Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 29 January 2014

លោក សុខ អាន ទាត់ចោល​របាយការណ៍​រួម​របស់ ERA ស្តីពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​

ភ្នំពេញ: ​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បកស្រាយ​បំភ្លឺ ចំពោះ​របាយការណ៍​រួម​របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ERA ស្តីពី​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយបាន​ហៅ​របាយការណ៍​រួម​នោះ​ថា បានធ្វើ​ឡើង បំភ្លៃ​ការពិត ភូតកុហក់​សាធារណមតិ​ជាតិ  អន្តរជាតិ និង​ដើម្បី​តែ​គាប់ចិត្ត​អ្នកនយោបាយ​គណបក្សប្រឆាំង​តែប៉ុណ្ណោះ​។​
​ នៅក្នុង​ឱកាស​នេះ ក៏មាន​ការផ្សព្វផ្សាយ សៀវភៅ​ដែល​ផលិត​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជា​ភាសា​ខ្មែរ និង​អង់គ្លេស បកស្រាយ​បំភ្លឺ ចំពោះ​របាយការណ៍​រប​ស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ជូន​ដល់​អ្នកចូលរួម​ស្តាប់​បទ​ប​ឋ​កថា ហើយ​សៀវភៅ​នេះ ក៏មាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែលមាន​អ​សយ​ដ្ឋា​ន www.pressocm.gov.kh  ផងដែរ​។​
​មានប្រសាសន៍​ទៅកាន់​ អ្នកចូលរួម​ស្តាប់ មកពី​តំណាង​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា  ក្រុមយុវជន និង​តំណាង​មកពី​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន សរុប​ប្រមាណ​១៥០០​នាក់ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការ​បកស្រាយ ពន្យល់​យ៉ាង​ពិស្តារ​ជុំវិញ​ស្ថានការណ៍​នយោបាយ​ពិត​នៅ​កម្ពុជា និង​អំពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​នាពេល​កន្លងមក តប​ទៅនឹង​របាយការណ៍​បំ​ភ្លើ​សរ​បស់ ERA ដែល​រួមមាន​៖

១.​របាយការណ៍​ រួម ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​កម្ពុជា របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (​ហៅ​កាត់​ថា របាយការណ៍​រួម​របស់ ERA) បាន​ចោទថា គ​.​ជ​.​ប ធ្វើការ​ពុំមាន​តម្លាភាព ប៉ុន្តែ​តាមពិត គ​.​ជ​.​ប ធ្លាប់​បានរៀបចំ​ការបោះ​ឆ្នោត​ចំនួន​១១​លើក​រួចមកហើយ ដែល​ធ្លាប់​បានទទួល​ការកោតសរសើរ​ពី​អ្នកសង្កេតការ​បោះឆ្នោត​អន្តរជាតិ ថា “​ការបោះឆ្នោត​នៅ​កម្ពុជា ជា​អច្ឆរិយៈ​នៅតាម​ដង​ទន្លេមេគង្គ​”​។
