Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 16 January 2014

កែវ សុទ្ធី OCIC

OCIC កំពុង​សង់​ផ្សារ​ជូន​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​បុរី​ជ្រោយ​ចង្វារ

140116_04
ទិដ្ឋភាព​នៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត ។ រូបថត ហឹុន ពិសី
ភ្នំពេញៈ ក្រុមហ៊ុន​អាណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស (OCIC) ពេល​នេះ​កំពុង​សង់​ផ្សារ​ថ្មី​មួយ​កន្លែង​ដែល​មាន​កម្ពស់​ចំនួន ២ ជាន់​សម្រាប់​ធ្វើ​ជា​កន្លែង​លក់​ទំនិញ​ជូន​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ ពី​គម្រោង​អភិវឌ្ឍន៍​បុរី ជ្រោយ​ចង្វារ ទីក្រុង​នៃ​អនាគត។
លោក កែវ សុទ្ធី ជំនួយការ​អគ្គ​នាយក​រង​ធនាគារ កាណាឌីយ៉ា ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន OCIC បាន​ប្រាប់​ថា ការ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​គម្រោង​អភិវឌ្ឍន៍​បុរី​ជ្រោយ​ចង្វារ​ដែល គ្រប​ដណ្តប់​លើ​សង្កាត់​ចំនួន​បី គឺ​សង្កាត់ ជ្រោយ​ចង្វារ សង្កាត់ ព្រែក​លៀប និង​សង្កាត់ ព្រែក​តាសេក បាន​និង​កំពុង​ចាប់​ផ្តើម។
លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ដោះស្រាយ​រួច​រាល់​លើ ៧០ ក្បាល​ដី​រួច​មក​ហើយ។ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់ ព្រែក​តាសេក ត្រូវ​បាន​ដោះស្រាយ​ជូន​មុន​គេ។ ប្រជា​ពលរដ្ឋ​អាច​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ជា​តូប​ផ្សារ​ផ្ទះ​ពី ១ ទៅ ២ ល្វែង អាស្រ័យ​លើ​ទំហំ​ដី​របស់​ពួក​គេ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ។
លោក​បាន​ថ្លែង​ថា៖ «ចាប់​តាំង​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​មក ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​អភិវឌ្ឍ​គម្រោង​ខាង​លើ​នេះ​ជាប់​រហូត។ ក្រុមហ៊ុន​ធ្វើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជា​ពលរដ្ឋ​តាម​ជំហាន ហើយ​បើ​ប៉ះ​ចំ​កន្លែង​ណា​ដោះស្រាយ​កន្លែង​នោះ»។
លោក​បាន​ប្រាប់​ទៀត​ថា៖ «ពេល​នេះ​ក្រុមហ៊ុន​កំពុង​ចាក់​ដី​បំពេញ​ដើម្បី​ត្រៀម​ចាប់​ផ្តើម​សង់​ផ្ទះ​ ល្វែង និង​អគារ​ស្នាក់នៅ​រួម​លក់​ជូន​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ ​រាជធានី​ភ្នំពេញ​ដោយ​យើង​នឹង​លក់​ផ្ទះ​ក្នុង​តម្លៃ​ទាប ព្រម​ទាំង​ផ្តល់​សេវាកម្ម​បង់​រំលស់​ជូន​ពួក​គាត់​ទៀត​ផង។ ឈ្មោះ​មន្ត្រី​រាជការ​សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ផ្តល់​ជូន​មក​ក្រុមហ៊ុន​នៅ​ពេល​ខាង​មុខ»។
តាម​គម្រោង​ការ​អភិវឌ្ឍន៍​បុរី ជ្រោយ​ចង្វារ ទីក្រុង​នៃ​អនាគត​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក។
