Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 23 January 2014

បន្ទាយមានជ័យ​ទំនាស់ដីជាមួយ​ក្រុមហ៊ុន​ឯកជនឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់ លាង ប៊ូ

ជម្លោះ​ដី​រវាង​ពលរដ្ឋ​​នៅ​បន្ទាយមានជ័យ​ជាមួយ​ក្រុមហ៊ុន​ឯកជន

ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កំពុង​រង​គ្រោះ​បាត់បង់​ដី​ស្រែ​ចម្ការ​ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ថ្មី​មួយ គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​​ដែល​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​​ចំនួន ​ពីរ​ បាន​ប្រើ​គ្រឿង​ចក្រ​​ឈូស​ឆាយ​រំលោភ​លើ​ដី​របស់​ពួកគាត់។
(ដោយ សួន សុផលមុន្នី 2014-01-19)
កន្លង​ទៅ​នេះ​ក្រុម​អ្នក​ភូមិ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ទៅ​ អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ អន្តរាគមន៍​ទប់​ស្កាត់​ការ​ឈូស​ឆាយ​រំលោភ​លើ​ដី​កសិកម្ម​របស់​ពួកគាត់។ អ្នក​ភូមិ​ទាំង​នោះ​បាន​សុំ​ឲ្យ​​មាន​វិធានការ​ចុះ​ទៅ​វាស់វែង​ធ្វើ​ប័ណ្ណ​ កម្មសិទ្ធិ​ជូន​ពួកគាត់​តាម​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​ដែល​ចេញ​កាល​ពី ​ឆ្នាំ​២០១២។
អនុក្រឹត្យ​​របស់​រដ្ឋាភិបាល​ចុះ​កាលបរិច្ឆេទ​កាល​ពី​ឆ្នាំ​២០១២ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ចេញ​បទបញ្ជា​ឲ្យ​​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ (១១.៥១៥) ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ដើម្បី​ធ្វើ​ អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ ប្រជាពលរដ្ឋ​ចំនួន ២.៦៥២​គ្រួសារ ដែល​បាន​កាន់កាប់​ប្រើប្រាស់​ដាំដុះ​ជាក់​ស្ដែង​​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
ក្រុមហ៊ុន​ទាំង​ពីរ​នោះ​មាន​ឈ្មោះ​ក្រុមហ៊ុន ឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់ លាង ប៊ូ។ កាល​ពី ២​ឆ្នាំ​មុន ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ពាន់​ហិកតារ ឋិត​នៅ​លើ​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​ជា​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចេញ​អនុក្រឹត្យ​នោះ​ គឺ​ស្រប​តាម​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ ជូន​អ្នក​ភូមិ​ស្រប​ច្បាប់​ ស្របតាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អាច​បាន​​ប្រយោជន៍​សំខាន់​មួយ​ទៀត គឺ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ ប៉ុន្តែ​រហូត​មក​ឆ្នាំ​២០១៤​នេះ​ ការ​ដាក់​ចេញ​នូវ​បញ្ជា​របស់​ រដ្ឋាភិបាល​នោះ ពុំ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​នៅ​តែ​ទទួល​រង​គ្រោះ​បាត់​បង់​ដី​ស្រែ​ ចម្ការ។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៣ ដី​ស្រែចម្ការ​ដែល​អ្នក​ភូមិ​បាន​កាន់កាប់​បង្កបង្កើន​ផល​នោះ ​មិន​ត្រូវ​បាន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ ជូន​ពួកគាត់​ឡើយ។ នៅ​គ្រា​នោះ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋ​អំណាច​មូលដ្ឋាន ដោយ​​មូល​បង្កាច់​ថា ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​មាន​គ្រាប់​មីន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​និស្សិត​ចូល​ទៅ​វាស់វែង​ជូន​អ្នក​ភូមិ​ បាន​ឡើយ។