២.​ របាយការណ៍​រួម​របស់ ERA នេះ លើកឡើងថា បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនមាន​តុល្យភាព​។ ផ្ទុយទៅវិញ របាយការណ៍​នេះ​ពុំបាន​រំលេច​ឡើង​អំពី Facebook ឬ​YouTube ដែលមាន​ចរិត​បំភ្លៃ បំផ្លើស ធ្វើ​វិទ្ធង្សនា និង​បង្កចលាចល​ដល់​សង្គម​នោះទេ​។ ដោយឡែក CNRP បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​តាម​វិទ្យុ​សំបុក​ឃ្មុំ វិទ្យុ​មហានគរ វិទ្យុ​សំឡេង​ស្ដ្រី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ  VOA និង RFA ព្រមទាំង ភ្នំពេញ​ប៉ុស្ដិ៍ ខេ​ម​បូ​ឌា​ដេលី មនសិការ​ខ្មែរ និង​នគរធំ ជាដើម​។ សារព័ត៌មាន​ទាំងនេះ​ភាគច្រើន​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជមាន មួលបង្កាច់​រាជរដ្ឋាភិបាល និង CPP ។ ក្នុងអំឡុងពេល​១​ខែ នៃ​យុទ្ធនា​ការបោះឆ្នោត គ​.​ជ​.​ប បាន​បែងចែក​ពេលវេលា​ស្មើៗ​គ្នា​ដល់​គណបក្សនយោបាយ តាម​បណ្ដាញ​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​។​
៣.​របាយការណ៍​រួម​របស់ ERA នេះ​បាន​ទទួលស្គាល់ថា នៅ​កម្ពុជា មាន​លិខិតបទដ្ឋាន​គតិយុត្ត​គ្រប់គ្រាន់​ដើម្បី​ធានា​នូវ​តម្លាភាព​និង​ អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កម្លាំងប្រដាប់អាវុធ​ក្នុង​សកម្មភាព​នយោបាយ ប៉ុន្តែ​មិនត្រូវ​បាន​អនុវត្ត ព្រោះ​ពួកគេ​នៅតែ​ចូលរួម​ក្នុង​សកម្មភាព​របស់​គណបក្ស​នយោបាយ​ដដែល​។ ការលើកឡើង​នេះ​គឺ​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ នីតិវិធី​ផ្ទៃក្នុង​របស់ គ​.​ជ​.​ប ក៏ដូចជា​លិ​ខិ​តូ​បក​រណ៍​នានា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ហើយ​សូម្បីតែ លោក ស៊ូ​រី​យា ស៊ូ​ប៊ែ​រ​ឌី ក៏​យល់ឃើញថា មន្ត្រី​មាន​សិទ្ធិសេរីភាព ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​ក្រៅ​ម៉ោង​បំពេញការងារ​។
៤.​របាយការណ៍ ​រួម​របស់ ERA នេះ បាន​បង្ហាញថា អង្គការ NDI បានធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​ចោទ គ​.​ជ​.​ប ថា បានធ្វើឱ្យ​បាត់ឈ្មោះ​១,០៤​លាន​នាក់ ចំណែកឯ COMFREL ថា បាត់ឈ្មោះ ១,២៥​លាន​នាក់​។ នៅ​ខែតុលា​ឆ្នាំ​២០១៣​នេះ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ពិតប្រាកដ​បានតែ ១៨៧.១១១​នាក់ រួមទាំង​លោក សម រង្ស៊ី និង​យុវជន​គ្រប់​អាយុ​១៨​ឆ្នាំ​ផង​។ ប្រសិនបើ​ពិត​ដូច​ការរកឃើញ​របស់ NDI និង COMFREL និង​ដូច CNRP បាន​ចោទថា មនុស្ស​ជាង​១​លាន​នាក់ ត្រូវបាន គ​.​ជ​.​ប លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​នោះ តើ​ពួកគាត់​នៅឯណា​? ហេតុអ្វី​បានជា​អង្គការ​ទាំងពីរ និង CNRP មិន​ប្រមូល​មនុស្ស​ទាំងអស់នោះ មក​ចុះឈ្មោះ​នៅ​ខែតុលា ឆ្នាំ​២០១៣​នេះ​?
