Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 28 January 2014

ជប៉ុន វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត

  • Tuesday, 28 January 2014
  • ម៉ៃ គុណមករា
  • 140128_12b
    កម្មករកំពុងតែធ្វើការសាងសង់តំបន់សេដ្ឋកិច្ចពិសេស SANCO Poipet​​។ រូបថត សហ​ការី
    ភ្នំពេញ: វិនិយោគិន​ជប៉ុន​បាន​រួម​គ្នា​វិនិយោគ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក​ក្នុង​ ទឹក​ប្រាក់ ៥៦ លាន​ដុលា្លរ​អាមេរិក​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្រុង ប៉ោយប៉ែត ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ពី​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន​នៅ​ក្នុង​ ប្រទេស ថៃ កំពុង​ពិចារណា​ពី​ការ​រក​ទី​តាំង​ថ្មី​នៅ កម្ពុជា ដើម្បី​គេច​ឲ្យ​ផុត​ពី​ហានិភ័យ​ក្នុង​ការ​វិនិយោគ​។ លោក ឈួរ វិចិត្រ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SANCO Investment Group ជា​ក្រុមហ៊ុន​មួយ​កើត​ចេញ​ពី​ការ​វិនិយោគ​រួម​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ចន្ទ ថា ដោយ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ថៃ ដូចជា​ទឹក​ជំនន់​ធំ បញ្ហា​នយោបាយ​មាន​រយៈ​ពេល​វែង និង​ទី៣ ពួកគេ​កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ហើយ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ដែល​ជា​បញ្ហា​សម្រាប់​វិនិយោគិន។
    លោក​បន្ត​ថា៖ «ខ្ញុំ​ត្រូវ​ឆក់ យក​ឱកាស​នេះ​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទី​នោះ​ដើម្បី​ ទាក់​ទាញ​រោងចក្រ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ថៃ មក​បើក​ដំណើរការ​នៅ​ទី​នេះ»។
    លោក​បាន​បន្ថែម​ថា៖ «ពេល​នេះ​យើង​មើល​ឃើញ​លំហូរ​នៃ​ការ​វិនិយោគ​មក​ពី​ប្រទេស ថៃ ឆ្ពោះ​មក កម្ពុជា ដោយ​សារ​តែ​រោងចក្រ​នៅ​ទី​នោះ​ពួកគេ​ចង់​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅ ​ទី​នេះ​ដោយ​សារ​តែ​យើង​មាន​កម្លាំង​ពលកម្ម​ច្រើន​តម្លៃ​ពលកម្ម​ថោក ហើយ​យើង​មាន​ទីតាំង​នៅ​ក្នុង​កន្លែង​ដ៏​ល្អ»។
    លោក​និយាយ​ថា ក្រុមហ៊ុន SANCO ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១២ ដែល​ជា​ដំបូង​ពួកគេ​គ្រាន់​តែ​សាងសង់​រោងចក្រ​សម្រាប់​ជួល ហើយ​នៅ​ពេល​នេះ រោងចក្រ ជប៉ុន មួយ​បាន​បើក​ដំណើរការ​នៅ​ទី​នោះ​ពួក​គេ​ផលិត​សម្ភារ​កុំព្យូទ័រ ហើយ​កាល​ពី​អំឡុង​ខែ តុលា ឆ្នាំ ២០១៣ ក្រុមហ៊ុន​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទីតាំង​នៅ​សង្កាត់ ផ្សារ​កណ្ដាល ខណ្ឌ ផ្សារ​កណ្ដាល របស់​ក្រុង ប៉ោយប៉ែត មាន​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​ពី​ព្រំដែន និង​មាន​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ពី​សាលា​ក្រុង ប៉ោយប៉ែត។
    លោក វិចិត្រ និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​សាងសង់​លើ​ផ្ទៃ​ដី ២៥០ ហិកតា ហើយ​នឹង​សាង​សង់​ជា​ពីរ​ដំណាក់កាល​ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ ៣៦ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ផ្ទៃ​ដី ៦៦,៥ ហិកតា​ហើយ​នៅ​ដំណាក់កាល​ទី​ពីរ​នឹង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​ខុនដូ​ផង​ដែរ។ ក្រុមហ៊ុន​នឹង​ចំណាយ​រយៈ​ពេល ៦ខែ ដើម្បី​បញ្ចប់​ហេដ្ឋា​រចនា​សម្ព័ន្ធ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។
