Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 23 July 2014

MOE minister said that Try Pheap give land back to government in Dragon tail area


រថយន្ត​របស់​ក្រុមហ៊ុន ទ្រី ភាព ចូល​ដឹក​ឈើ​នៅ​ក្នុង ខេត្ត​រតនគិរី។
រថយន្ត​របស់​ក្រុមហ៊ុន ទ្រី ភាព ចូល​ដឹក​ឈើ​នៅ​ក្នុង ខេត្ត​រតនគិរី។ ហេង ជីវ័ន

ក្រុមហ៊ុន ទ្រី ភាព ឲ្យ​ដី​មក​រដ្ឋ​វិញ​ក្រោយ​ពី​កាប់​ឈើ​អស់

ភ្នំពេញៈ ខណៈ​ពេល​ដែល​ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​រៀបចំ​បង្កើត​យន្តការ​ថ្មី​មួយ​ទៀត​ក្នុង​ការ​ពិនិត្យ​ សកម្មភាព​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ទូទាំង​ប្រទេស​នោះ ក្រុមហ៊ុន ទ្រី ភាព បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​ចំនួន ២ ម៉ឺន​ហិកតា​មក​ឲ្យ​ក្រសួង​វិញ។
រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តី​ពី​ការងារ​គ្រប់​គ្រង​ វិស័យ​បរិស្ថាន​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ថា ដី​សម្បទាន ២ ម៉ឺន​ហិកតា​ដែល​ក្រុម​ហ៊ុន ទ្រី ភាព ទទួល​បាន​ពី​រដ្ឋាភិបាល​នៅ​តំបន់ កន្ទុយ​នាគ ក្នុង​ឧទ្យាន​ជាតិ វីរជ័យ ក្នុង ខេត្ត​រតនគិរី និង ស្ទឹងត្រែង នោះ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង​វិញ​នៅ​ក្នុង​ អាណត្តិ​ដែល​លោក​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ចាប់​តាំង​ពី ឆ្នាំ​២០១៣ មក។
លោក​បញ្ជាក់​ថា៖ «ក្រុម​ហ៊ុន ទ្រី ភាព បាន​ប្រគល់​ដី ២ ម៉ឺន​ហិកតា​នៅ​តំបន់ កន្ទុយ​នាគ មក​វិញ ហើយ​ក្រសួង​បាន​ដាក់​ដី​ព្រៃ​នោះ​ជា​ដី​អភិរក្ស​វិញ​ដែរ។ ក្រៅ​ពី​នេះ​យើង​កំពុង​បន្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ហ៊ុន​ផ្សេង​ទៀត»។
លោក​រដ្ឋ​មន្រ្តី​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូល​ហេតុ​ដែល​ក្រុម​ហ៊ុន ទ្រី ភាព ប្រគល់​ឲ្យ​វិញ​នោះ​ទេ។ ក្នុង​បំណង​អភិរក្ស​ជីវចម្រុះ លោក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​និង​កំពុង​រៀបចំ​ធ្វើ​យន្តការ​មួយ ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​សកម្មភាព​របស់​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច ការ​ប្រមូល​និង​ដឹក​ជញ្ជូន​អនុផល​ព្រៃ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច និង​លើ​សិប្បកម្ម​កែច្នៃ​ឈើ​ផង​ដែរ។ ក្នុង​នោះ​ក៏​មាន​ចូល​រួម​ជាមួយ​នឹង​ក្រសួង​កសិកម្ម ក្រសួង​ដែនដី ក្រសួង​មហាផ្ទៃ និង​ដៃ​គូ​អភិវឌ្ឍន៍​ផង​ដែរ។
លោក​ថា៖ «យើង​នឹង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ទៅ​តាម​ផែនការ​មេ។ គ្មាន​ឆន្ទៈ​ធ្វើ ឬ​ខ្វះ​ដើម​ទុន​នោះ យើង​នឹង​ដក​មក​វិញ ផ្ទេរ​ទៅ​ជា​ដី​អភិរក្ស​វិញ»។
លោក សាយ សំអាល់ បាន​បញ្ជាក់​ថា៖ «បង់​ពន្ធ​មុន​សិន​ចៀស​វាង​កាប់​ហើយ​ដុត​ចោល។ រីឯ​រឿង​សិប្បកម្ម​កែច្នៃ​ឈើ​ក៏​ត្រូវ​រៀបចំ និង​ត្រួត​ពិនិត្យ​ឡើង​វិញ​ដែរ។ យើង​ត្រូវ​ដឹង​អត្ត​សញ្ញាណ​ថា ឈើ​ហ្នឹង​វា​មក​ពី​ណា។ សិប្បកម្ម​ថា ទិញ​ពី​ដី​សម្បទាន តែ​កន្លង​មក​វា​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​រឿង​នេះ»។
ក្រសួង​បរិស្ថាន កសិកម្ម និង​រៀបចំ​ដែនដី​បាន​និង​កំពុង​រៀបចំ​ធ្វើ​ផែនទី​ឯកភាព​រួម​មួយ​ដែរ ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​ដី​រដ្ឋ​ទាំង​អស់។ ក្នុង​នោះ​ដី​សម្បទាន​គឺ​នឹង​ចុះ​មុន​គេ​បង្អស់។ ប៉ុន្តែ​ការ​ធ្វើ​ផែនទី​ឯកភាព​នេះ វា​ទាមទារ​ពេល​វេលា​យូរ​តំបន់​ខ្លះ​ត្រូវ​ហោះ​ថត​ពី​លើ និង​យក​ទៅ​ផ្ទៀត​ផ្ទាត់​នៅ​នឹង​ដី​ជាក់​ស្តែង​ទៀត។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​ជិត ១០ ម៉ឺន​ហិកតា​ក្នុង​ឧទ្យាន​ជាតិ វីរជ័យ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​ប្រមាណ​ជា ១០។
ក្នុង​នោះ​ក៏​មាន​ក្រុម​ហ៊ុន ទ្រី ភាព ផង​ដែរ។ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ក្រុម​ហ៊ុន ទ្រី ភាព មិន​ឃើញ​មាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​នោះ ហើយ​ក្រោយ​មក​មាន​ព័ត៌មាន​ថា ក្រុម​ហ៊ុន​បាន​ប្រគល់​ដី​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ។
រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​បរទេស​និង​ ក្នុង​ស្រុក​ចំនួន ៣០ ក្នុង ខេត្ត​រតនគិរី ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន ១៣៥ ៥៦៥,៧៣ ហិកតា។ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កសិកម្ម​ ចំនួន ១៨ មាន​ផ្ទៃ​ដី​ចំនួន ១០០ ៥៥២,៧៣ ហិកតា។ ចំណែក​ឯ ១២ ក្រុម​ហ៊ុន​ទៀត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន​មាន​ផ្ទៃ​ ដី ៨២ ៦៥៥ ហិកតា៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567