៥.​របាយការណ៍​រួម​របស់ ERA នេះ ក៏បាន​ចោទថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០% បាន​បាត់ឈ្មោះ ឬ​ឈ្មោះ​គាត់​ត្រូវបាន​អ្នកដទៃ​បោះឆ្នោត​រួចហើយ នៅ​ការិយាល័យ​មួយ​ស្ថិតនៅ​សាលារៀន​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់​។ តាម​ការអះអាង​របស់​ប្រធាន CEC ថា នៅ​ថ្ងៃ​បោះឆ្នោត មាន​សកម្មជន​របស់ CNRP មួយក្រុម​ជិត ១០០​នាក់ ក្នុងនោះ​មានតែ​៤-៥​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​នេះ បាន​បង្ក​ភាពចលាចល​ថា បាត់ឈ្មោះ គ្មាន​ឈ្មោះ ទឹកខ្មៅ​អាច​លាង​ជ្រះ ស្រែកថា “​លេខ​៧​ៗ​”​។​ក្រុម​នេះ​បាន​គំរាម​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ថា “​ចេញពី​ការិយាល័យ​នឹង​សម្លាប់ចោល​” ជាដើម​។ តាម​ការពិត នៅ​មណ្ឌល​នេះ​ពុំមាន​អ្វី កើត ឡើង​ទេ លើកលែងតែ​ករណី​លោកស្រី​ម្នាក់​ដែល​អះអាងថា ឈ្មោះ​គាត់​ត្រូវបាន​គេ​បោះ​រួច​។ ក្នុង​ខែតុលា កន្លងមកនេះ នៅ​សង្កាត់​បឹងទំពន់ មាន​អ្នក​ចុះឈ្មោះ​ថ្មី ត្រឹមតែ​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ​។ ទិន្នន័យ​នេះ គឺជា​ភស្តុតាង​បញ្ជាក់ថា របាយការណ៍​រួម​នេះ​បាន​ប្រឌិត​តួលេខ ដើម្បី​ភូតកុហក ដោយ​ប្រើពាក្យ​ស្រាវជ្រាវ​ជា​ខែល​ប៉ុណ្ណោះ​។​
៦.​របាយការណ៍​រួម​របស់ ERA នេះ បាន​លើក​អំពី​ឈ្មោះ​ស្ទួន ដែល​អាច​លួច​បន្លំ​សន្លឹកឆ្នោត ដូចជា​៖ អ្នក​មិនមាន​សិទ្ធិ​បោះឆ្នោត​បាន​បោះឆ្នោត អ្នកមាន​ឈ្មោះ​ស្ទួន​បោះឆ្នោត​បាន​ច្រើនជាង​មួយដង និង​មន្ត្រី​ការិយាល័យ​បោះឆ្នោត​អាច​ញាត់​សន្លឹកឆ្នោត​ចូល​ហិប​ឆ្នោត​។ តាម​នីតិវិធី​នៃ​ការ​លុបឈ្មោះ ទាល់តែ​មានការ​ស្នើសុំ​ពី​សាមីខ្លួន ឬ​អ្នក​ទី​បី​ដោយមាន​ភស្តុតាង​ច្បាស់លាស់ ទើប គ​.​ជ​.​ប អាច​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​បាន​។ តាមច្បាប់​បោះឆ្នោត គណបក្សនយោបាយ​មាន​សិទ្ធិ​ប្ដឹង​ស្នើសុំ​បញ្ចូល​ឈ្មោះ​ដែល​បាត់ ឬ​លុបឈ្មោះ​ស្ទួន ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ ហេតុអ្វី​បានជា​គណបក្សប្រឆាំង​មិន​ចូលរួម​អនុវត្ត​សិទ្ធិ​របស់ខ្លួន​?
​ តើ​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត អាច​បោះឆ្នោត​បាន​ដោយ​ប្រើប្រាស់​ឈ្មោះ​អ្នកដទៃ និង​អ្នក​លួច​ញាត់​សន្លឹកឆ្នោត​ក្នុង​ហិប​ឆ្នោត បាន​យ៉ាងដូចម្តេច បើ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន​៦​នាក់ តំណាង​គណបក្ស និង​អ្នកសង្កេតការណ៍ COMFREL មាន​៧​នាក់ ក្នុងនោះ​មាន CPP តែ​២​នាក់ នៅ​ការិយាល័យ​បោះឆ្នោត​? ចំណែក​មេដឹកនាំ CNRP តែង​ចោទ គ​.​ជ​.​ប ថា ជា​ចោរលួច​សន្លឹកឆ្នោត ដូច្នេះ​មានន័យថា មេដឹកនាំ​ទាំងនេះ​កំពុងតែ​ចោទ​តំណាង​របស់ខ្លួន និង COMFREL ថា អ្នក​ទាំងអស់នោះ​សុទ្ធសឹងតែ​ជា​ចោរ ទើប​អាច​លួច​សន្លឹកឆ្នោត​បាន​។​