ក្រោយ​មក​ទៀត ក្រុមហ៊ុន​ ឈុន លីម ​គ្រុប និង​ក្រុមហ៊ុន ​សំណង់​ លាង ប៊ូ ដែល​ជាប់​កាតព្វកិច្ច​ក្នុង​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​ គ្រា​នោះ​ ត្រូវ​គេ​មើល​ឃើញ​ថា បាន​នៅ​​ស្ងៀម​​មួយ​រយៈ។ តែ​ក្រោយ​មក​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ក៏​បាន​ផ្ទេរ​សិទ្ធិ​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ ដែល​គ្រប់​គ្រង​ដោយ​មន្ត្រី​យោធា។ មន្ត្រី​យោធា​រូប​នោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា តូ ធានទឺ។
យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​មួយ​នេះ​ គេ​នៅ​មិន​បាន​ស្គាល់​ឈ្មោះ​នោះ​ឡើយ។ នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​នេះ​គិត​ថា ខ្លួន​ពុំ​មាន​​ឈ្មោះ​ជាប់​នៅ​ក្នុង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ក៏​ចាប់​ផ្ដើម​បញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​បំផ្លាញ​លើ​​ផល​ដំណាំ​ ស្រូវ​របស់​អ្នកភូមិ​ជា​បន្តបន្ទាប់។
ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ​ក្រុមហ៊ុន​ប្រើ​​កង​ទាហាន​ដាក់​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​កសិកម្ម ​​ទំហំ​ជាង ១​ពាន់​ហិកតារ​ លើ​ដី​របស់​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ​ ឋិត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ៖ «គិត​ពិចារណា ​មើល​ដី​ស្រែ ប្រជាពលរដ្ឋ​ធ្វើ​ចង់​ស្រឡះ​អស់​ហើយ ទៅ​ធ្វើ​លើ​ដី​ប្រជាពលរដ្ឋ។ រឿង​នេះ​ប្រជាពលរដ្ឋ​គ្នា​ភ័យ​បាន​សុំ​ឲ្យ​ធ្វើ​តាម​ចំណារ​របស់​សម្ដេច​នាយក ​រដ្ឋមន្ត្រី ហ៊ុន សែន ​ឥឡូវ​គេ​កំពុង​តែ​ឈូស​ឆាយ​ហ្នឹង​ឯង»
ដោយសារ​រង​គ្រោះ​បាត់បង់​ដី​ស្រែចម្ការ និង​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​ផង​នោះ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ អ្នក​ភូមិ​ចំនួន ៤២៨​គ្រួសារ រស់​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​លិខិត​មួយ​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​ខេត្ត​ ជួយ​អន្តរាគមន៍​លើ​ករណី​ដីធ្លី​​នេះ។
ដី​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នោះ គឺ​ក្រុម​អ្នក​ភូមិ​អះអាង​ថា បាន​កាន់​កាប់​អាស្រ័យ​ផល​​ជាក់​ស្ដែង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ​ ប៉ុន្តែ​ក្រោយ​មក​​នៅ​ឆ្នាំ​២០០៨ ខាង​ក្រុមហ៊ុន​សំណង់ ​លាង ប៊ូ បាន​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​នោះ៖ «គោល​បំណង​សុំ​ឲ្យ​ធ្វើ​ទៅ​តាម​ចំណារ​ សម្ដេច​នាយក​ រដ្ឋមន្ត្រី​គាត់​ដាក់​ថា ឲ្យ​ក្រុមហ៊ុន​ពីរ​នេះ​ដក​ចេញ ប្រគល់​ដី​ឲ្យ​រដ្ឋ​ រដ្ឋ​នឹង​សម្បទាន​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាំដុះ​ជាក់​ស្ដែង​ហើយ។ ដី​នេះ​និស្សិត​មិន​ទាន់​បាន​វាស់វែង​ធ្វើ​ប្លង់ នៅ​ចំហ​នៅ​ឡើយ ដល់​ក្រុម​ចុះ​មក​គេ​ថា ដី​ព្រៃ​ត្រូវ​បាន​គេ ដី​ស្រែ​ត្រូវ​បាន​ប្រជាពលរដ្ឋ»
វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា ឆ្នាំ​២០១៤​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​បន្ទាយមានជ័យ បាន​ឡើយ ប៉ុន្តែ​កន្លង​ទៅ​ថ្មី​នេះ​ លោក គោ ស៊ុំសារឿត ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​​ទទួល​បាន​លិខិត​ពី​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​ដែល​ទទួល ​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​សំណង់ លាង ប៊ូ។ ក្រុមហ៊ុន​នេះ​បាន​សំអាង​លើ​លិខិត​របស់​ក្រសួង​បរិស្ថាន​ និង​សេចក្ដី​ជូន​ដំណឹង ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ហើយ​បាន​ពួកគេ​​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ។
