Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 11 July 2014

Dragon tail_5 forest communities conserved


លោក សាយ សំអាល់ (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​ពិធី​នៅ ខេត្ត​រតនគិរី កាល​ពី​ម្សិល​មិញ។
លោក សាយ សំអាល់ (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​ពិធី​នៅ ខេត្ត​រតនគិរី កាល​ពី​ម្សិល​មិញ។ ហេង ជីវ័ន

ព្រៃ​នៅ​កន្ទុយ​នាគ​ជិត ២ ម៉ឺន​ហិក​តា​ត្រូវ​ដាក់​ជា​តំបន់​ការពារ

រតនគិរីៈ ផ្ទៃ​ដី​តំបន់​កន្ទុយ​នាគ​ទំហំ​ជិត​ពីរ​ម៉ឺន​ហិកតា​ក្នុង​ឧទ្យាន​ជាតិ វីរ​ជ័យ ត្រូវ​បាន​ដាក់​ជា​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ នឹង​អាច​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ដោយ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ជាង​មួយ​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប បន្ទាប់​ពី​ព្រៃ​ឈើ​ក្នុង​តំបន់​នេះ បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។
អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន លោក ចាយ សាមិត្ត កាល​ពី​ម្សិល​មិញ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​តំណាង​សហគមន៍ ​ចំនួន ៥ ដោយ​ទុក​ព្រៃ​សហគមន៍​ទាំង​នោះ ជា​តំបន់​ការពារ​ធម្មជាតិ ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យានជាតិ​ក្រោម​គម្រោង​ឧបត្ថម្ភ​ថវិកា​ជាង ១ លាន​ដុល្លារ​រយៈ​ពេល ៥ ឆ្នាំ​របស់​សហភាព​អឺរ៉ុប។ តំបន់​សហគមន៍​ទាំង​ប្រាំ​នេះ រួម​មាន អូរ​ចាយ អូរ​ទុង អូរ​តាបូក មណ្ឌល​យ៉ន និង អួតខាំផា ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ឆ្នាំ​២០០២ មាន​ទំហំ​សរុប​ចំនួន ១៨៣៩៥ ហិកតា​ដែល​មាន​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ចំនួន ១៣៤៦ គ្រួសារ​ស្មើ​នឹង ៥៧៥៦ នាក់។
លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ចុះ​កិច្ច​ព្រម ​ព្រៀង​នេះ​បាន​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​នេះ ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ស្រប​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ចំពោះ​ សហគមន៍ និង​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ។
លោក​បញ្ជាក់​ថា៖ «ឧទ្យានជាតិ វីរជ័យ មាន​សារៈ​សំខាន់​ណាស់ ដោយ​សារ​មាន ធនធាន និង​ជីវចម្រុះ​ច្រើន​ប្រភេទ ហើយ​ការ​បង្កើត​និង​រៀបចំ​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នេះ គឺជា​ការ​លើក​ទឹក​ចិត្ត និង​ថែរក្សា​វប្បធម៌​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច»។
លោក សាយ សំអាល់ បាន​ឲ្យ​ដឹង​ថា លោក​បាន​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ក្នុង​ការ​ប្រែ​ក្លាយ​សហគមន៍ និង​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន ជា​តំបន់​ទេសចរណ៍។
លោក​បន្ថែម​ថា៖ «យើង​ចង់​បញ្ចៀស​បង​ប្អូន​នៅ​សហគមន៍​ទាំង​អស់​នេះ​ឲ្យ​ងាក​ចេញ​ពី​ការ​ពឹង​ ផ្អែក​លើ​អនុផល​ព្រៃ​ឈើ​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​សេវា​ទេសចរណ៍ ធ្វើ​កសិកម្ម ឬ​ចិញ្ចឹម​សត្វ​វិញ​ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​សហគមន៍ ហើយ​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​នៅ​ថ្ងៃ​ណា​មួយ​ពេល​អស់​គម្រោង​សហភាព​អឺរ៉ុប​ នេះ»។
លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា រដ្ឋាភិបាល​កម្ពុជា មាន​ទស្សន​វិស័យ​ច្បាស់​លាស់​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង ខេត្ត​រតនគិរី នេះ។ ប៉ុន្តែ​វា​ក៏​មាន​ការ​ប្រឈម​ខ្ពស់​ផង​ដែរ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ ចីរភាព​នោះ ដូច​ជា ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។
លោក​បន្ត​ថា៖ «សកម្មភាព​របស់​យើង​សំខាន់​បំផុត គឺ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​សម្រាប់​ប្រជា​ពលរដ្ឋ ពិសេស​គឺ​យើង​ចង់​អភិវឌ្ឍ​វិស័យ​ធនធាន​ធម្មជាតិ ប្រកប​ដោយ​ចីរភាព»។ លោក​បន្ត​ថា វា​មាន​ការ​លំបាក​ណាស់​បើ​សិន​ជា​សហគមន៍​នៅ​តែ​បន្ត​កាប់​ព្រៃ​ឈើ​និង​ បរបាញ់​សត្វ​ដោយ​សារ​តែ​ភាព​ក្រីក្រ​របស់​ពួក​គេ។
ជន​ជាតិ​ដើម​ភាគ​តិច​ចូល​រួម​នៅ​ក្នុង​ពិធី​នៅ ខេត្ត​រតនគិរី កាល​ពី​ម្សិល​មិញ។
ជន​ជាតិ​ដើម​ភាគ​តិច​ចូល​រួម​នៅ​ក្នុង​ពិធី​នៅ ខេត្ត​រតនគិរី កាល​ពី​ម្សិល​មិញ។ ហេង ជីវ័ន
លោក នួន ម៉ុល អាយុ ៥៣​ឆ្នាំ តំណាង​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ​ទាំង​ប្រាំ​នេះ បាន​ប្តេជ្ញា​ថែរក្សា និង​ការ​ពារ​តំបន់​ទាំង​នោះ ដោយ​បន្ត​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កំពុង​កើត​មាន​នៅ​ទីនោះ។ ព្រៃ​ឈើ​នៅ​តំបន់​កន្ទុយ​នាគ​បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​ស្ទើរ​គ្មាន​សល់ ចាប់​តាំង​ពី ឆ្នាំ​២០០៤ មក។ លោក នួន ម៉ុន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ បទ​ល្មើស​ព្រៃ​ឈើ ក្នុង​សហគមន៍​នៃ​ឧទ្យាន​ជាតិ វីរជ័យ នៅ​តែ​បន្ត​កើត​មាន។
លោក​ថ្លែង​ថា៖ «ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​នៅ​ជាប់​នឹង​ដី​សហគមន៍​បាន​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។ លើស​ពី​នោះ មាន​ឈ្មួញ​ទិញ​ម៉ាស៊ីន​អារ​ឈើ​ជាង ១០ គ្រឿង​ឲ្យ​ពលរដ្ឋ​ខ្លះ​ចូល​កាប់​ឈើ​យក​ទៅ​លក់​ឲ្យ​ពួក​គេ»។
ឧទ្យាន​ជាតិ​វីរជ័យ មាន​ព្រំ​ប្រទល់​ជាប់​នឹង ប្រទេស​វៀតណាម ហើយ​បើ​យោង​តាម​ឯកសារ​អង្កេត​មួយ​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​អង្គការ អាដហុក កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា មាន​ជន​ជាតិ វៀតណាម ជាច្រើន​បាន​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​នៅ​ឧទ្យាន​នេះ ចាប់​តាំង​ពី ឆ្នាំ​២០០៤ មក។
ការ​អង្កេត​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ជន​ល្មើស​ដែល​កាប់​ឈើ​ជា​ជន​ជាតិ វៀតណាម បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ និង​រថយន្ត​ជាច្រើន​គ្រឿង ហើយ​មន្រ្តី​អភិរក្ស មិន​អាច​ទប់​ស្កាត់​បាន​ទេ ដោយ​សារ​តែ​មាន​គ្នា​តិច​ពេក»។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ចំនួន ៤ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​កន្ទុយ​នាគ មាន​ដូច​ជា​ក្រុមហ៊ុន ទ្រី ភាព អាន ម៉ាឌី ក្រុម​ហ៊ុន វៀតណាម ក្រុង​ប៊ុក និង​ក្រុមហ៊ុន​ចិន ជីង​ចុង​តាន។
លោក​បញ្ជាក់​ថា៖ «អស់​ហើយ​ឈើ​គ្រញូង​នៅ វីរជ័យ នេះ។ ឥឡូវ​ចាប់​ផ្តើម​កាប់​ឈើ​ប្រភេទ​មាន​តម្លៃ​ផ្សេង​ទៀត​ក៏​ជិត​អស់​ដែរ ដោយ​សារ​តែ​អសមត្ថភាព និង​ការ​បណ្តែត​បណ្តោយ​ឲ្យ​បទ​ល្មើស​កើត​ឡើង របស់​មន្រ្តី​អភិរក្ស​បរិស្ថាន»។
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក សាយ សំអាល់ ថ្លែង​ថា ក្រសួង កំពុង​តែ​រក​វិធានការ​ទប់​ស្កាត់។ លោក​រដ្ឋ​មន្រ្តី​បន្ត​ថា៖ «វា​ជា​បញ្ហា​មួយ​ដែល​មិន​ងាយ​ស្រួល​ទេ វា​ពិបាក។ យើង​កំពុង​រិះរក​មធ្យោបាយ​និង​រៀបចំ​ផែនការ​មួយ​ចំនួន ចំពោះ​រឿង​នេះ តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​នៅ​ពេល​នេះ»៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567