លោក កែវ សុទ្ធី បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​សង់​ផ្លូវ​មេ​ថ្មី​មួយ​ក្នុង​ទីក្រុង​រណប​នេះ ដែល​ស្រប​គ្នា​នឹង​ផ្លូវ​ជាតិ​លេខ ៦ ព្រម​ទាំង​មាន​គម្រោង​សង់​ស្ពាន​ថ្មី​មួយ​ទៀត​ដែល​ស្ថិត​នៅ​ម្តុំ​ឃ្លាំង​ សាំង​ក្រុមហ៊ុន សូគីម៉ិច ឆ្ពោះ​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​សាង​សង់​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ដោះស្រាយ​ផល​ ប៉ះពាល់​ចំពោះ​ប្រជាជន​ពី​គម្រោង​អភិវឌ្ឍន៍​នេះ ដោយ​មក​ដល់​ពេល​នេះ​បាន​ដោះស្រាយ​ជាមួយ​ប្រជាជន​បាន​ច្រើន​គ្រួសារ​រួច ហើយ ហើយ​រំពឹង​ថា ការ​ដោះស្រាយ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៤ ខាង​មុខ​នេះ។
ទាក់​ទង​នឹង​ចំនួន​មន្ត្រី​រាជការ​មាន​ប្រាក់​ចំណូល​ទាប​ដែល​សាលា​ រាជធានី​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​នោះ​លោក ឌីម៉ង់ មាន​ប្រសាសន៍​ថា៖ «សាលា​រាជធានី​មិន​បាន​ស្រាវជ្រាវ ឬ​ចង​ក្រង​នោះ​ទេ ព្រោះ​យើង​មិន​ដឹង​ថា មាន​មន្ត្រី​រាជការ​មាន​ប្រាក់​ចំណូល​ទាប​ប៉ុន្មាន​គ្រួសារ​នៅ​ទូទាំង​ ប្រទេស​ឡើយ»។
លោក ហ៊ុន ឆុន ចៅ​សង្កាត់ ព្រែក​តាសេក មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ ប៉ុន្តែ​លោក ព្រាប មុនី ចៅ​សង្កាត់ ព្រែក​លៀប បាន​និយាយ​ថា ខាង​ក្រុមហ៊ុន​និង​សាលា​រាជធានី​ភ្នំពេញ​បាន​ថយ ១០០ ម៉ែត្រ ពី​ផ្លូវ​ជាតិ​លេខ ៦ និង​ឃ្វៀល​លំនៅឋាន​របស់​ប្រជាជន​ចេញ​ដោយ​ព្យាយាម​ធ្វើ​មិន​ឲ្យ​ប៉ះពាល់។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​មាន​ប៉ះពាល់​ដី​ប្រជាជន​ចំនួន ២០០ គ្រួសារ​ផង​ដែរ ដោយ​អ្នក​ខ្លះ​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​នេះ និង​មួយ​ចំនួន​ទៀត​ជា​អ្នក​នៅ​ខាង​ក្រៅ។
លោក​បាន​អះអាង​ថា៖ «ការ​ដោះស្រាយ​របស់​ក្រុមហ៊ុន​ល្អ គឺ​មាន​ភាព​ទន់​ភ្លន់​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នេះ​សម្រេច លក់​ដី​ជូន​ក្រុមហ៊ុន​ជា​បណ្តើរៗ។ ខ្លះ​ដូរ​យក​ផ្ទះ​តាម​រយៈ​ការ​ចរចា​រវាង​តម្លៃ​ដី និង​ផ្ទះ​ដែល​ក្រុមហ៊ុន​សង់​លក់​នៅ​ពេល​ខាង​មុខ»។
លោក ពេជ សារឿន ចៅ​សង្កាត់ ជ្រោយ​ចង្វារ បាន​ប្រាប់​ថា ម្ចាស់​ក្បាល​ដី​ក្នុង​មូលដ្ឋាន​របស់​លោក​ចំនួន ៥៥ គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ខាង​លើ។ ចំណែក​អ្នក​នៅ​ខាង​ក្រៅ​ដែល​ទិញ​ដី​នៅ​ក្នុង​សង្កាត់ ជ្រោយ​ចង្វារ លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។
លោក​បន្ត​ថា ក្នុង​ចំណោម​ម្ចាស់​ក្បាល​ដី​ទាំង ៥៥ គ្រួសារ​នោះ មាន​ម្ចាស់​ក្បាល​ដី​ចំនួន ២ ហើយ​ដែល​ទទួល​យក​គោល​ការណ៍​ដោះស្រាយ​របស់​ក្រុមហ៊ុន។
សង្កាត់ ជ្រោយ​ចង្វារ ទទួល​រង​ផល​ប៉ះ​ពាល់​ច្រើន​ជាង​គេ ពី​គម្រោង​អភិវឌ្ឍន៍​ខាង​លើ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ចំនួន​ជាក់​លាក់​ពី​ផល​ប៉ះពាល់​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​បូម​ដី​មក​ដល់​តំបន់​នេះ​នៅ​ឡើយ​ទេ។
លោក សារឿន បាន​ថ្លែង​ថា៖ «យើង​បាន​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​ដល់​ប្រជាជន​ឲ្យ​បាន​ដឹង​ពី​ការ​បូម​ ខ្សាច់​ចូល​តំបន់ និង​ពី​ហេតុ​ផល​ដែល​ពួក​គេ​អាច​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ​លើ​ដី​ដែល​ក្រុមហ៊ុន​បាន​ប៉ះពាល់»៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567