៧.​ អំពី​ការចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត (​ប័ណ្ណ​ខៀវ​)៖ ប្រជាពលរដ្ឋ​តែងតែ​បាត់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​។ ការចេញ​ប័ណ្ណ​ខៀវ​នេះ គឺ​ដើម្បី​ធានា​ដល់​សិទ្ធិ​ពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​។ ប័ណ្ណ​ខៀវ​ត្រូវបាន​ចែក​សម្រាប់​បោះឆ្នោត​ឆ្នាំ​២០១៣ ចំនួន ១.៨៦០.៤៩១​សន្លឹក ក្នុងនោះ​ចំនួន ២៧២.៤៤៧ សន្លឹក ចេញ​មុនពេល​បោះឆ្នោត​។ របាយការណ៍​រួម​របស់ ERA លើកឡើងថា តួលេខ​ប័ណ្ណ​ខៀវ​ចេញ​ចុងក្រោយ មាន​ប្រហែល​នឹង​សំឡេងឆ្នោត​ដែល CPP ឈ្នះ CNRP ដើម្បី​ធ្វើឱ្យ​អ្នកអាន​យល់ច្រឡំ​ថា គ​.​ជ​.​ប ធ្វើ​ប័ណ្ណ​ខៀវ​មុនពេល​បោះឆ្នោត ឱ្យ​អ្នកគាំទ្រ CPP ទើបបានជា CPP ឈ្នះ​ប្រហែល​២៨​ម៉ឺន​សម្លេង​។ ដើម្បី​ទាញ​ការសន្និដ្ឋាន​ទៅរក​ការលួចបន្លំ​សន្លឹកឆ្នោត​ឱ្យ​កាន់​តែមាន​ ទម្ងន់ របាយការណ៍​នេះ​បាន​ប្រឌិត​ករណី​ឈ្មោះ ចាន់ សាន់ ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។​
៨.​របាយការណ៍​រួម​នេះ ក៏បាន​លើកឡើង​ផងដែរ​អំពី​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ប្រហែល ៩.៤៤២.៨០២​នាក់ ដែល​តួលេខ​នេះ គ្រាន់តែ​ជាការ​ព្យាករណ៍​នៅ​ឆ្នាំ​២០០៨ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៩.៦៧៥.៤៥៣​នាក់​។ ការចុះបញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ធ្វើ​ដោយ​ដៃ ដែល​អាច​មិនបាន​ត្រឹមត្រូវ ១០០% ទេ​។ តួលេខ​ខុសគ្នា​អាច​បណ្ដាលមកពី​មូលហេតុ​៖ ទីមួយ គឺ​ប្រជាពលរដ្ឋ​ផ្លាស់​ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ហើយ​ភាគច្រើន​ពុំបាន​លុបឈ្មោះ​នៅ​កន្លែងចាស់​ទេ​។ ទី​ពីរ គឺ​ឃុំ​-​សង្កាត់​ភាគច្រើន​ពុំ​ប្រើប្រាស់​កុំព្យូទ័រ​ឬ​ពុំមាន​អ៊ីនធឺណិត ដែល​ពិបាក​ផ្ទៀងផ្ទាត់ ថា​តើ​អ្នកស្នើសុំ​ចុះឈ្មោះ​ធ្លាប់បាន​ចុះឈ្មោះ​រួចហើយ​ឬ​នៅ​។ អាជ្ញាធរ​ឃុំ​-​សង្កាត់​ពុំមាន​សំអាង​ផ្លូវច្បាប់​ដើម្បី​ស្នើសុំ គ​.​ជ​.​ប លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ទេ បើ​គ្មាន​សំណើ​ពី​សាមីខ្លួន ឬ​អ្នក​ទី​បី​ប្តឹង​សុំ​លុប​។
៩.​របាយការណ៍​រួម​របស់ ERA បាន​ចោទថា​មាន​ការិយាល័យ ចំនួន​៧៧ នៃ​ការិយាល័យ ១៥.០៧៥ មាន​សន្លឹកឆ្នោត​មិនបានការ​ចន្លោះ​ពី​១០០ ទៅ ៥០០​សន្លឹក​។ តាម​តួលេខ​ពី គ​.​ជ​.​ប នៅ​ទូទាំងប្រទេស ការិយាល័យ​ដែលមាន​សន្លឹកឆ្នោត​មិនបានការ​ច្រើនជាងគេ គឺ​ការិយាល័យ​លេខ​០៣២៦ នៅ​ខេត្តសៀមរាប ដែលមាន​សន្លឹកឆ្នោត​មិនបានការ​ចំនួន​១៣៧​សន្លឹក​។​
១០.​ របាយការណ៍​រួម​របស់ ERA បានលើកឡើង​ដែរ​ថា ក្នុង​ខេត្តសៀមរាប​និង​បន្ទាយមានជ័យ នៅ​ឆ្នាំ​២០១២ មាន​២៤​ការិយាល័យ លុបឈ្មោះ​អ្នកបោះឆ្នោត​ពី​បញ្ជី​បោះឆ្នោត​លើសពី ៥០%​។ តាមពិត នៅ​ការិយាល័យ​មួយចំនួន​ក្នុង​ខេត្ត​ទាំងពីរ មានការ​លុបឈ្មោះ​មែន​ប៉ុន្តែ​អ្នកសរសេរ​របាយការណ៍​រួម​នេះ​ពុំបាន​ ស្រាវជ្រាវ​ទេ គ្រាន់តែ​ចោទថា​មាន​ភាពមិនប្រក្រតី​ប៉ុណ្ណោះ​។ តាមពិត កងកម្លាំងប្រដាប់អាវុធ​ដែល​ត្រូវបាន​ផ្លាស់​ទីកន្លែង​តាម​ព្រំដែន ត្រូវបាន​លុបឈ្មោះ​ចេញពី​ការិយាល័យ​ចាស់ រួច​ទៅ​ចុះឈ្មោះ​នៅ​ការិយាល័យ​ថ្មី​តែប៉ុណ្ណោះ​។​