តែ​បញ្ហា​នេះ​ លោក​អភិបាល​ខេត្ត​បដិសេធ​ថា អាជ្ញាធរ​ខេត្ត​មិន​អាច​អនុញ្ញាត​បាន​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ​ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​រួច​រាល់​ហើយ ដើម្បី​ចុះ​ទៅ​សិក្សា​ ​ដោះស្រាយ​ដី​មាន​ជម្លោះ​ជូន​ប្រជាពលរដ្ឋ៖ «ហើយ​ ចុះ​ទៅ​មើល​ទាំង​អស់​គ្នា​ទៅ ហើយ​ចុច GPS នៅ​ត្រង់​ណា​អី​ត្រង់​ណា​ គេ​ឲ្យ​ត្រង់​ណា ដើម្បី​ឲ្យ​ដឹង​ថា វា​ប៉ះ​ជាមួយ​ប្រជាពលរដ្ឋ​ប៉ុណ្ណា»
កាល​ពី​សម័យ​អភិបាល​ចាស់​គ្រប់គ្រង​ដោយ​អតីត​អភិបាល​ខេត្ត លោក អ៊ុង អឿន ​ក្រុម​អ្នក​ភូមិ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​សាលា​ខេត្ត​ជា​ច្រើន ​ដង​ ក៏​ប៉ុន្តែ​ពួកគាត់​ពុំ​ទទួល​បាន​​​ការ​ដោះស្រាយ​នោះ​ឡើយ។ ពួកគាត់​បន្ត​ថា ឈរ​លើ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នោះ​ កាល​ពី​ឆ្នាំ​២០១២ ​មាន​ក្រុម​និស្សិត​បាន​ចុះ​ទៅ​វាស់វែង​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ ដែរ ប៉ុន្តែ​ដី​របស់​អ្នក​ភូមិ​ដែល​កំពុង​កាន់​កាប់​អាស្រ័យ​ផល​ដាំដុះ​ជាក់​ ស្ដែង​នោះ​ មិន​ត្រូវ​បាន​ក្រុម​និស្សិត​វាស់វែង​ឲ្យ​នោះ​​ទេ ​ដោយ​ចាត់ ​ទុក​ថា ដី​នោះ​សង្ស័យ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា កាល​ពី​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៣​ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៤ ដីធ្លី​របស់​អ្នក​ភូមិ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រើ​ប្រាស់​កង​ទាហាន​នៃ​កង​ពល​ លេខ​៥១ ដឹកនាំ​ដោយ​ឈ្មោះ តូ ធានទឺ ឈ្មោះ សៅ ចន្ថា និង​ឈ្មោះ នុត ចំណាន យក​គ្រឿង​ចក្រ​​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​របស់​អ្នក​ភូមិ។
ទន្ទឹម​គ្នា​នេះ ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់។ លោក​ថា ក្រុម​អ្នក​ភូមិ​សព្វ​ថ្ងៃ​ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។ ក្រុម​អ្នក​ភូមិ​បាន​ពឹង​ផ្អែក​ទាំង​ស្រុក​ទៅ​ដី​កសិកម្ម​ ហើយ​បើ​សិន​ក្រុមហ៊ុន ​និង​ទាហាន​ទៅ​រំលោភ​បំពាន​យក​នោះ ​ ពួកគាត់​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នោះ​​ឡើយ។ បញ្ហា​នេះ​​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ភូមិ​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ ថែម​ទៀត។
នៅ​ក្នុង​អនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រៅ​ពី​ការ​តម្រូវ​ឲ្យ​មាន​ការ​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ ឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់​ លាង ប៊ូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ថា គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​ កាប់​និង​ដាំដុះ​ជាក់​ស្ដែង​ចំនួន ២.៦៥២​គ្រួសារ។ ក្នុង​នោះ​នៅ​ភូមិ​ប្រាសាទត្បែង ៦៨១​គ្រួសារ និង ១.៩៧១​គ្រួសារ​ទៀត​នៅ​ភូមិ​ក្បាលទន្សោង​ ភូមិ​បន្ទាយឆ្មារ​លិច ភូមិ​ត្រពាំងធ្លក និង​ភូមិ​ស្រះជ្រៃ ឋិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ បទប្បញ្ញត្តិ​ណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។
លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់គ្រង​​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​គណៈ​អភិបាល​ខេត្ត​ បន្ទាយមានជ័យ​ ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​​ឲ្យ​មាន​ប្រសិទ្ធភាព៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567