Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 28 January 2014

Ly Sokun_Called Yeay Kdam_RTK logger


មេឈ្មួញ ​រក​ស៊ី​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ថ្លើម​ធំ​ហ៊ាន​រត់​ការ​ដោះ​ដូរ​ទី​តាំ​ង​ប៉ុស្ត៏​នគរបាល​ខ្លាំ​ង​ជា​ង​ ក្រសួង​មហា​ផ្ទៃ​ទៀត

ខេត្តកំពង់ចាម ៖ដី​​ទី​តាំង​​ ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​​ដារ ដែល​មាន​​ត​ម្លៃ​ជាង ៣០​​ម៉ឺន​​ដុ​ល្លារ​​អា​មេ​រិក ត្រូវ​បាន​​មេ​​ឈ្មួញ រក​ស៊ី​​ឈើ​​គ្រ​ញូង ដ៏​​មាន​​ឥ​ទ្ធិពល​​ម្នាក់​​ឈ្មោះ លី សុ​គ​ន្ធ ហៅ​​យាយ​​ក្តាម ដែល​មាន​​ស្វា​មី​​ឈ្មោះ សៀ ត្រៃ មាន​​តួ​នា​ទី​​ជា អនុ​ប្រ​ធាន​​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​ដូង បាន​រត់ការ​ដោះដូរ​ទីតាំង តាមរបៀប​ពុករលួយ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ ឡើងវិញ​ជាបន្ទាន់​។ បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​និង​ទិញ​ដី មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ គឺ​មិនមាន​តុល្យភាព​ទៅនឹង​តម្លៃ​នៃ​ទីតាំង​ចាស់ ដែលមាន​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ មិន​ប្រក្រតី​នេះ បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន ខ្វែងគំនិត​គ្នា​ផងដែរ​។​
​មន្ត្រី​សាលាស្រុក​មេមត់​មួយចំនួន បាន​លួច​ខ្សឹបខ្សៀវ​ថា ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ នៃ​ស្រុក​មេមត់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក បើ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រ ស្មើរ​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ប្រើប្រាស់​អំណាច​ស្វាមី យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង ហើយ​ដី​ដែល​សង់​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ​ថ្មី មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ​និង​បណ្តោយ ៤៥​ម៉ែត្រ ចំណាយ​ថវិកា​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ទេ​។ មានការ​ឃុបឃិត​គ្នា​រត់ការ​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ ហើយ​គេ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​ទេ សូម្បីតែ​ក្រសួងមហាផ្ទៃ ក៏​ទំនងជា​មិនបាន​ដឹង​អំពី ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ​នោះដែរ​។​
​មកដល់ពេលនេះ អតីត​ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដែលមាន​តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ធ្វើ​របង​ហ៊ុំព័ទ្ធ ជា​កម្មសិទ្ធិ​របស់​ខ្លួន យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បើ​និយាយ​ពី​លោក សៀ ត្រៃ វិញ មិន​ត្រឹមតែ​ប្រើ​ស្បែក ជា​នគរបាល​ជួយ​សម្របសម្រួល សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឃុបឃិត ប្រើប្រាស់​ឥទ្ធិពល ក្នុងការ​ដោះដូរ​ដី​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដោយ​មិន​ប្រក្រតី​ផងដែរ​។ មន្ត្រី​សាលាស្រុក​មេមត់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​១៩៩៧ អតីត​ដី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ ដែលមាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​រដ្ឋ​ខ្ចី​ពី​ប្រជាជន​ម្នាក់ ដែល​គាត់​បាន​កាន់កាប់ តាំងពី​ឆ្នាំ​១៩៧៩​។​
​ម្ចាស់​ដី​ដែល​ត្រូវបាន​រដ្ឋ​ខ្ចី យកទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​លោក យិន សូ​ផា ជា​មេឃុំ​ដារ ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ប្តី​ឈ្មោះ សៀ ត្រៃ បាន​យក​ដី​របស់​រដ្ឋ ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ ម្ចាស់​បណ្តឹង​ត្រូវគេ​ស្គាល់​ថា ឈ្មោះ សួស ស្អំ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​អះអាងថា គាត់​បានរស់នៅ និង​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៧ នគរ​បាល​មូលដ្ឋាន បាន​ខ្ចី​ដី​របស់គាត់ ទៅ​សាងសង់​ទីស្នាក់ការ​ប៉ុស្តិ៍ ហើយ​ក្រោយមក​ឈ្មោះ សួស ស្អំ ក៏បាន​ប្តឹង​ទាមទារ​យក​ដី​មកវិញ ស្ថិតក្រោម​ចំណាត់ការ របស់​គណៈកម្មការ ដោះស្រាយ​ជម្លោះដីធ្លី ខេត្តកំពង់ចាម ដែល​កាលណោះ​មានការ​សម្របសម្រួល កាត់​ដី​ខាងលើនេះ ជូន​លោក សួស ស្អំ វិញ​បាន​ក្បាលដី​ប្រវែង ២០​ម៉ែត្រ ហើយ​នៅសល់ ៣០​ម៉ែត្រ​ទៀត​ទុក​ជូន​រដ្ឋ សម្រាប់​សាងសង់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​។
​ក្រោយមកទៀត ដី​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៧០​ម៉ែត្រ​នោះ មិនបាន​សាងសង់ ធ្វើជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​នោះទេ បែរជា​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​មាន​ឥទ្ធិពល​ធ្វើ​របង ហ៊ុំព័ទ្ធ​យក​ធ្វើ​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ចំណាយលុយ សាងសង់ ទីស្នាក់ការ​ប៉ុស្តិ៍​ថ្មី​មួយ នៅ​លើដី​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​ចំណាយលុយ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ ដោយ​ជ្រក​ក្រោម​ស្លាក ដោះដូរ​ទីតាំង គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏ដូច​ជា​ក្រសួងមហាផ្ទៃ​។ នៅពេល​ទទួលបាន​ពាក្យបណ្តឹង របស់​ឈ្មោះ សួស ស្អំ ក៏មាន​ការប្រជុំ ក្រុមប្រឹក្សាឃុំ​ដារ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ សម្រេច​រក្សាទុក ដី​ប៉ុស្តិ៍​នគរបាល​ឃុំ​ដារ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​មាន ការដោះដូរ​ទីតាំង​ទេ ហើយ​ក៏បាន​បញ្ជូន របាយការណ៍​ទៅកាន់ សាលាស្រុក​មេមត់ មក​ចាត់​ការបន្ត អាច​បញ្ជាក់បាន​ថា អាជ្ញាធរ​មូលដ្ឋាន មិនបាន​ឯកភាព​ចំពោះ​ការដោះដូរ​ទីតាំង  ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ របស់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម នោះ​ទេ​។​
​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​បាន​ដឹងឮ រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ បានទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ឡើងវិញ ចំ​ពោះ​​ចំណាត់​ការដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ស្វាមី​ជា មន្ត្រីនគរបាល​ឈ្មោះ សៀ ត្រៃ ដែល​បាន​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមតែ​អំពើ​ចិត្ត តាម​របៀប​យក​ឆ្នាំងដី ដូរ​យក​ឆ្នាំង​ដែក គឺ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បាន​យក​អតីត​ដី​ប៉ុស្តិ៍​ឃុំ​ដារ ដែលមាន​តម្លៃ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​សង់​ប៉ុស្តិ៍​រដ្ឋបាល លើ​ទីតាំង​ថ្មី​មួយ ដែលមាន​តម្លៃ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ​។ អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​៕
Wat-post-da12

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567