១១.​របាយការណ៍​រួម​ របស់ ERA បាន​យក​ការស្រាវជ្រាវ​ពី​អង្គការ ដែល​ដាក់ឈ្មោះថា​ជា “​អង្គការ​ឯករាជ្យ​” និង “​ភ្នាក់ងារ​ឯករាជ្យ​”​។ តាម​ប្រភពព័ត៌មាន​ច្បាស់ការ​បានឱ្យដឹងថា ប្រធាន​អង្គការ​មួយ​ដែល​បានរួម​ចំណែក​ក្នុងការ​ចងក្រង​របាយ​ការណ៍​រួម​របស់ ERA នេះ ក៏​ធ្លាប់បាន​ជួបប្រជុំ​នាពេល​ថ្មីៗ​នេះ ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ផ្តល់យោបល់​ថា​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាមរបៀប​អំណាច​ប្រជាជន ឬ​បដិវត្ត​ពណ៌​។ តើ​សកម្មភាព​បែបនេះ អាច​ចាត់ទុកថា​ជា​អង្គការ​ឯករាជ្យ​បានដែរ​ឬទេ​?
១២.​រាជរដ្ឋាភិបាល​ទទួល ​ស្គាល់​ថា ទោះបីជា​មានការ​ប្រសើរ​ឡើង​នូវ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ប៉ុន្តែ​ការខ្វះចន្លោះ​នៅតែមាន ក្នុងពេល​បោះឆ្នោត​ម្តងៗ​។ ប៉ុន្តែ​ការខ្វះខាត​នេះ មិន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ​។ នៅក្នុង​សកលលោក គ្មាន​ប្រព័ន្ធ​បោះឆ្នោត​ណាមួយ​ដែល​ល្អឥតខ្ចោះ​១០០%​នោះទេ ហើយ​ការកែទម្រង់​ការបោះឆ្នោត​ក៏​មិនមែន​មានន័យថា ប្រព័ន្ធ​បោះឆ្នោត​មាន​កំហុសឆ្គង​នោះដែរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​កែទម្រង់​ការបោះ​ឆ្នោត និង​បានស្នើ​រដ្ឋាភិបាល​ជប៉ុន​ជួយឧបត្ថម្ភ​ក្នុងការ​ធ្វើកំណែទម្រង់​នេះ​។ ជា​លទ្ធផល ប្រទេស​ជប៉ុន​បាន​ឯកភាព​ជួយ​កម្ពុជា​ក្នុងការ​ធ្វើកំណែទម្រង់​នៃ​ដំណើរការ​ រៀបចំ​ការបោះ​ឆ្នោត​នេះ​។​
១៣.​បទពិសោធន៍​កាលពី​៣៥​ឆ្នាំមុន គឺជា​មេរៀន​ដ៏​ជូរចត់​ដែល​ប្រទេស​មួយចំនួន​បាន​គាំទ្រ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​។ បច្ចុប្បន្ន​ដូចគ្នានេះដែរ សាធារណជន​និង​ប្រទេស​មួយចំនួន ដែល​បាន​យល់ដឹង​អំពី​សភាពការណ៍ និង​អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា តាមរយៈ របាយការណ៍​រួម​នេះ បាន​គាំទ្រ​និង​ជឿ CNRP ដើម្បី​ចោទ​ប្រព័ន្ធ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា រាជរដ្ឋាភិបាល  និង​យន្តការ​សម្រាប់​ការអនុវត្ត​ការបោះឆ្នោត ថា​គ្មាន​យុត្តិធម៌ និង​តម្លាភាព​។
១៤. នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧​អាសនៈ និង CNRP ទទួលបាន​៥៦​អាសនៈ​។ COMFREL លែង​បន្ត​ផ្សព្វផ្សាយ​តួលេខ​នេះ​ទៀត ដើម្បី​ការពារ​ការ​ប្រឌិត​លទ្ធផល​បោះឆ្នោត​របស់​សម្ព័ន្ធមិត្ត​ខ្លួន​។ ចំណែកឯ​លោក កឹម សុខា ម្តង​បានប្រកាសថា CNRP ឈ្នះ ៧៦​អាសនៈ ហើយ​ម្តង​ទៀតថា ឈ្នះ ៦៣​អាសនៈ​។ លោក កឹម សុខា ម្តងថា​អង្គការ និង​ម្តងថា​ស្ថានទូត​បាន​ប្រា​ប់លោក​។ សំណួរ​សួរថា​៖ តើ​អង្គការ​ណា និង​ទូត​ណា សូម​លោក កឹម សុខា លើក​យកមក​ប្រាប់​ជា​សាធារណៈ​។​