    លោក ងួន ម៉េងតិច អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺ​មិន​មែន​គ្រាន់​តែ​ដើម្បី​ទាក់​ ទាញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​មក​ពី​ប្រទេស ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស ជិត​ខាង​របស់​ខ្លួន។
    លោក​លើក​ឡើង​ថា៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺ​ពិត​ជា​ល្អ​តាម​បណ្ដោយ​ព្រំដែន ដោយ​សារ​តែ​វា​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ភាព​ល្អ​ ប្រសើរ ហើយ​យើង​អាច​ទាក់​ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​ផង​ដែរ ដោយ​សារ​តែ​វិនិយោគិន​បរទេស​ភាគ​ច្រើន​ចង់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ នៅ​ក្នុង​សួន​ឧស្សាហកម្ម ដែល​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សេវាកម្ម​ច្រក​ចេញ​ចូល​តែ​មួយ»។
    លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ការ​បង្កើត​តំបន់​ សេដ្ឋកិច្ច​ពិសេស​កាន់​តែ​ច្រើន​ដោយ​សារ​តែ​វា​អាច​កែលម្អ​បរិយាកាស​ ពាណិជ្ជកម្ម របស់​យើង​និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ដែល​មិន​ចាំ​បាច់»។
    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​រោងចក្រ ជប៉ុន មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ថៃ​បាន​មក​បើក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា ដូចជា Minebea, Mikasa, និង Yazaki ជាដើម។
    លោក វិចិត្រ បាន​លើក​ឡើង​បន្ត​ទៀត​ថា ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​មួយ​ចំនួន​លើ​ផ្ទៃ​ដី ៦ ហិកតា​សម្រាប់​ជួល និង​ផ្នែក​នៅ​សល់​បម្រុង​ទុក​សម្រាប់​ក្រុមហ៊ុន​ឯកជន​សម្រាប់ ជួល​ដើម្បី​សាងសង់​អ្វីៗ​ដែល​ពួកគេ​ត្រូវ​ការ។
    លោក​បញ្ជាក់​ថា បច្ចុប្បន្ន នេះ​មាន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិក​ធំៗ ៤ ដែល​ស្ថិត​ក្នុង ចំណោម​ក្រុមហ៊ុន​សំខាន់ៗ​ទាំង ១០ នៅ​ក្នុង​ប្រទេស ជប៉ុន កំពុង​ទាក់ទង​ដើម្បី​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ទី​ នោះ។
    កម្ពុជា និង ថៃ កាល​ពី​ខែ មិថុនា ឆ្នាំ​មុន​បាន​យល់​ព្រម​ក្នុង​ការ សហការ​គ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​នៅ​តាម​តំបន់​ជាប់​ ព្រំដែន មួយ​នៅ​ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ជាប់​ព្រំដែន​ខេត្ត ស្រះកែវរ របស់ ថៃ និង​មួយ​ទៀត​នៅ​ក្នុង​ខេត្ត កោះកុង ជាប់​ព្រំដែន​ខេត្ត ត្រាត ភាគ​ខាង​កើត​ប្រទេស ថៃ។
    លោក វិចិត្រ អះអាង​ថា៖ មិន​មាន​ការ​បារម្ភ​អំពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទេ។ លោក​លើក​ឡើង​ថា៖ «វា​គ្រាន់​តែ​ជា​គំនិត​បាន​ស្នើ​ឡើង ខ្ញុំ​គិត​ថា វា​នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រេច​បាន​ការងារ​នេះ ដូច្នេះ​វិស័យ​ឯកជន​នៅ​តែ​មាន​តួនាទី​ដ៏​សំខាន់​ទាក់ទង​នឹង​ការ​វិនិយោគ​នៅ​ ទីនោះ ហើយ​ខ្ញុំ​មិន​មាន​ការ​បារម្ភ​អំពី​បញ្ហា​នោះ​ទេ»។
    ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា (CDC) ប្រាប់​ថា បច្ចុប្បន្ន​កម្ពុជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៣ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដា​ខេត្ត និង​ទីក្រុង​ចំនួន ១០ ទូទាំង​ប្រទេស៕ B.P

    No comments:

    Post a Comment

    Thank so much for your comments or idea
    please contact us for more detail report
    ouchleng@gmail.com
    855-16705 567