺ៖ ឈើប្រណិត ៣កុងតឺន័រ ដែលកម្លាំងរដ្ឋបាលព្រៃឈើ ចាប់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ម្សិលមិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហាក់ដូចជាបាត់ឈឹង នូវព័ត៌មាននៃការរាប់ឈើ និងចំនួនឈើ ដែលបានបង្ក្រាប ប៉ុន្ដែត្រូវមន្ដ្រីតូចតាច ខ្សឹបប្រាប់ថាជារបស់ឈ្មោះ រតនៈ និងឧកញ៉ាម្នាក់ ហើយក៏ជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំផងដែរ។
ប្រភពព័ត៌មានច្បាស់ការគួរឲ្យទុកចិត្ត ពីមន្ដ្រីតូចតាចនៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើប្រណិត ៣កុងតឺន័រ ដែលបានចាប់បាននៅខេត្តកំពង់ស្ពឺនោះ គឺជាកម្មសិទ្ធិរបស់ឈ្មោះ រតនៈ អតីតស្រីទំនើង វ័យ ៣៣ឆ្នាំ និងប្ដីឈ្មោះ ឧកញ៉ា ម៉ុងហេង ជាទីប្រឹក្សាថ្នាក់ដឹកនាំមួយរូប ដែលមានទីតាំងសិប្បកម្ម នៅភូមិទឹកដា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយលិខិតអនុញ្ញាតបើកសិប្បកម្មនោះ ទើបតែបន្ដអនុញ្ញាតឲ្យថ្មី នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤។
តាមការរៀបរាប់ពីមន្ដ្រីនោះ បានឲ្យដឹងថា នៅថ្ងៃដែលកុងតឺន័រ ផ្ទុកឈើប្រណិតខុសច្បាប់ ដែលត្រូវអាជ្ញាធរចាប់បាននោះ មានចំនួន ៥កុងតឺន័រ ប៉ុន្ដែ ២កុងតឺន័រ ត្រូវបានចេញផុតទៅដល់ ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមដឹកទៅកាន់ប្រទេសចិន។ រាល់ឈើប្រណិតខុសច្បាប់ទាំងអស់ ត្រូវបានដឹកចូលកន្លែងធ្វើសិប្បកម្មនោះ ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ទើររៀងរាល់យប់ ហើយគ្មានអាជ្ញាធរ ឬកម្លាំងសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ ដោយម្ចាស់សិប្បកម្មនោះ បានរៀបចំនូវសេនារីយ៉ូយ៉ាងច្បាស់ ក្នុងការដឹកជញ្ជូនឈើ ទាំងដឹកចូល និងដឹកចេញពីឃ្លាំង។
ប្រភពព័ត៌មាន ក៏បានបង្ហើបអោយដឹងថា ក្រោយសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ដឹកកុងតឺន័រផ្ទុកឈើប្រណីតទាំង ៣គ្រឿងខាងលើ ម្ចាស់ដែលជាឧកញ៉ានោះ មិនបានចេញមុខមកទទួលខុសត្រូវ ថាជាឈើរបស់ខ្លួននោះទេ តែនៅពីក្រោយខ្នងវិញ ឧកញ៉ាម្ចាស់ឈើរូបនេះ បានរត់ការខ្វែងដៃខ្វែងជើង ដើម្បីរកការអន្តរាគមន៍ អោយមានការដោះលែងក្រោមរូបភាព ធ្វើឲ្យទៅជាឈើស្របច្បាប់វិញ។
ប្រភពដ៏គួរឲ្យទុកចិត្តនោះ បានបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងកន្លែងសិប្បកម្មនោះ មានផ្ទុកឈើជាច្រើនគរដូចភ្នំ ដែលមានតម្លៃរាប់សែនដុល្លារ ហើយមិនដែលត្រូវបានអាជ្ញាធរ ជាពិសេសរដ្ឋបាលព្រៃឈើ ចុះពិនិត្យមើលនោះឡើយ។
ពាក់ព័ន្ធនឹងករណីចាប់ឈើនេះ សមត្ថកិច្ចមិនបានប្រាប់ឲ្យដឹង ពីឈ្មោះម្ចាស់ជាផ្លូវការនោះទេ ព្រោះមានអ្នកចេញមុខអះអាងទទួលខុសត្រូវជំនួស។
សូមជំរាបថា កាលពីយប់ម៉ោង ១០ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន កម្លាំងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ ព្រមទាំងសមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញារង ទី មុន្និន បើកប្រតិបត្តិការឆែកឆេររថយន្ដកុងតឺន័រ ៣គ្រឿង ឃើញឈើប្រណិតជាង ២០០ដុំ ត្រូវបានបង្កប់នៅក្នុងរថយន្ដនោះ។ តាមមន្ដ្រីរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដកុងតឺន័រទី១ ពាក់ស្លាកលេខ 2B-8006 ទី២ ពាក់ស្លាកលេខ 3C-3325 ពណ៌ខ្មៅ និងទី៣ ពាក់ស្លាកលេខ 3A-5674 ពណ៌ស បើកបរដោយឈ្មោះ ចាន់ មុនី្ន អាយុ ៣២ឆ្នាំ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងព្រូរថយន្ដម្នាក់ទៀត ឈ្មោះ ហឿន ពុទ្ធា អាយុ ២៤ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ។

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567