១៥.​នៅ​ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ លោក កឹម សុខា បាន​ថ្លែង​ភូតកុហក​បាតុករ ដោយ​ប្រឌិត​រឿង​ថា “​ម្សិលមិញ​នេះ​គាត់ (​សម្ដេច​តេ​ជោ ហ៊ុន សែន​) ប្រុង​ចុះ​ហើយ ប៉ុន្តែ​ឥឡូវ​គេ (​វៀតណាម​) កោះហៅ​ភ្លាម​តែម្ដង​...​។ ខ្ញុំ​ខ្លាច​គេ (​វៀតណាម​) យកទៅដាក់​ថ្នាំ ស្រាប់តែ​មកវិញ​លែង​ចុះ​...​។​” ជាធម្មតា ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល​ទៅ​ក្រៅប្រទេស ត្រូវ​រៀបចំ​យ៉ាងហោចណាស់​ក៏ ២-៣​ខែ​មុន មិនមែន​ដូច​លោក កឹម សុខា និយាយ​នោះទេ​។ នេះ​គឺជា​សម្ដី​ភូតកុហក​បាតុករ​ដែល​មិន​យល់​អំពី​កិច្ចការរដ្ឋ​។
១៦.​នៅ ​គ្រប់​វេទិកា​CNRP តែង​ញុះញង់​ឱ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ទាមទារ​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ចុះចេញ​ពី​តំណែង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ម្តង​ហើយ​ម្តង​ទៀតថា សម្តេច​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី តាម​រដ្ឋធម្មនុញ្ញ ហើយ​ចុះ​ទៅវិញ​ក៏​តាម​រដ្ឋធម្មនុញ្ញ​ដែរ​។ បញ្ហា​របស់ CNRP គឺ​ការសន្យា​ជាមួយនឹង​ក្រុមបាតុករ​និង​អ្នកគាំទ្រ​របស់ខ្លួន ធំធេង​ពេក តាមរយៈ​ការ​ភូតភរ កុហក និង​ប្រឌិត​រឿង ដូច្នេះ​ឥឡូវ​ពិបាក​បែរក្រោយ​វិញ ហាក់បីដូចជា​បាន​ឡើងជណ្តើរ​ខ្ពស់​ពេក ហើយ​ឥឡូវនេះ ពួកខ្លួន​គ្មាន​ជណ្តើរ​ចុះមក​វិញ​។​
១៧.​យុទ្ធវិធី​របស់ CNRP គឺ​៖
-​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឱ្យ​ជឿថា គ​.​ជ​.​ប ពិតជា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​ដើម្បីឱ្យ​CPP​ឈ្នះ​មែន​។​
-​បន្ត​បញ្ឆេះ​កំហឹង និង​ពង្វក់ ដែលជា​យុទ្ធវិធី​ក្នុង​ការរក្សា​កម្លាំង ដោយ​ប្រើប្រាស់​សង្គ្រាម ចិត្តសាស្ត្រ​ផ្សេងៗ​។​
-​ទាក់ទាញ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ CPP ឱ្យ​ងាក​ទៅ​គាំទ្រ CNRP វិញ​។​
- ​ព្យាយាម​បញ្ចូល​មនោគមវិជ្ជា ភូតកុហក បំភ្លៃ បំផ្លើស និង​ប្រឌិត​រឿង​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត និង​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​ធ្វើឱ្យ​យុវជន​ភាន់ច្រឡំ និង​ធ្វើការ​សម្រេចចិត្ត​ខុស​។
១៨.​នា​ ខែកញ្ញា ក្នុងពេល​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ CPP និង CNRP លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បញ្ជាក់ថា ឈប់​ទាមទារ​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត  ទទួលស្គាល់​លទ្ធផល​ថា CPP ៦៨​អាសនៈ និង CNRP ៥៥​អាសនៈ និង​ទទួល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា និង​តុល្យភាព​នៃ​ប្រធាន​គណៈកម្មការ​រដ្ឋសភា ។
