Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 2 February 2014

ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា​ចោទ​ក្រុមហ៊ុន​សូគីម៉ិច​បូម​ខ្សាច់​ពន្លិច​យក​ដ

ប្រជាពលរដ្ឋ​៣​គ្រួសារ​នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ចោទ​ថា ក្រុមហ៊ុន​សូគីម៉ិច លួច​បូម​ខ្សាច់​ពន្លិច​យក​ដី​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ទំហំ​ជិត ១០​ហិកតារ។
ដោយ អ៊ុក សាវបូរី
2014-01-28
ក្រុម​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ដី​នោះ​គាត់​បាន​ទិញ​មុន​ឆ្នាំ​២០០០ មាន​អាជ្ញាធរ​សង្កាត់​ព្រែកប្រា បាន​ទទួល​ស្គាល់​សិទ្ធិ​កាន់កាប់​ដី។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ ស.ជ.ណ. លេខ​៨៨៧ ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ប្រគល់​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច (SOKIMEX Group) ធ្វើការ​អភិវឌ្ឍ​បឹងឈូក គូរ​ប្លង់​យក​ដី​អ្នក​ភូមិ​ជិត ២០​គ្រួសារ ក្នុង​ភូមិ​អូរអណ្តូង១។
ពលរដ្ឋ​នៅ​ភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ទប់ស្កាត់​ក្រុមហ៊ុន​សូគីម៉ិច ប៉ង​រំលោភ​ដី​ដោយ​ការ​បូម​ខ្សាច់​ពន្លិច។
ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ អ្នកស្រី លន ពិសី ថ្លែង​ថា ស្រះ​ចិញ្ចឹម​ត្រី និង​កន្លែង​ចិញ្ចឹម​គោ ជ្រូក ពពែ ត្រូវ​បាន​ក្រុមហ៊ុន​សូគីម៉ិច របស់​ឧកញ៉ា សុខ គង់ បូម​ពន្លិច និង​បូម​ខ្សាច់​បំបាត់​បង្គោល​ព្រំ​ដី។ អ្នកស្រី​ថា ដី​អ្នក​ភូមិ​អូរអណ្តូង១ ជាង ១០​គ្រួសារ ក្នុង​សង្កាត់​ព្រែកប្រា ត្រូវ​ក្រុមហ៊ុន​នោះ​បូម​ខ្សាច់​ពន្លិច​យក​ដី​អស់។ បច្ចុប្បន្ន​នៅ​សល់​ដី​កសិដ្ឋាន​ជិត ១០​ហិកតារ​របស់​គ្រួសារ​ចំនួន ៣ កំពុង​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​សត្វ ក៏​ក្រុមហ៊ុន​លួច​បូម​ខ្សាច់​ពន្លិច​យក​ដី​នៅ​កន្លែង​ដែល​មិន​មាន​សង់​រោង។ នៅ​ថ្ងៃ​២៨ ខែ​មករា កម្មករ​ក្រុមហ៊ុន​សូគីម៉ិច ប៉ង​ចូល​មក​រុះ​រោង​ក្នុង​កសិដ្ឋាន​ទៀត ទើប​គាត់​និង​កម្មករ​ក្នុង​កសិដ្ឋាន រួម​គ្នា​ទប់ទល់។