​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​ទទួលខុសត្រូវ​យ៉ាង​ធំធេង ចំពោះ​ការដែល​នាំឱ្យ​ក្រុមបាតុករ​អនាធិបតេយ្យ​ប្រព្រឹត្ត​នូវ​អំពើហិង្សា​ កន្លងមក តាមរយៈ​ការទាមទារ​មិន​សម​ស្របតាម​ស្មារតី​និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​គោលការណ៍​នៃ​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ ដែល​ទាមទារ​ឱ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ជាពិសេស ការទទួលខុសត្រូវ​ទាំងស្រុង​និង​មិនអាច​ប្រកែក​បាន​នូវ​ព្រឹត្តិការណ៍​នៅ​ ថ្ងៃទី​២ និង​ទី​៣ ខែមករា ឆ្នាំ​២០១៤​។ បន្ទាប់ពី​ក្បាលម៉ាស៊ីន​បាតុកម្ម ជាពិសេស​នៅ​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​រំសាយ​មក រោងចក្រ​ត្រូវបាន​បើកទ្វារ​វិញ ហើយ​កម្មករ​បាន​ចូលធ្វើការ​ជាធម្មតា​។
​ ប្រទេស​នីមួយៗ​មាន​ប្រវត្តិសាស្ត្រ មនុស្ស និង​វប្បធម៌​។ ដោយ​ផ្អែកលើ​កត្តា​ទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិ​ខិ​តូ​បក​រណ៍​គតិយុត្ត​គ្រប់​ប្រភេទ ត្រូវបាន​ត្រូវបាន​តាក់តែងឡើង ដើម្បី​ធានា​នូវ​ដំណើរការ​ដោយ​រលូន​នៃ​រដ្ឋាភិបាល​។ លើសពីនេះ​ទៀត ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​និង​ការទទួលខុសត្រូវ ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​។ ម្នាក់ៗ ត្រូវតែ​គោរព​នីតិរដ្ឋ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​បែរជា​ប្រព្រឹត្ត​នូវ​ទង្វើ​ផ្ទុយ​ពីនេះ​ទៅវិញ តាមរយៈ​ការបង្ក​ឱ្យមាន​ភាព​អាណាធិបតេយ្យ និង​អំពើហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​និង​សាធារណៈ ក៏ដូចជា​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដោយសារ​ការ​កៀរគរ​ហ្វូងមនុស្ស​ឱ្យ​ចូលរួម​ធ្វើបាតុកម្ម​ឥតឈប់ឈរ​នៅ​សួន​ ប្រជាធិបតេយ្យ និង​នៅតាម​ដងផ្លូវ​នានា​។ សំណួរ​សួរថា ហេតុអ្វី​បានជា​ប្រទេស  និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មួយចំនួន គាំទ្រ​ដល់​ឥរិយាបថ​បែបនេះ និង​បង្គាប់បញ្ជា​ឱ្យធ្វើ​ការផ្លាស់ប្តូរ​ទៅរក​វិធី​ដែល “​មិន​ស្របទៅនឹង​នីតិរដ្ឋ​” សម្រាប់​ការដឹកនាំ​ប្រទេស​នៅ​កម្ពុជា​ទៅវិញ​។ តើ​នេះ​ដោយសារតែ​កម្ពុជា​មិនមែនជា​ប្រទេស​របស់​ពួកគេ​ផ្ទាល់​ឬ​?៕M/L - See more at: http://www.cen.com.kh/localnews/show_detail/143?token=MDU2OTlmYT#sthash.4aTCPc4Z.dpuf

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567