អ្នកស្រី លន ពិសី៖ «ជាមួយ​បឹងកក់ គឺ​ដូច​គ្នា។ ខុស​គ្នា​ត្រង់​ថា ពួក​ខ្ញុំ​នេះ​មាន​គ្នា​តិច ឯ​ពួក​គាត់​ខាង​នោះ​មាន​គ្នា​ច្រើន។ ខ្ញុំ​គិត​ថា ពួកគាត់​មាន​គ្នា​ច្រើន​ប៉ុណ្ណឹង​ហើយ នៅ​គេ​រំលោភ​បាន​ចុះ​ទម្រាំ​ពួក​ខ្ញុំ​មាន​គ្នា​តិច​តែ​មួយ មាន​កម្លាំង​ឯ​ណា​ស្រែក​ដូច​គេ»
អ្នកស្រី ស៊ុន សុគន្ធី ជា​ម្ចាស់​ដី​ទំហំ​ជាង ៣​ហិកតារ​ថ្លែង​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង (ស.ជ.ណ.) លេខ​៨៨៧ ចុះ​ថ្ងៃ​៦ ខែ​សីហា ឆ្នាំ​២០១០ ហើយ​ប្រគល់​ប្លង់ដី​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច អភិវឌ្ឍន៍ បឹង​ឈូក។ អ្នកស្រី​ថា ស.ជ.ណ. នោះ បាន​គូស​ប៉ះពាល់​ដី​អ្នក​ភូមិ​អូរអណ្តូង១ ជិត ២០​គ្រួសារ។ អ្នកស្រី​ថា នៅ​ចុង​ឆ្នាំ​២០១៣ ស្រះ​ចិញ្ចឹម​ត្រី​គាត់​ទំហំ ៦០​ម៉ែត្រ​គុណ​នឹង ៨០​ម៉ែត្រ ត្រូវ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ធ្វើ​ឲ្យ​ងាប់​ត្រី​អស់​គ្មាន​សំណង។ គាត់​ប្ដឹង​ទៅ​តុលាការ និង​ទៅ​សាលា​សង្កាត់​ព្រែកប្រា មិន​មាន​ដំណោះស្រាយ​ទេ។
អ្នកស្រី ស៊ុន សុគន្ធី៖ «ព្រោះ​ខ្ញុំ​ទិញ​ពី​ម្ចាស់​ដើម គេ​កាន់​កាប់​ពី​ឆ្នាំ​១៩៨៣ ហើយ​សព្វថ្ងៃ​ម្ចាស់​ដើម​ហ្នឹង​គេ​នៅ​រស់​ដែរ។ ដល់​ក្រោយ​មក​បាន​ឭ​ថា ក្រុមហ៊ុន​មាន​គម្រោង ហើយ​ខាង​ក្រុមហ៊ុន​ហ្នឹង គាត់​មាន ស.ជ.ណ. ថា​ត្រូវ​រឹបអូស​ដី​របស់​ពួក​ខ្ញុំ។ ជាក់ស្ដែង​ខាង​ក្រុមហ៊ុន​គាត់​អភិវឌ្ឍន៍​នៅ​ខាង​បឹងឈូក​ទេ ហើយ​ដី​ពួក​ខ្ញុំ​កាន់កាប់​នៅ​តំបន់​ព្រែកប្រា​ឯណេះ។ ហើយ ស.ជ.ណ. គាត់​ចេញ​២០១០ ហើយ​ប្លង់​រឹង​គាត់​ក៏​ទើប​នឹង​ធ្វើ​២០១០។  ពួក​ខ្ញុំ​នៅ​នឹង​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​អ៊ីចឹង​ទៅ ហើយ​ឥឡូវ​គាត់​កាន់​ប្លង់ ខ្ញុំ​កាន់​ដី»
អ្នកស្រី ឡាយ សុធាវី ជា​ម្ចាស់ដី​ទំហំ​ជាង ២​ហិកតារ​ថ្លែង​ថា ដី​គាត់​មាន​ប្លង់​ទិញ​លក់​នៅ​ឆ្នាំ​២០០០ ទទួល​ស្គាល់​ដោយ​ចៅសង្កាត់​ព្រែកប្រា។ នៅ​២០១០ ទើប​មាន ស.ជ.ណ. ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច អភិវឌ្ឍ បឹងឈូក។ អ្នកស្រី​ថា ម្ចាស់​លក់​ដី​ឲ្យ​គាត់​បាន​ជួយ​ធ្វើ​ជា​សាក្សី​ថា ដី​មិន​ពាក់ព័ន្ធ​ដី​អភិវឌ្ឍន៍​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​សូគីម៉ិច នៅ​តែ​ប៉ង​បូម​ពន្លិច និង​ប៉ង​រុះ​រោង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គាត់​ទៀត។
ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច លោក ហ៊ឺ ហេង បំភ្លឺ​បញ្ហា​ជម្លោះ​ដី​នោះ​ថា ក្រុមហ៊ុន​បាន​ទិញ​ដី​បឹងស្នោ ​ពី​ប្រជាពលរដ្ឋ​តាំង​ពី​ឆ្នាំ​១៩៩៤។ ក្រោយ​ពី​មាន​រឿង​ជម្លោះ​ដី​កើត​ឡើង​រវាង​អ្នក​ចាប់​ដី​បឹង​រស់​នៅ និង​ក្រុមហ៊ុន​មក អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ចុះ​ស៊ើប​អង្កេត​ដី​នោះ​រក​ឃើញ​ពលរដ្ឋ​ ជា​ម្ចាស់​ដី​នៅ​សេសសល់ បាន​ចាប់​ដី​បឹង​នោះ​ទិញ​លក់​មិន​ស្រប​ច្បាប់ ទើប​កើត​មាន ស.ជ.ណ. ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅ​ឆ្នាំ​២០១០។
លោក ហ៊ឺ ហេង៖ «ប៉ុន្តែ​គាត់​ចេះ​តែ​ស្រែក ចេះ​តែ​តវ៉ា ចង្អុល​មុខ​បឹង​ហ្នឹង ហើយ​មិន​មែន​មាន​កម្មសិទ្ធិ​អី​ច្បាស់លាស់​យក​មក​អះអាង​ផង​ហ្នឹង បើ​ផ្លូវ​ច្បាប់​គាត់​អត់​មាន​អី​ទៅ​និយាយ​ផង ហើយ​គាត់​ចេះ​តែ​ធ្វើ​ទៅ​ម៉េច​កើត?»
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ថ្លែង​ថា ក្រុមហ៊ុន​សូគីម៉ិច របស់​ឧកញ៉ា សុខ គង់ កំពុង​គ្រប់គ្រង​ដី​ច្រើន​ជាង ១​លាន​ហិកតារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ប្រទេស ​កម្ពុជា​យើង​បច្ចុប្បន្ន មិនមែន​ជា​ប្រទេស​ដែល​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​ប្រទេស​បក្សពួក ជា​ក្រុម​ម៉ាហ្វីយ៉ា ដែល​មាន​ឥទ្ធិពល​ខ្លាំង ពីព្រោះ​ថា​ពួក​ម៉ាហ្វីយ៉ា​ទី​១ គេ​មិន​គោរព​ច្បាប់ ទី​២ មិន​គោរព​អំពី​សិទ្ធិ​មនុស្ស ធ្វើ​ម៉េច​ឲ្យ​តែ​គេ​បាន​ចំណេញ បាន​ផល​ប្រយោជន៍ ទី​៣ គឺ​គេ​មិន​គិតគូរ​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ផ្ទះសម្បែង ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទេ»
ពាក់ព័ន្ធ​បញ្ហា​នេះ​ មេ​ភូមិ​អូរអណ្តូង១ លោក​ ស៊ុន បេ ថ្លែង​ថា ដី​នោះ​មិន​ទាន់​កំណត់​ព្រំដី​រវាង​សង្កាត់​វាលស្បូវ​ និង​សង្កាត់​ព្រែកប្រា នៅ​ឡើយ។
ចៅ​សង្កាត់​ព្រែកប្រា លោក ​ហួរ ហួត ថ្លែង​ថា គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​មួយ​ហ៊ាន​ប្រឆាំង​នឹង ស.ជ.ណ. ទេ បើ​ទោះ​បី​ដី​នោះ​ស្ថិត​នៅ​ក្នុង​សង្កាត់​នេះ​ក្ដី៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567